ជន​ដៃដល់​ញៀន​ថ្នាំ​ពិតជា​សាហាវ​មែន !

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាង​ប៉ះ​កង់​ម៉ូតូ​ម្នាក់​រង​របួស​បែកក្បាល​ហូរ​ឈាម​ពេញ​មុខ​ពេញ​ខ្លួន បានរ​ត់ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​អោយ​ជួយ​អន្តរាគមន៍ បន្ទាប់​ពី​មាន​ក្មេង​ញៀន​ថ្នាំ​ម្នាក់​វាយ​គាត់​កាលពី​ម៉ោង​៩ និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​រោង​ប៉ះ​កង់​តាម​បណ្តោយ​ផ្លូវជាតិ​៤ កែង​ផ្លូវ​ចូល​អូរ​ដឹ​ម​កប់​ស្រូវ ស្ថិត​ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ពេល​កំពុង​ប៉ះ​កង់​ឲ្យ​គេ ។

បុរស​រង​គ្រោះ​នេះ​មានឈ្មោះ ប៉ាច ហាច អាយុ​៥០​ឆ្នាំ ស្នាក់​នៅ​ខ្ទម​ប៉ះ​កង់​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់ និង​ជន​ដៃដល់​ជា​មនុស្ស​ញៀន​ថ្នាំ​បាន​ចូល​ទៅ​អង្គុយ​និយាយ​គ្នា​នៅ​កន្លែង​ប៉ះ​កង់ និយាយ​ចុះ​និយាយ​ឡើង​ឈាន​ចូល​ដល់​រឿង​ជន​ដៃដល់​ជំពាក់​លុយ​គាត់ រហូត​ដល់​ប្រកែក​គ្នា​ទៅ​មក ឈាន​ដល់​ប្រើ​អំពើ​ហិង្សា តែ​ដោយ​គាត់​ជា​មនុស្ស​ចាស់​គ្មាន​កម្លាំង​តបត​ជាមួយ​ជនល្មើស​ជា​ក្មេង​ពេញកម្លាំង ទើប​ជន​ដៃដល់​បាន​យក​ដំបង​ឈើ​ជ្រុង​មក​សំពង​ក្បាល​គាត់​ជា​ច្រើន​ដំបង បណ្តាល​អោយ​បែកក្បាល​ហូរ​ឈាម​កក្លាក់​ស្រោច​ពេញ​មុខ ហើយ​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​អោយ​ជួយ​អន្តរាគមន៍ ពេល​មក​ដល់​ប៉ុស្តិ៍​សមត្ថកិច្ច​ឃើញ​ហូរ​ឈាម​ពេញ​មុខ​សភាព​របួស​ធ្ងន់ធ្ងរ​ពេក លោកនាយ​ប៉ុស្តិ៍​អោយ​កូនចៅ​ដឹក​បុរស​រង​គ្រោ​ទៅ​ក្លី​និក​ឯកជន​ក្បែរ​ប៉ុស្តិ៍ តែ​ដោយ​របួសធ្ងន់​ពេក​ទើប​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ រង់ចាំ​ស្អែក​ចាំ​មក​ដាក់​ពាក្យបណ្តឹង​តាម​ក្រោយ ៕