អភិបាលខេត្ត​ឧត្ដរមានជ័យ លោក ស ថា​វី សង្ស័យ​នៅ​ពីក្រោយ​ខ្នង​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តឧត្ដរមានជ័យ កំពុង​សង្ស័យថា​លោក ស ថា​វី ជា​អភិបាលខេត្ត គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ហេតុនេះហើយ​ទើប​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​ទឹកដី​ខេត្តឧត្ដរមានជ័យ នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ​។ ការសង្ស័យ​បែបនេះ​បាន​កើតឡើង​បន្ទាប់ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ បង្ក្រាប​រថយន្ត​កូរ៉េ​១​តោន​កន្លះ​១​គ្រឿង​ផ្ទុក​ឈើ​នាងនួន​៥​ដុំ ដែលមាន​មុខកាត់​៥០​សង់ទីម៉ែត្រ និង​បណ្ដោយ​២​ម៉ែត្រ កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​អូរ​គ្រញូង ឃុំ​ត្រពាំង​ប្រិ​យ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ ហើយ​ត្រូវ​លោក ស ថា​វី ជា​អភិបាលខេត្ត បញ្ជា​ឲ្យ​ដោះលែង​វិញ​ភ្លាមៗ​។

ប្រភពពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅក្នុង​ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦ ពួកគេ​បង្ក្រាប​រថយន្ត​ដឹកឈើ​នាងនួន​នៅក្នុង​ភូមិ​អូរ​គ្រញូង ហើយ​ឈើ​នោះ​ត្រូវបាន​គេ​ដឹងថា ជា​របស់​ឧកញ៉ា លឹម ហេង ថៅកែ​កាស៊ីណូ​នៅ​អន្លង់វែង​។ ក្រោយពេល​បង្ក្រាប​ស្រាប់​តែមាន​បញ្ជា​ពី​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ និង​អភិបាលស្រុក​អន្លង់វែង ឲ្យ​ដោះលែង​រថយន្ត​ដឹកឈើ​នោះ​ជាបន្ទាន់ ហើយ​ឈើ​នោះ​ត្រូវបាន​គេ​ដឹកជញ្ជូន​ចូល​បរិវេណ​កាស៊ីណូ​របស់​ឧកញ៉ា លឹម ហេង ដែលមាន​ទីតាំង​នៅក្បែរ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តឧត្ដរមានជ័យ សង្ស័យថា​លោក ស ថា​វី ជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​។

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​សំរោង ស្រុក​អន្លង់វែង ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​បន្ទាយ​អម្ពិល ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​ឥតឈប់ឈរ​។ ក្នុងនោះ​បទល្មើស​កាប់រំលំ អារច្រៀក ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​កើតឡើង​យ៉ាង​រាលដាល ហើយ​លោក ស ថា​វី ជា​អភិបាលខេត្ត និង​លោក ទៀង ដា​វិ​ទ្យ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត មិន​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​ស្របទៅតាម​បទបញ្ជា​លេខ​០០២​របស់​រដ្ឋាភិបាល​នោះទេ​។ មន្ត្រីរាជការ​ក្នុង​សាលាខេត្ត​ឧត្ដរមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​ឈើ​ធំៗ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក ស ថា​វី ទើប​ពួកគេ​អាច​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​៕

a-rong1-500x281 a-rong-500x281ST-339លោក ស ថាវី អភិបាលខេត្តឧត្ដរមានជ័យ