ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​វៀតណាម ​នៅ​ថ្ងៃទី​៤ ខែមិថុនា​

ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​វៀតណាម ​នៅ​ថ្ងៃទី​៤ ខែមិថុនា​



ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៣ នឹង​ត្រៀម​ទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​នៅ​លី​គ​កំពូល​របស់​ប្រទេស​វៀតណាម (V-League) អំឡុងពេល​លី​គ​កំពូល​កម្ពុជា សម្រាក​ចាប់​នា​ដើមខែ​មិថុនាខាងមុខ​។

​ប្រភព​មកពី​ក្លិប​ក្នុង​លី​គ​កំពូល​របស់​កម្ពុជា មួយ​នេះ​បាន​លើកឡើងថា​ការប្រកួត​មិត្តភាព​នៅក្រៅ​ប្រទេស​នេះ គឺធ្វើឡើង​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ XSKT Cần Thơ ក្នុង​ទឹកដី​ខេត្ត​ Cần Thơ ដែល​ក្រុម​នេះ​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​៩ ក្នុង​ពានរង្វាន់​លី​គ​កំពូល​វៀតណាម បច្ចុប្បន្ន​។ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង នឹងធ្វើ​ដំណើរ​ទៅ​ថ្ងៃទី​២ ខែមិថុនា ស្របពេល​ការប្រកួត​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៦ លើ​ទីលាន​កីឡដ្ឋាន Cần Thơ Stadium​។

​ការប្រកួត​នេះ​នឹង​អវត្តមាន​កីឡាករ​សំខាន់ៗ​មួយចំនួន​ដូចជា សឿ​យ វិសាល​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, ណុប តុលា​, ហួយ ផល្លី​ន​, សំអឿន ពិដោរ​, នេន សុធា​រ័ត្ន​, សុក សំណាង ព្រោះ​ពូកគេ​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើម្បី​ត្រៀម​ចេញទៅ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​បឋម​នៃ​ពានរង្វាន់​បាល់ទាត់​ជើងឯក​ទ្វីបអាស៊ី (2019 AFC Asian Cup UAE) ជាមួយ​ក្រុម​កោះ​តៃវ៉ាន់ ជើង​ទី​១ នៅ​ថ្ងៃទី ២ ខែមិថុនា នៅ​តៃវ៉ាន់ និង​ជើង​ទី​២ នៅ​ថ្ងៃទី​៧ ខែមិថុនា នៅ​រាជធានី​ភ្នំពេញ​។​

​ចំណែក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង វិញ​កំពុង​ឈរ​លេខ​រៀង​ទី​៤ ក្នុងចំណោម​១០​ក្រុម​ក្នុង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ (Metfone Cambodian League 2016) មាន​១៣​ពិន្ទុ ក្រោយ​ឆ្លងកាត់​៨​ប្រកួត ឈ្នះ​៤ លើក​ស្មើ ១ លើក​និង​ចាញ់ ៣ លើក​។ ៨ ប្រកួត​មកនេះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ប្រកួត​ឈ្នះ​ក្រុម​មជ្ឍមណ្ឌល​កំចាត់មីន​ក​ម្ព​ជា ៦​ទល់​២ បន្ត​ឈ្នះ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ៦​ទល់​២ ក្រោយមក​បាន​ស្មើគ្នា​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ១​ទល់​១ ហើយ​បន្ត​ឈ្នះ​ក្រុម​ណាហ្គា​វើ​ល ២​ទល់​១ ហើយ​បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន​ភ្នំពេញ ៣​ទល់​១ ក្រសួងការពារជាតិ ៥​ទល់​១ បន្ត​ចាញ់​ក្រុម​ភ្នំពេញ​ក្រោ​ន ១​ទល់​០ និង​ចុងក្រោយ​ចាញ់​បឹងកេត​អង្គរ ៣​ទល់​១​។ ក្នុងចំណោម​គ្រាប់​បាល់ទាត់​ចូល​ទី​គូប្រកួត​ទាំង​៦ ប្រកួត​មកនេះ ក្នុង​នោះគេ​សង្កេតឃើញ​កីឡាករ Atuheire Kipson រក​គ្រាប់​បាល់​បាន​៧​គ្រាប់​ច្រើនជាង​មិត្ត​រួម​ក្រុម​ដទៃទៀត​។​

​សម្រាប់​ប្រកួត​បន្ទាប់​ព្រះខ័ន​រាជ​ស្វាយរៀង ក្នុង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ត្រូវ​ជួប​ក្រុម​អាស៊ី​អឺរ៉ុប លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃអាទិត្យ​ទី​១២​ខែមិថុនា ឆ្នាំ​២០១៦ ក្នុង​សប្ដាហ៍​ទី​៩៕

ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​វៀតណាម ​នៅ​ថ្ងៃទី​៤ ខែមិថុនា​