លោក ជុ​យ សុឃាង នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា កំពុង​ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​

​ប្រភពពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​តូចតាច​ក្នុងស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា​លោក ជុ​យ សុឃាង ជា​នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា កំពុង​ប្រើប្រាស់​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែលមាន​ក្របខ័ណ្ឌ​ត្រឹមត្រូវ ត្រូវបាន​លោក ជុ​យ សុឃាង ទុកចោល​មិន​ប្រើ​ហើយ​បែរជា​ទៅយក​សាច់ញាតិ​បងប្អូន​របស់ខ្លួន​ឲ្យ​មក​ធ្វើ​ការជំនួស​មន្ត្រី​ជំនាញ​ទៅវិញ​។ បញ្ហា​នេះ​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​លោក ជុ​យ សុឃាង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​កែវ​សីមា បាន​រិះគន់ថា ដោយសារ​លោក ជុ​យ សុឃាង ប្រើប្រាស់​សាច់ញាតិ​បងប្អូន​របស់ខ្លួន ដើម្បី​ប្រមូល​ផលប្រយោជន៍​ទើប​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុងស្រុក​កែវ​សីមា នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​។ បងប្អូន​កូនក្មួយ​របស់លោក ជុ​យ សុឃាង មួយចំនួន​ត្រូវបាន​លោក ជុ​យ សុឃាង ប្រើ​ឲ្យ​ដើរ​យកលុយ​ពី​រថយន្ត​ដឹកឈើ​និង​ម៉ូតូ​ដឹកឈើ​យ៉ាង​អនាធិបតេយ្យ ហើយ​ពួកគេ​នឹង​ចាត់វិធានការ​បង្ក្រាប​ប្រសិនបើ​ម្ចាស់​រថយន្ត​ដឹកឈើ និង​ម្ចាស់​ម៉ូតូ​ដឹកឈើ​មិន​បង់លុយ​ឲ្យ​ពួកគេ​តាម​ការកំណត់​ទេនោះ​។ ជា​រៀងរាល់​យប់​សាច់ញាតិ​បងប្អូន​លោក ជុ​យ សុឃាង តែង​ធ្វើ​សកម្មភាព​ប្រមូល​លុយ​នៅ​ចំណុច​កែង​ផ្លូវបត់​ចូល​សាលាស្រុក​ចាស់ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦ ក្នុងភូមិ​អូរ​អាម ឃុំ​អូរ​ណា ស្រុក​កែវ​សីមា ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា ដែល​ត្រូវ​លោក ជុ​យ សុឃាង ទុកចោល​លែង​ប្រើ​បាន​បង្ហើប​ឲ្យ​ដឹងថា បងប្អូន​សាច់ញាតិ​លោក ជុ​យ សុឃាង ពួកគេ​ស្លៀកពាក់​ស៊ីវិល​តែមាន​សិទ្ធិ​ប្រើប្រាស់​រថយន្ត​របស់​មេ​ព្រៃ​ដែលមាន​ពាក់​ស្លាក​លេខ​ភ្នំពេញ​2E-3013 ដើម្បី​ធ្វើ​សកម្មភាព​ប្រមូល​លុយ​ពី​ម្ចាស់​រថយន្ត​ដឹកឈើ និង​ពី​អ្នកដឹកឈើ​តាម​ម៉ូតូ​យ៉ាង​ក្រអឺតក្រទម​។ ក្នុងនាម​ជា​នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា លោក ជុ​យ សុឃាង មិនដែល​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ គឺ​មន្ត្រី​រូបនេះ​បែរជាយក​បងប្អូន​សាច់ញាតិ​របស់ខ្លួន​មកប្រើប្រាស់​ជំនួស​មន្ត្រី​ជំនាញ ដើម្បី​ប្រមូល​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។ ប្រការនេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​ខ្លះ​ផង​ព្រោះ​លោក ជុ​យ សុឃាង នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា កំពុង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​៕

13293018_1556529581309285_1857075748_nលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ 9385d10e548e36e4206ff9a9502b5a55​លោក ជុ​យ សុឃាង នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា