សាហាវ​ណាស់ ! កាប់​ប្អូន​ខ្លួនឯង​មិន​បាន កាប់​អ្នក​ផ្សេង​ជំនួស

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​ទាញ​ពូថៅ​ដេញ​កាប់​ប្អូនប្រុស​របស់​ខ្លួន​ដោយសារ​តែ​ទំនាស់​ពាក្យ​សំដី​គ្នា តែ​កាប់​មិន​ត្រូវ តែ​ដោយសារ​ខឹង​ខ្លាំង​ពេក​បុរស​ជា​បង​បាន​កាប់​បុរស​ម្នាក់​ផ្សេង​ទៀត​ដែល​នៅ​ក្បែរ​នោះ​២​ពូថៅ​បណ្ដាល​ឲ្យ​របួសធ្ងន់ ។ ហេតុការណ៍​នេះ​កើត​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ក្នុងភូមិ​ចំការ​ចេក សង្កាត់​អូរ​ស្នាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឡេ​ង សុភ​ក្រ័ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជាងក្រឡឹង រីឯ​ជន​ដៃដល់​ឈ្មោះ ឈឿ​ន សុខា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​អ្នក​រត់​ម៉ូតូឌុប ទាំង​២​នាក់​នេះ​រស់នៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ ។

សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឮ​សម្លេង​បងប្អូន​២​នាក់​ឈ្លោះប្រកែក​គ្នា​ពី​រឿង​បាត់​សាច់​ជ្រូក​ដែល​ហាល​នៅ​សំ​យ៉ាប​ផ្ទះ ឈ្មោះ ឈឿ​ន សុខា ជា​បង​បាន​សួរ​ប្អូន​ថា សាច់​ជ្រូកបា​ត់ទៅ​ណា ហើយ​ប្អូន​បាន​ឆ្លើយ​ថា ខ្ញុំ​មិនដឹង​ទេ ភ្លាម​ៗ​នោះ​បុរស​ជា​បង​បាន​ទាញ​ពូថៅ​ដេញ​កាប់​ប្អូន តែ​សំណាងល្អ ប្អូន​បាន​ផ្លោះ​របង​ផុត​ទៅ​បាត់ តែ​មិនដឹង​ជា​យ៉ាងម៉េច​បានជា​ជន​ដៃដល់​ទៅ​កាប់​អ្នក​រស់នៅ​ជិតខាង​ដែល​កំពុង​ឈរ​ក្រឡឹង​ដែក​ចំនួន​២​ពូថៅ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ទៅ​វិញ ។

លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​ស្មាច់​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កើតហេតុ​ណ៍​លោក​បាន​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ​នឹង​ធ្វើការ​ឃាត់ខ្លួន​ជន​ដៃដល់​នាំ​យក​មក​ប៉ុ​ស្គិ៍​ដើម្បី​សាកសួរ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​នៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​អូរ​ស្មាច់ ។ លោក​មេ​ប៉ុស្តិ៍​បញ្ចា​ក់ថា នា​ព្រឹក​ថ្ងៃ​ទី​២២​ឧសភា​នេះ​លោក​បាន​បញ្ជូន​ជន​ដៃដល់​រូប​នេះ​ទៅ​អធិការ​ក្រុង​សំរោង​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ៕