ក្រុម​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដង្កោ ​នាំគ្នា​ដោះ​សំលៀកបំពាក់​តវ៉ា​ ខណៈ​ឭ​លោក​អភិបាលខណ្ឌ​បន្ថែម​ម៉ោង​ធ្វើការ​

ក្រុម​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដង្កោ ​នាំគ្នា​ដោះ​សំលៀកបំពាក់​តវ៉ា​ ខណៈ​ឭ​លោក​អភិបាលខណ្ឌ​បន្ថែម​ម៉ោង​ធ្វើការ​



ភ្នំពេញ ៖ ក្រុម​សណ្ដាប់ធ្នាប់​ប្រចាំ​សាលា​ខណ្ឌ​ដង្កោ​ជាច្រើន​នាក់ ​កើតទុក្ខ​មិន​សុខ​ចិ​ត្ដ បាន​នាំគ្នា​ដោះ​សំលៀកបំពាក់​ តវ៉ា​នូវ​ការ​ចេញ​ច្បាប់​ថ្មី​របស់​លោក​អភិបាល​ខណ្ឌដង្កោ ដែល​តម្រូវឲ្យ​ពួកគាត់​ធ្វើការ​២៤​ម៉ោង លើ​២៤​ម៉ោង ចំណែក​បាយទឹក​ត្រូវ​ដោះស្រាយ​រៀងៗ​ខ្លួន​ទៀត ទើប​ពួកគាត់​ផ្ទុះ​ការ​តវ៉ា​តែម្តង​។

ហេតុការណ៍​កើតឡើង កាលពី​វេលា​ម៉ោង​៧ និង ៣០ នាទី ព្រឹក​ថ្ងៃទី​២៣ ខែ ឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​បរិវេណ​សាលា​ខណ្ឌ​ដង្កោ ផ្លូវ​២១៧ ភូមិ ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

បើ​តាម​ការ​រៀបរាប់​ពី​ក្រុម​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដង្កោ​ បាន​ឲ្យ​ដឹង​ថា កាលពីមុន​ពួកគាត់​ធ្វើការ ១​ថ្ងៃ សម្រាក ៣​ថ្ងៃ និង​ក្រោយមក​ធ្វើការ ១​ថ្ងៃ សម្រាក ២​ថ្ងៃ ព្រមទាំង​មាន​កន្លែង​សម្រាប់​ស្នាក់នៅ និង​មាន​របប​អាហារ​ហូបចុក​ចំនួន ២​ពេល ក្នុង​១​ថ្ងៃ ដើម្បី​ជួយ​សម្រួល​ដល់​ពួកគាត់ ​ដែល​មាន​លំនៅដ្ឋាន​ឆ្ងាយ​ពី​កន្លែងធ្វើការ​របស់​ពួកគាត់​។ ប៉ុន្តែ​ពេលវេលា​ធ្វើការ​នេះ មិនបាន​ថិតថេរ​នោះ​ទេ ក្រោយ​មក​ទៀត គឺ​ពួកគាត់​ធ្វើការ ១​ថ្ងៃ សម្រាក ១​ថ្ងៃ។ ដោយឡែក​សម្រាប់​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៦​នេះ ស្រាប់តែ​ឭ​លោក​អភិបាល​ខណ្ឌ​ដង្កោ បាន​ចេញ​នូវ​ច្បាប់​ថ្មី ដើម្បី​ឲ្យ​ពួកគាត់​អនុវត្តន៍​សាជាថ្មី ដោយ​តម្រូវ​ឲ្យ​កម្លាំង​សណ្ដាប់ធ្នាប់​ទាំងអស់ ត្រូវ​មក​ធ្វើការ​ជា​រៀងរាល់ថ្ងៃ ហើយ​មិន​អនុញ្ញាត​អោយ​បរិភោគ​អាហារ​នៅ​ទីនេះ​នោះ​ទេ ពោល​គឺ​ត្រូវ​ទៅ​បរិ​គោ​ភ​អាហារ​នៅផ្ទះ​រៀងៗ​ខ្លួន​ជា​រៀងរាល់​ថ្ងៃ។

ប្រភព​ដដែល​បាន​បន្ដ​ទៀត​ថា ​ដោយសារតែ​កត្តា​ទាំង​ប៉ុន្មាន​នេះ​ហើយ ​ទើប​ធ្វើ​ឲ្យ​ពួកគាត់​កើតទុក្ខ​មិន​សុខ​ចិ​ត្ដ ​នាំគ្នា​ដោះ​ឯកសណ្ឋាន​សន្តិសុខ ជូន​សាលា​ខណ្ឌ​វិញ ដោយ​ពួកគាត់ មិន​ព្រម​នៅ​ធ្វើ​បន្ដ​ទៀត​នោះ​ទេ​។

ក្រុម​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដង្កោ​ប្រាប់​បញ្ជាក់​ដឹង​ថា ក្រោយពី​មានការ​តវ៉ា​រយៈ​ពេល​ប្រហែល​៣០​នាទី ពួកគាត់​ក៏​យល់​ព្រម​ចូល​បម្រើ​ការងារ​ជា​ធម្មតា​វិញ ដោយ​ខាង​សាលា​ខណ្ឌ​យល់ព្រម​ទទួល​សំណើ​របស់​ពួកគាត់​ចំនួន ២​ចំណុច រួមមាន​ចំណុច​ទី​១ ពួកគាត់​ស្នើ​ឲ្យ​សាលា​ខណ្ឌ​យល់​ព្រម​ឲ្យ​ពួកគាត់​ចែក​ម៉ោង​ធ្វើការ ក្នុង​១​ថ្ងៃ ២៥​នាក់ ចំណែក​២៥​នាក់​ទៀត ឈប់សម្រាក ចំណុច​ទី​២ ពួក​គាត់​ស្នើឲ្យ​សាលា​ខណ្ឌ​យល់ព្រម​ផ្តល់​ថវិកា ១​ថ្ងៃ ៨​ម៉ឺន​រៀល សម្រាប់​ទិញ​ម្ហូបអាហារ​ហូបចុក​រយៈ​ពេល​២​លើក។

ពាក់ព័ន្ធ​ករណី​នេះ​លោក ប្រាជ្ញ សីហា អភិបាលរង​ខណ្ឌ​ដង្កោ​មិនបាន​ប្រាប់​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​ក្រុម​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដង្កោ​ផ្ទុះ​ការ​តវ៉ា​នោះ​ឡើយ ដោយ​លោក​គ្រាន់តែ​ប្រាប់​ថា ចំពោះ​ករណី​នេះ គឺ​ត្រូវ​បាន​បញ្ចប់​ហើយ ដោយ​បងប្អូន​ក្រុម​សណ្ដាប់ធ្នាប់​ សាលា​ខណ្ឌ​ដង្កោ​ទាំងអស់​ យល់ព្រម​ចូល​បម្រើការ​ងារ​វិញ​ធម្មតា​៕

ក្រុម​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដង្កោ ​នាំគ្នា​ដោះ​សំលៀកបំពាក់​តវ៉ា​ ខណៈ​ឭ​លោក​អភិបាលខណ្ឌ​បន្ថែម​ម៉ោង​ធ្វើការ​

ក្រុម​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដង្កោ ​នាំគ្នា​ដោះ​សំលៀកបំពាក់​តវ៉ា​ ខណៈ​ឭ​លោក​អភិបាលខណ្ឌ​បន្ថែម​ម៉ោង​ធ្វើការ​