ការ​សម្រេច​ចិត្ត​របស់​គាត់​ ​គឺ​​គ្រោះ​ថ្នាក់​​​ហើយ​

ខេត្តស្ទឹងត្រែង ​៖ បុរស​ម្នាក់​ក្នុង​ចំ​ណោ​ម​​៣​​នាក់​ស្លាប់​ ​បន្ទាប់​ពី​​ជួប​​ឧប្បត្ត​ហេតុ​បាក់​​ដី​​អូរមួយ​កន្លែង​​ពេល​មាន​​ធ្លាក់​ភ្លៀង​​ខ្លាំង​​ជន់​​​លិច​ ​​ហើយ​​ពួក​គេ​​ព្យាយាម​សែង​ម៉ូតូឆ្លងអូរនោះ​​​ កាលពី​​វេលា​យប់​ថ្ងៃ​ទី​២២​ ឧសភា ២០១៦​ ស្ថិត​ចំណុច​អូរ​ត្រ​​នែ​ល ក្នុ​ង​ភូមិ​ញ៉ា​ង​ស៊ុម ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង ​។

​ប្រភពឱ្យ​ដឹងថា ​នៅ​​យប់​កើតហេតុ​ មេឃ​​​ធ្លាក់​ភ្លៀង​​មួយ​មេ​ធំ​ បង្ក​ឱ្យ​​មានទឹក​​ជន់​លិច​អូរ ខណៈ​នោះ​​មាន​​បុរស​៣​នាក់​ ​​ធ្វើ​ដំណើរ​​រួម​គ្នា​ ជាមួយ​មធ្យោបាយ​ម៉ូតូមួយ​គ្រឿង​ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ​ក៏​សម្រេចចិត្ត​សែង​​​ម៉ូតូ​កាត់​ទឹកអូរ​ ដើម្បី​បន្តដំណើរ​ទៅ​ផ្ទះ​ ។ សែង​​ម៉ូតូ​​មក​ដល់​​កណ្តាល​អូរ ស្រាប់តែ​​ដី​​​បាក់​ស្រុត​បណ្តាល​ឱ្យ​​ទឹកកួច​​​យក​ម៉ូតូ​ និង​ជន​រង​គ្រោះ​ម្នាក់​ទៅ​​បាត់ ចំណែក​២​​នាក់​ទៀត​ ​បាន​ហែល​ទឹក​រួច​ផុត​ពី​ទឹក​កួច ​។

​មន្ត្រី​​ប៉ុស្តិ៍​​ឃុំ​ថ្មកែវ​បានឱ្យ​​ដឹង​ថា ​ជន​រង​គ្រោះ​ទាំង៣​នាក់១-​​ឈ្មោះតន់ និ​ត ​អាយុ​៣០​ឆ្នាំ​ (ស្លាប់) ២-​ឈ្មោះ​​អ៊ិ​ន លូ ​អាយុ​២៣​ឆ្នាំ ៣-​ឈ្មោះ​ខាំ ប៊ិ​ន​ឡូ ​​អាយុ​២០​ឆ្នាំ ​(ទាំង២នាក់រួួចផុតពីគ្រោះថ្នាក់​) ​​ទាំង​៣នាក់មានទីលំ​​នៅ​ភូមិ​ពង​ក្រៀល ឃុំ​ព្រែក​មាស ស្រុក​សៀម​ប៉ា​ង ​។

​​លុះ​​នៅ​ព្រឹក​ឡើង​​ទី​២៣​ ឧសភា​ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្មកែវ រួម​សហការ​ជាមួយ​កម្លាំង​នគរបាល​ឃុំ​ព្រែក​មាស កម្លាំង​កង​រាជអាវុធហត្ថ​ស្រុក​សៀម​ប៉ា​ង កម្លាំងយោធា​សឹក​​រង​ស្រុក ព្រមទាំង​គ្រួសារ​ជន​រង​គ្រោះ​ បាន​នាំគ្នា​ទៅ​ដល់​កន្លែង​កើត​ហេតុ និង​ចុះ​រាវរក​ជន​រង​គ្រោះ​និង​ម៉ូតូ ។ ជាក់ស្តែង ​ការ​ចុះ​រាវរក​នោះ​ ត្រូវ​បាន​អូស​បន្លាយពេល​យ៉ាង​យូរ​ហូត​ដល់​រសៀល​ថ្ងៃ​ដដែល​ទើប​រក​ឃើញ​ម៉ូតូ ​ចំណែក​សព​ជន​រង​គ្រោះ​ បាន​រក​ឃើញ​​នៅ​ចម្ងាយ​ជាង​៥០០​ម៉ែត្រ ពី​កន្លែង​កើតហេតុ ​។