​នគរបាល​ក្រសួងមហាផ្ទៃ ​បាញ់​បោះ​សេរី​ពេល​ស្រវឹង ត្រូវបានដោះលែង​

​នគរបាល​ក្រសួងមហាផ្ទៃ ​បាញ់​បោះ​សេរី​ពេល​ស្រវឹង ត្រូវបានដោះលែង​



ខេត្តកណ្ដាល ៖ នាយ​នគរបាល​ពាក់​ស័ក្ដិ​បី​មួយ​រូប​ បម្រើ​ការងារ​នៅ​អង្គភាព​នាយកដ្ឋាន​រដ្ឋ​បាល​សរុប​​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដែល​ធ្វើ​សកម្មភាព​បាញ់​បោះ​សេរី ពេល​ស្រវឹង ផ្គើន​នឹង​គោលនយោបាយ​ ភូមិ​ឃុំ​មាន​សុវត្ថិភាព ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាពវិញហើយ។

មន្ត្រី​តុលាការ​ខេត្ត​កណ្ដាល ថ្លែង​ថា ជន​បាញ់​បោះ​សេរី​រូប​នេះ ពុំ​ត្រូវ​បាន​បញ្ជូន​មក​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​នោះ​ទេ។​ ប្រភព​ព័ត៌មាន បញ្ជាក់​ថា ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធ​ហត្ថ​ស្រុក​កៀនស្វាយ ធ្វើការ​ដោះលែង ក្រោយ​អង្គភាព​សាម៉ី ធានា​ធ្វើ​កិច្ចសន្យា​អប់រំ។

ហេតុការណ៍​បាញ់​បោះ​សេរី​នេះ កើតឡើង កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៦​នៅ​ចំណុច​ចំការ​ស្វាយ​ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​បង្ក​ឈ្មោះ​ឡេង សុជាតិ អាយុ ៣៣ ឆ្នាំ​ជា​មន្ត្រី​នគរបាល​មាន​ឋានន្តរ​សក្ដិ​ថ្នាក់​អនុសេនីយ៍ឯក អត្តលេខ​71985 បម្រើការ​នៅ​អង្គភាព នាយកដ្ឋាន​រដ្ឋបាល​សរុប នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ក្រសួងមហាផ្ទៃ។

សមត្ថកិច្ច​បន្ត​ថា សម្ភារៈ​ចាប់​យក​មាន អាវុធ​ខ្លី​ម៉ាក​ BERTTA​ លេខ​ PX5341M ផលិត​នៅ​ប្រទេស​អុី​តា​លី​ បង់​មួយ​មានគ្រាប់​១៥​គ្រាប់​ នឹង​សំបក​កា​ទុ​ស​បាញ់​រួច​អស់​ចំនួន​៩​គ្រាប់​ លិខិត​បេសកកម្ម ​000454 ប័ណ្ណ​ប្រើប្រាស់​លេខ ខ អ​ 9 04365 អត្តសញ្ញាណប័ណ្ណ នគរបាល​ជាតិ​១​សន្លឹក៕