ក្រុម​​ខ្លាំង​ទាំង​១០ ដែល​ត្រូវ​ប្រកួត​ដំណាក់​កាល​ផ្តាច់​ព្រ័ត្រ នឹង​ត្រូវ​ចាប់​ឆ្នោត​នៅ​ថ្ងៃ​នេះ

យុទ្ធនាការ​​ប្រកួត​ជ​ម្រុះ​តាម​មណ្ឌល​ នៃ​ព្រឹត្តិការណ៍​ប្រកួត​​​បាល់ទះ​ថ្នាក់​ជាតិ​ដណ្តើមពាន​រង្វាន់​ស្រាបៀ​រលីអូ ប្រចាំ​ឆ្នាំ ២០១៦ (Leo Cup National Volleyball 2016) បាន​បញ្ចប់​​ជា​ផ្លូវ​ការ កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​​ក្រុម​ខ្លាំង​ទាំង​១០តំណាង​ឲ្យមណ្ឌល​ទាំង​៥ ​ដែល​ត្រូវចូល​រួម​ការ​ប្រកួត​ដំណាក់កាល​ផ្តាច់​ព្រ័ត្រនៃ​ក្រប​ខ័ណ្ឌ Division B នឹង​ត្រូវ​ចាប់​ឆ្នោត​បែង​ចែក​ពូល ក្នុង​សន្និសីទ​កាសែត នៅ​ណាហ្គាវើល នា​រសៀល​ម៉ោង​២​ថ្ងៃ​អង្គារ​នេះ។
volley
តាម​រយៈ​ការ​ប្រកួត​ជម្រុះ​តាម​​មណ្ឌល​ទាំង​៥ អស់​រយៈ​ពេលជា​ច្រើន​ខែ​មក​នេះ ​ក្រុម​ខ្មែរ​សាមគ្គី​ខេត្ត​កំពង់ចាម និង​ក្រុម​ស្នង​ការនគរ​បាល​ខេត្ត​កំពង់ចាម ជា​បេក្ខភាព​ដែលឈ្នះ​កៅ​អី​​​នៅ​មណ្ឌល​ខេត្ត​កំពង់ចាម ឯ​ក្រុម Aqau Family Resort និង​ក្រុម​កង​ពលតូច​លេខ៣១​ការពារ​កោះឆ្នេរ គឺ​ជា​ក្រុម​ខ្លាំង​មណ្ឌល​ខេត្ត​ព្រះសីហនុ។

ចំណែក​ក្រុម​យុវជន​ភ្នំពេញថ្មី និង​​ក្រុម​វិទ្យាស្ថានជាតិ​អប់រំកាយ និងកីឡា ​បាន​ឈ្នះ​កៅអី​នៅមណ្ឌល​រាជធានី​ភ្នំពេញ ខណៈ​​ក្រុម​យុវជន​បាត់​ដំបង និង​ក្រុម​ខេត្ត​ប៉ៃលិន ជា​ក្រុម​ខ្លាំង​តំណាង​ឲ្យ​​មណ្ឌល​​ខេត្ត​បាត់ដំបង ហើយ​ក្រុម​កង​ពល​តូច​អន្តរាគមន៍​លេខ​៧ និង​ក្រុម​យុវជន​ស្ម័គ្រ​ចិត្តសសរស្តម្ភ បាន​ក្លាយ​ជា​បេក្ខភាពតំណាង​ឲ្យមណ្ឌល​ខេត្តសៀម​រាប ដែល​ទើប​បាន​បញ្ចប់​ការ​ប្រកួត កាល​ពី​ថ្ងៃ​អាទិត្យមុន​នេះ។

បើ​តាម​ព័ត៌​មានច្បាស់​ការ​គឺ​ក្រុម​ទាំង​១០​នេះ នឹង​ត្រូវ​ធ្វើ​​ការ​ចាប់​ឆ្នោត​បែង​ចែក​ពូល ក្នុង​សន្និសីទ​កាសែត នៅណាហ្គាវើល នា​រសៀល​​ម៉ោង​២​ថ្ងៃ​នេះ ដើម្បី​​បន្ត​ការ​ប្រកួតដំណាក់​កាល​ផ្តាច់​ព្រ័ត្រនៃ​​ក្រប​ខ័ណ្ឌ Division B ដែល​នឹង​ចាប់ផ្តើម​​ក្នុង​ខែមិថុនា ខាង​មុខ​នេះ ហើយ​ក្រុម​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ និង​លេខ​២ ក្នុងក្រុម​ខ័ណ្ឌ​នេះ នឹង​ត្រូវ​ឡើង​ទៅ​ប្រកួតផ្តាច់​ព្រ័ត្រ​ដណ្តើម​យក​ពាន​ធំ ក្នុង​​ក្រប​ខ័ណ្ឌ Division A ជាមួយ​ក្រុម​ឈរ​ចាំ​ចំនួន​៦ ដែល​បាន​ទទួល​ចំណាត់​ថ្នាក់លេខ​១ ដល់លេខ​៦ កាល​ពី​ឆ្នាំ​២០១៥៕