អង្គការ​លីកាដូ​នឹង​ចេញ​ផ្សាយ​ជីវប្រវត្តិ​មន្ត្រី​សិទ្ធិ​មនុស្ស​៤​នាក់​និង​គ.ជ.ប​ម្នាក់​នៅ​ថ្ងៃ​ទី​២៤​ឧសភា

អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា លីកាដូ (LICADHO) នឹង​ចេញ​ផ្សាយ​ជីវប្រវត្តិ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស ៤​នាក់​របស់​សមាគម​អាដហុក (ADHOC) និង​អគ្គលេខាធិការ​រង គ..ប ម្នាក់​ទៀត កំពុង​ជាប់​ពន្ធនាគារ​នោះ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៤ ឧសភា។

អ្នក​ទាំង ៥​រូប ត្រូវ​តុលាការ​ចោទ​ប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​ពី​បទ​សូកប៉ាន់​សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី​តាម​បណ្ដឹង​របស់​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ទាក់ទង​នឹង​ករណី​សំណុំ​រឿង​អាស្រូវ​ស្នេហា​ជាមួយ​អនុប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។

អនុប្រធាន​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​លីកាដូ លោក គឹម សាន ថ្លែង​ថា សាធារណជន​នឹង​បាន​ឃើញ​ប្រវត្តិរូប​សង្ខេប រួម​ទាំង​សារ​របស់​គ្រួសារ​សាច់ញាតិ​របស់​អ្នក​ទាំង ៥​រូប​នៅ​ក្នុង​ការ​ចងក្រង​ឯកសារ​នេះ នៅ​លើ​គេហទំព័រ​នៃ​អង្គការ​លីកាដូ។ លោក​បន្ត​ថា មូលហេតុ​ដែល​អង្គការ​លីកាដូ រៀបចំ​ឯកសារ​នេះ គឺ​ដោយសារ​ករណី​នេះ ប្រជាពលរដ្ឋ​កំពុង​ភ្ញាក់​ផ្អើល និង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ហើយ​ចង់​ដឹង​ចង់​ឮ​ពី​ជីវប្រវត្តិ​របស់​អ្នក​ទាំង ៥​រូប។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ ឲ្យ​ដឹង​ថា គម្រោង​ការ​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ទាំង ៥​នាក់ ដែល​អង្គការ​សង្គម​ស៊ីវិល​ជាតិ-អន្តរជាតិ និង​មជ្ឈដ្ឋាន​សាធារណៈ ចាត់​ទុក​ថា​ជា​ការ​ចោទ​ប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌។ ការ​ចេញ​ផ្សាយ​ឯកសារ​ចងក្រង​នេះ ស្រប​ពេល​ដែល​អង្គការ​សង្គម​ស៊ីវិល សហគមន៍​មាន​ជម្លោះ​ដីធ្លី បន្ត​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ជួប​ជុំ​សម្ដែង​មតិ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំង ៥​នាក់​នេះ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។