សាលា​ក្ដី​ខ្មែរ​ក្រហម​ផ្អាក​សវនាការ​១០​ថ្ងៃ​ទុក​ពេល​ត្រៀម​សួរ​សាក្សី​សំខាន់​ក្នុង​រឿង​មន្ទីរ​ស-២១

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម សម្រេច​ផ្អាក​សវនាការ​នៅ​រសៀល​ថ្ងៃ​ទី​២៣ ឧសភា រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​២ មិថុនា។ ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ប្រកាស​ថា ការ​ផ្អាក​សវនាការ​រយៈពេល ១០​ថ្ងៃ គឺ​ទុក​ពេល​ត្រៀម​សម្រាប់​សួរ​សាក្សី​សំខាន់​ក្នុង​រឿង​មន្ទីរ «-២១»

ការ​ប្រកាស​សេចក្ដី​សម្រេច​ផ្អាក​សវនាការ​ដោយ​លោក​ចៅក្រម និល ណុន គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង ពិចារណា​លើ​សំណើ​សុំ​របស់​ភាគី​ការពារ​ក្ដី​ជន​ជាប់​ចោទ ដែល​សុំ​ពេលវេលា​បន្ថែម ៣​សប្ដាហ៍​សម្រាប់​ត្រៀម​ខ្លួន​សួរ​ដេញដោល​សាក្សី​សំខាន់​មួយ​រូប ទាក់ទង​នឹង​អង្គ​ហេតុ​ឧក្រិដ្ឋកម្ម​នៅ​មន្ទីរ «-២១»

លោក​ចៅក្រម និល ណុន ថ្លែង​ថា «សហ​មេធាវី​ការពារ​ក្ដី នួន ជា សុំ​ផ្អាក​សវនាការ​ដើម្បី​ខ្លួន​មាន​សមត្ថភាព និង​លទ្ធភាព​ពេញលេញ​ក្នុង​ការ​ពិនិត្យ​ភស្តុតាង​ថ្មីៗ និង​មាន​ចំនួន​ច្រើន ដើម្បី​ជា​មូលដ្ឋាន​ពិភាក្សា​ដេញដោល ប្រើប្រាស់​នៅ​ក្នុង​ការ​សួរ​ដេញដោល​សាក្សី ដែល​មាន​លក្ខណៈ​សំខាន់​នៅ​ក្នុង​សំណុំ​រឿង ០០២ ស្លាស់ ០២ (002/02) នៅ​ក្នុង​អង្គ​ហេតុ​មន្ទីរ​សន្តិសុខ ស-២១ និង​អង្គ​ហេតុផ្សេងៗ​ទៀត​ដែល​មាន​ការ​ពាក់ព័ន្ធ និង​សេសសល់​នៅ​ក្នុង​សំណុំ​រឿង ០០២ ហើយ​បន្ទាប់​ពី​អង្គ​ជម្រះ​បាន​ទទួល​សំណើ​សុំ​របស់​ភាគី​សុំ​ឲ្យ​អង្គ​ជម្រះ​រៀបចំ​កាលវិភាគ​សវនាការ​ឡើង​វិញ ដើម្បី​បន្ថែម​ពេលវេលា​សម្រាប់​ការ​រៀបចំ​របស់​ខ្លួន អង្គ​ជម្រះ​សម្រេច​ផ្អាក​សវនាការ​ថ្ងៃ​នេះ​ត្រឹម​នេះ រហូត​ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ២០១៦»

លោក​ចៅក្រម និល ណុន បញ្ជាក់​ដែរ​ថា ការ​ផ្អាក​នេះ​ក៏​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គ​ជំនុំ​ជម្រះ​បាន​ទទួល​សំណើ​សុំ​របស់​ភាគី​ក្នុង​សំណុំ​រឿង ដែល​សុំ​ឲ្យ​អង្គ​ជម្រះ​រៀបចំ​កាលវិភាគ​សវនាការ​ឡើង​វិញ ដើម្បី​បន្ថែម​ពេលវេលា​សម្រាប់​ការ​រៀបចំ​របស់​ខ្លួន​ធ្វើ​សវនាការ​បន្តបន្ទាប់។

