កិច្ចប្រជុំ​ពិភាក្សា​អំពី​បញ្ហា​សំខាន់ៗ ដែល​ពាក់ព័ន្ធ​នឹង​ការសាងសង់ ច្រកព្រំដែន​អន្តរជាតិ​ថ្មី​ នៅ​ស្ទឹង​បត់​

កិច្ចប្រជុំ​ពិភាក្សា​អំពី​បញ្ហា​សំខាន់ៗ ដែល​ពាក់ព័ន្ធ​នឹង​ការសាងសង់ ច្រកព្រំដែន​អន្តរជាតិ​ថ្មី​ នៅ​ស្ទឹង​បត់​



ភ្នំពេញ​​ ៖​ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មការ​ អន្តរក្រសួង ស្ដីពី​ការ​បើក​ច្រកព្រំដែន​ថ្មី​នៅ ស្ទឹង​បត់ (ICONBSB) បាន​ដឹកនាំ​កិច្ចប្រជុំ ICONBSB នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ការ​ដឹកជញ្ជូន កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៦។

កិច្ចប្រជុំ​នេះ​បាន​ពិភាក្សា​អំពី​បញ្ហា​សំខាន់​ៗ ដែល​ពាក់ព័ន្ធ​នឹង​ការសាងសង់ ច្រកព្រំដែន​អន្តរជាតិ​ថ្មី​នៅ​ស្ទឹង​បត់​។​ កិច្ចប្រជុំ​នេះ​បាន​ពិនិត្យមើល​នូវ​សេចក្ដីព្រាង អនុស្សរណៈ នៃ​ការយោគយល់ ដែល​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​ចុងក្រោយ នៅ​ទីក្រុង​បាងកក រវាង​គណៈប្រតិភូ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​នាយកដ្ឋាន​ផ្លូវ​ហាយវ៉េ របស់​ក្រសួង​ដឹកជញ្ជូន​នៃ​ព្រះ​រាជា​ណា​ចក្រ​ថៃ​។​

ការសាងសង់​ច្រកព្រំដែន​នៅ​ស្ទឹង​បត់​នេះ អាច​ធ្វើ​ទៅ​បាន ក្រោម​ការ​ផ្តល់​ប្រាក់កម្ចី​សម្បទាន ដោយ​រដ្ឋាភិបាល​ថៃ ឯ​ចំណែក​ស្ពាន​ឆ្លងស្ទឹង​បត់ កសាង​ឡើង​ក្រោម​ថវិកា ចំណាយ​ដោយ​រាជរដ្ឋាភិបាល​ថៃ​។

ច្រកព្រំដែន​ថ្មី​នេះ​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់ ដើម្បី​ជួយ​សម្រួល​ចរាចរ របស់​រថយន្ត​ដឹកទំនិញ​ឆ្លង​កាត់ រវាង​កម្ពុជា និង​ថៃ និង​ជួយ​កាត់បន្ថយ​ការ​កកស្ទះ នៅ​ច្រកព្រំដែន​ប៉ោយប៉ែត​នា​ពេល​បច្ចុប្បន្ន​។​

ចុងបញ្ចប់​នៃ​ការពិភាក្សា​ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​បាន​ជំរុញ​ឲ្យ​ក្រុមការងារ បញ្ជូន​សេចក្ដីព្រាង​អនុស្ស​រណៈ​នៃ​ការយោគយល់ ដែល​បាន​កែសម្រួល​រួច​ទៅ​ភាគី​ថៃ ធ្វើការ​ពិនិត្យ​មុន​ពេល​ចុះហត្ថលេខា រវាង​រដ្ឋាភិបាល​ទាំងពីរ ដើម្បី​ចាប់ផ្ដើម​ការសាងសង់​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​៕