អំពើពុករលួយ​ក្នុង​វិស័យ​កាត់ដេរ​នៅតែ​ធ្វើ​ឲ្យ​កម្មករ​-​កម្មការិនី បន្ត​រង​ផលប៉ះពាល់​

មន្ត្រី​សហជីព​ការពារ​ផលប្រយោជន៍​កម្មករ​មួយចំនួន​បានលើកឡើង​ថា កម្មករ កម្មការិនី នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​កម្ពុ​ជា នៅតែ​ប្រឈម​នឹង​ការកេងប្រវ័ញ្ច​ពី​ថៅកែ​រោងចក្រ​តាមរយៈ​ការប្រើ​កិច្ចសន្យា​ខ្លីៗ​ត្រឹម​រយៈពេល​៣​ខែ ហើយ​ប្រាក់​ឈ្នួល​នៅមានកម្រិត​ទាប​។ មន្ត្រី​សហជីព​បាន​ឲ្យ​ដឹង​ទៀតថា ប្រាក់ចំណូល​ទាប​គឺជា​មូលហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កម្មករ និង​ធ្វើ​ឲ្យ​កម្មករ​រស់នៅក្នុង​ស្ថានភាព​លំបាក​ឬ​ជំពាក់​បំណុល​គេ​ជាដើម​។ បញ្ហា​នេះ​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិ​ជា្ជ​ជីវៈ ដែលមាន​លោក អ៊ិត សំហេង ជា​រដ្ឋមន្ត្រី គួរ​ពិនិត្យ​ដោះស្រាយ​ពី​បញ្ហាលំបាក​ក្នុង​ជីវភាព​រស់នៅ​របស់​ក​ម្មករ ដើម្បី​ជួយ​ឲ្យ​កម្មករ​មាន​ជីវភាព​កាន់តែ​ប្រសើរ​។

ក្រុម​សង្គម​ស៊ីវិល​ដែល​តាមដាន​វិស័យ​កាត់ដេរ​ក្នុងប្រទេស​កម្ពុជា បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ការគាបសង្កត់​លើ​សិទ្ធិសេរីភាព​របស់​កម្ម​ករ និង​ការកេងប្រវ័ញ្ច​លើ​កម្លាំង​ពលកម្ម​របស់​កម្មករ​នៅតែ​បន្ត​កើតមាន ហើយ​ថា​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន​តែង​ចេញមុខ​ការពារ​ផលប្រយោជន៍​ថៅកែ​រោងចក្រ ហើយ​មិន​ការពារ​ផលប្រយោជន៍​កម្មករ​ឡើយ​។ ក្រុម​សង្គម​ស៊ីវិល​បាន​ឲ្យ​ដឹង​ទៀតថា អំពើពុករលួយ​ដែល​កើត​ឡើងជា​ប្រព័ន្ធ​នៅក្នុង​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន គឺជា​ឧបសគ្គ​មួយ​ដែល​មិន​អាចជួយ​ឲ្យ​កម្មករ​ទទួលបាន​លក្ខ​ខណ្ឌ​ការងារ​ប្រសើរ​ជាង​មុន​។ ជាក់ស្ដែង​ថៅកែ​រោងចក្រ​មួយចំនួន​បានផ្ដល់​ការងារ​ឲ្យ​កម្មករ​ក្នុង​រយៈពេល​ខ្លី​ដែល​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការបាត់បង់​ការងារ ប្រសិនបើ​កម្មករ​តវ៉ា​ប្រឆាំងនឹង​លក្ខខណ្ឌ​ការងារ​ដែល​គាបសង្កត់​ទៅលើ​ពួកគេ​។

តាម​ប្រភពពី​តំណាង​សហជីព​មួយចំនួន​បាន​ឲ្យ​ដឹងថា ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​កាត់ដេរ​ដែល​ចូល​ជា​ធរមាន កាលពីដើមឆ្នាំ​២០១៦ គឺ​១៤០​ដុល្លារ​ក្នុង​មួយខែ ហើយ​ប្រាក់ខែ​គោល​នេះ​កើតឡើង​ក្រោយ​កម្មករ​ធ្វើបាតុកម្ម​ទាំង​ហិង្សា​និង​អហិង្សា​ជាច្រើន​ឆ្នាំ​កន្លងមកហើយ​។ ទោះជា​យ៉ាងណា​ប្រាក់​ឈ្នួល​ដែល​កម្មករ​ទទួលបាន​នៅពេលនេះ មិន​ស្របទៅតាម​តម្លៃ​ទំនិញ​លើ​ទីផ្សារ​នោះទេ ហើយ​កម្មករ​នៅតែមាន​បញ្ហាលំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ដូច​មុន​ដដែល​។ ដូច្នេះហើយ​ទើប​តំណាង​សហជីព​ដែល​ការពារ​ផលប្រយោជន៍​កម្មករ និង​ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​អំពាវនាវ​ឲ្យ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​គិតគូរ​ដោះស្រាយ​ពី​ទុក្ខលំបាក​របស់​កម្មករ​ឲ្យ​ស្របទៅតាម​ស្ថានភាព​ជាក់ស្ដែង​៕

0424_Ith Sam heang_Sovannaraលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ photo_2015-05-01_11-15-43