កម្ពុជា​ បើក​កិច្ចប្រជុំ​ ត្រៀម​រៀបចំ​កិច្ចប្រជុំ ធុរកិច្ច អាស៊ាន​-​ជប៉ុន លើក​ទី​៤២

កម្ពុជា​ បើក​កិច្ចប្រជុំ​ ត្រៀម​រៀបចំ​កិច្ចប្រជុំ ធុរកិច្ច អាស៊ាន​-​ជប៉ុន លើក​ទី​៤២



ភ្នំពេញ ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ និង​តំណាង​ពាណិជ្ជករ​មកពី​បណ្ដា​ប្រទេស​អាស៊ាន និង​ជប៉ុន បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កាល​ពី​ពេល​កន្លង​មក​នេះ ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ ធុរកិច្ច អាស៊ាន​-​ជប៉ុន លើក​ទី​៤២ (The Preparatory Meeting for the 42th ASEAN-Japan Business Meeting)​។​

កិច្ចប្រជុំ​នោះ​បាន​ធ្វើឡើង​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភូ​គី​ត្រា រៀបចំឡើង​ដោយ​ លោក Koichi Kaw​ana ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង ​ឧកញ៉ា Phu Sae Tong ប្រធាន​/​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អាន​កូ ប្រា​ឌ័​រ ខូ​អិ​ល​ធី​ឌី ក្រោម​អធិបតីភាព លោក ​កឹម ស៊ីថន រដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម​។​

នៅក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ លោក កឹម ស៊ីថន រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​លើក​ឡើង​អំពី​ស្ថានភាព​នយោបាយ សេដ្ឋកិច្ច ដែល​ស្ថិត​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេស​កម្ពុជា ទទួល​បាន​នូវ​កំណើនសេដ្ឋកិច្ច និង​ពិពិធ​កម្ម​ជាច្រើន​វិស័យ ក្នុង​នោះ​កម្ពុជា​បាន​ផ្តល់​នូវ​ឱកា​ស​ជាច្រើន​ សម្រាប់​វិនិយោគទុន​នា​ពេល​បច្ចុប្បន្ន​នេះ និង​អនាគត​។ ជាក់ស្តែង កម្ពុជា​ទទួល​បាន​នូវ​កំណើន សេដ្ឋកិច្ច​ជា​មធ្យម​ក្នុង​រង្វង់ ៧% សម្រាប់​រយៈពេល ១០​ឆ្នាំ​ចុងក្រោយ​(២០០៥-២០១៥)​។​

លោក ក៏បាន​លើកឡើង​អំពី​សមិទ្ធផល​មួយចំនួន ដែល​ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​ឲ្យ​ប្រើប្រាស់​តា​ម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​មាន​ដូចជា ​៖ (១)-​ការចុះបញ្ជី​ពាណិជ្ជកម្ម (២)-​ការ​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់ ប្រភព​ដើម​ទំនិញ និង​(៣)-​នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ការចុះបញ្ជី​ម៉ាក នា​ពេល​ថ្មីៗ​នេះ​។ ​ប្រទេស​កម្ពុជា​ស្ថិតនៅ​ចំ​កណ្ដាល​នៃ​តំបន់​អាស៊ាន ដែល​ជា​តំបន់​មួយ​មាន​សក្ដានុពល​អំ​ណោយ​ផល ហើយ​កំពុង​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​។ ទីតាំង​ភូមិសាស្ត្រ​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ នយោបាយ​នេះ​មាន​អំណោយផល​ណាស់ សម្រាប់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​ការ​តភ្ជាប់​នៅ​ទូទាំង​តំបន់ របស់ យើង​។ ជាក់ស្តែង មានការ​ពង្រីក​យ៉ាង​ឆាប់រហ័ស​នៃ​មធ្យោបាយ​ដឹកជញ្ជូន​តាមផ្លូវ​ថ្នល់ ផ្លូវដែក ផ្លូវអាកាស ផ្លូវ​សមុទ្រ ច្រករបៀង​សេដ្ឋកិច្ច តំបន់​សេដ្ឋកិច្ច​ពិសេស និង​ការ​អភិ​វឌ្ឍ​សេដ្ឋកិច្ច​សង្គមកិច្ច​នៅក្នុង​ប្រទេស កម្ពុជា​ទាំងមូល​។​

ទន្ទឹម​នឹង​នោះ ឯកឧត្តម​រដ្ឋ​លេខាធិការ ក៏បាន​លើក​ពី​ការរៀបចំ​គំនិត​នៃ​ផែនការមេ​របស់​កម្ពុជា ស្ដីពី​ការ​ត​ភ្ជាប់​អាស៊ាន គឺជា​ផែនការ​ទូលំទូលាយ​ ដែល​បាន​រចនា​ឡើង​ ដើម្បី​គាំទ្រ​ដល់​ការបង្កើត​សហគ​មន៍ សេដ្ឋកិច្ច​អាស៊ាន តាមរយៈ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទំនាក់ទំនង ស្ថាប័ន និង​ស្ថាប័ន និង មនុស្ស និង មនុស្ស ដ៏​មាន​ប្រសិទ្ធភាព​។ ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​របស់​អាស៊ាន មិន​ត្រឹ​ម​តែ​កាត់បន្ថយ ការ​ចំណាយ​លើ​ការ​ធ្វើ​អាជីវកម្ម និង​ពេលវេលា និង​ការ​ចំណាយ​ក្នុង​ការ​ដឹកជញ្ជូន​នោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុងចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ជា​គោល​ការ​ចំបង​របស់ អាស៊ាន​ក្នុង​តំបន់ ព្រមទាំង​ការ​ចែករំលែក​ការ​រីកចម្រើន​នៅក្នុង​តំបន់ ដែល​នឹង​រួមចំណែក​ក្នុង​ការ​កាត់បន្ថយ គម្លាត​នៃ​ការ​អភិវឌ្ឍ​នៅក្នុង​តំបន់​អាស៊ាន​៕​

កម្ពុជា​ បើក​កិច្ចប្រជុំ​ ត្រៀម​រៀបចំ​កិច្ចប្រជុំ ធុរកិច្ច អាស៊ាន​-​ជប៉ុន លើក​ទី​៤២

កម្ពុជា​ បើក​កិច្ចប្រជុំ​ ត្រៀម​រៀបចំ​កិច្ចប្រជុំ ធុរកិច្ច អាស៊ាន​-​ជប៉ុន លើក​ទី​៤២