សវនាការ​បន្ត​ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ មិថុនា លោក​ចៅក្រម និល ណុន ឲ្យ​ដឹង​ថា អង្គ​ជំនុំ​ជម្រះ​នឹង​ស្ដាប់​សាក្សី​មួយ​រូប ដែល​គ្រប់​ភាគី​ចាត់​ទុក​ថា​ជា​សាក្សី​សំខាន់ ទាក់ទង​នឹង​អង្គ​ហេតុ​មន្ទីរ​សន្តិសុខ «-២១» ឬ​គុក​ទួល​ស្លែង។ អង្គ​ជំនុំ​ជម្រះ​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​សាក្សី​រូប​នេះ​នៅ​ឡើយ​ទេ គឺ​មាន​តែ​ឈ្មោះ​ជា​លេខ​កូដ​ថា 2-TCW-816

លោក​ចៅក្រម និល ណុន ថ្លែង​ថា «ហើយ​រយៈពេល​នៃ​ការ​ស្ដាប់​សាក្សី​រូប​នេះ គឺ​ពន្យារ​ពេល​ពីថ្ងៃ​ទៅ​ដល់​បី​ថ្ងៃ ហើយ​អង្គ​ជម្រះ​ក៏​មាន​គម្រោង​ប្រើប្រាស់​ពីរ​វគ្គ​នៃ​ថ្ងៃ​សវនាការ ដើម្បី​តាំង​សំណួរ​ដេញដោល​ចំពោះ​សាក្សី​រូប​នេះ​ផង​ដែរ។ ហេតុ​ដូច្នេះ អង្គ​ជម្រះ​ច្រាន​ចោល​នូវ​សំណើ​ដែល​ភាគី​មាន​ជម្រើសនានា​របស់​ភាគី​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ហើយ​បញ្ហា​ផ្សេង​ទៀត​ដែល​មិន​ទាន់​បាន​សម្រេច រួម​មាន​សំណើ​សុំ​ទទួល​យក​ឯកសារ​ថ្មីៗ​ជា​ឯកសារ​ភស្តុតាង អង្គ​ជម្រះ​នឹង​ត្រូវ​សម្រេច​លើ​បញ្ហា​នេះ​ក្នុង​ពេល​ឆាប់ៗ​សមស្រប​ខាង​មុខ​នេះ»

បន្ទាប់​ពី​សាក្សី 2-TCW-816 អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង គ្រោង​ធ្វើ​សវនាការ​សួរ​ដេញដោល​លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែល​ជា​អតីត​ប្រធាន​មន្ទីរ​សន្តិសុខ «-២១» ឬ​គុក​ទួល​ស្លែង។ លោក ឌុច នឹង​ត្រូវ​ឡើង​មក​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​សំណុំ​រឿង ០០២ វគ្គ ២ ប្រឆាំង​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ដែល​អតីត​ជា​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

លោក ឌុច កំពុង​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​នៅ​ក្នុង​សំណុំ​រឿង ០០១ បន្ទាប់​ពី​សាលា​ក្ដី​ខ្មែរ​ក្រហម រក​ឃើញ​ថា ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​ការ​សម្លាប់​អ្នក​ទោស​ជាង ១​ម៉ឺន ២​ពាន់​នាក់ (១២.២៧២​នាក់) នៅ​មន្ទីរ​សន្តិសុខ «-២១» ក្នុង​របប​ខ្មែរ​ក្រហម​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។

សាក្សី 2-TCW-816 និង​សាក្សី ឌុច គឺ​ជា​សាក្សី ២​នាក់​ចុង​ក្រោយ​ពាក់ព័ន្ធ​នឹង​មន្ទីរ​សន្តិសុខ «-២១» នៅ​ក្នុង​សំណុំ​រឿង ០០២ វគ្គ ២។ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង ក៏​មាន​ឯកសារ​ថ្មី​ទៀត​ទាក់ទង​នឹង​បញ្ជី​ឈ្មោះ​អ្នក​ទោស​នៅ​មន្ទីរ​សន្តិសុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។