វិធានការទប់​ស្កាត់រថយន្តធុនធំ​និងដឹកសំពីង​សំពោង​មាននៅតែលើបបូរមាត់

រាជធានីភ្នំពេញ ៖ ​រថយន្តធុនធំនិងរថយន្តដឹក​សំពីងសំពោងបើកឆ្លងកាត់​និងចេញចូលរាជធានី​ភ្នំពេញ​អំឡុងពេលម៉ោងហាមឃាត់​នៅតែត្រូវបាន​អ្នក​ធ្វើដំណើរតាមដងផ្លូវឃើញ​កើតមានដដែល ​បើទោះបីជាមន្រ្តី​អាជ្ញាធរអះអាង​ថានឹងទប់ស្កាត់មិនឲ្យ​មាននៅ​ក្នុង​ឆ្នាំ២០១៦នេះក្តី ។

ជាក់ស្តែងរថយន្តកូរ៉េចំណុះ១.​៥តោន​ ដែលគេសង្ស័យដឹកកាកសំណល់​ (អេតចាយ) ​បានបើកកាត់ចេញ​ចូលតាមផ្លូវ២៧១ នាព្រឹក​​ថ្ងៃទី២៤ ​ឧសភា ២០១៦ ​ដោយមិនឃើញសមត្ថកិច្ច ​ជាពិសេសប៉ូលិស​ចរាចរណ៍ហាមឃាត់ឡើយ ។

ក្រៅពីរថយន្ត​ដឹកសំពីងសំពោង​ក៍គេឃើញមានរថយន្តកុងតឺន័រ​និងរថយន្តធុនធំជា​ច្រើនទៀតក៍បានបើកឆ្លងកាត់​​ចេញចូលក្នុង​រាជធានីភ្នំពេញក្នុង​ម៉ោងហាមឃាត់ផងដែរ​ បង្កឲ្យមានការកក​ស្ទះចរាចរណ៍ជាញឹកញាប់​ ពិសេសផ្លូវ២៧១​ ៣៧១​ ផ្លូវចំការដូង ផ្លូវវេងស្រេង(ចោមចៅ) ​ផ្លូវជា សុផារ៉ា ផ្លូវម៉ៃដា​ ផ្លូវ២០០៤​ ផ្លូវហាណូយ ផ្លូវជាតិលេខ(ចាក់អង្រែ)​ ចំណុចរង្វង់មូលជ្រោយ​ចង្វារ​ប៉ែកខាងលិច ​និងកំណាត់ផ្លូវជាតិ​លេខ៥​​ក្នុងភូមិសាស្រ្តគីឡូម៉ែត្រ​លេខ៦ជាដើម ។

កាលពីពេលថ្មីៗនេះ​ អភិបាលនៃគណៈអភិបាល​រាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ​បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា ​សាលា​រាជធានីភ្នំពេញ​នឹងចាត់វិធានការ​ទប់ស្កាត់រថយន្តធុនធំ​និងដឹកសំពីងសំពោងបើក​ចេញចូលក្នុងក្រុងអំឡុង​ពេលម៉ោង ហាមឃាត់​(៥និង៣០នាទីព្រឹកដល់ម៉ោង៩យប់)​ ឲ្យខានតែបាន​នៅឆ្នាំ២០១៦នេះ ​ប៉ុន្តែមកដល់ពេលនេះ​មានរយៈពេល​ជិតកន្លះឆ្នាំហើយ វិធានការខាងលើ​ត្រូវបានក្រុមប្រជាពលរដ្ឋ ​និងអ្នកតាមដានស្ថាន​ការណ៍សង្គមមួយចំនួននិយាយ​រិះគន់ថាគ្មានប្រសិទ្ឋភាព ហើយថា​គ្មានអ្វីប្លែក​ ព្រោះមិនមែនជា​លើកទី១ទេដែលសាលារាជធានីភ្នំពេញប្រកាស ​ឬដាក់ចេញវិធានការ ​ឬសេចក្តីជូនដំណឹង​នេះសេចក្តីជូនដំណឹងនោះ​ ​គឺរាប់ភ្លេចទៅហើយ​ តែសំខាន់និយាយ​បាន​ត្រឹមតែនិយាយ ​វិធានការនៅ​លើតែក្រដាស​និងបបូរមាត់ ឯសកម្មភាព​របស់​ក្រុមបំពាន​ច្បាប់នៅតែដដែល ៕