ប្រធាន​ស្នាក់ការ​គយ​ច្រក​ទន្លេ​ចាម បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​មួយ​សប្ដាហ៍​កន្លងទៅនេះ​មាន​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រករបៀង​តា​ដោក ឬ​ច្រក​លេខ​៧៨ នៅក្រោម​ការគ្រប់គ្រងរ​បស់​ច្រក​ទន្លេ​ចាម ដែលមាន​លោក នឹម ផល្លី ជា​ប្រធាន​ស្នាក់ការ​គយ​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​តំបន់​នេះ ក៏បាន​ឲ្យ​ដឹង​ដែរ​ថាបើ​គ្មាន​ការ​បើកដៃ​ពី​មេ​គយ​ច្រក​ទន្លេ​ចាម ឈ្មោះ នឹម ផល្លី ទេនោះ​គឺ​ឈ្មួញ​មិនអាច​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​ស្រុក​យួន​ស្រេច​តែ​អំពើ​ចិត្ត​បានឡើយ​។

សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​ក្រុម​ឈ្មួញ អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​គ្រញូង​តាម​រថយន្ត​យី​ឌុប​ចេញទៅ​ស្រុក​យួន គឺមាន​ការបើក​ដៃ​ពី​លោក ងី វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ និង​លោក នឹម ផល្លី ប្រធាន​ស្នាក់ការ​គយ​និង​រដ្ឋាករ​ទន្លេ​ចាម ដែលមាន​សិទ្ធិ​គ្រប់គ្រង​ទៅលើ​ច្រក​តា​ដោក ហៅ​ច្រក​៧៨​ផងដែរ​។ ឈ្មួញ​ដែល​ដឹកឈើ​ប្រណីត​ប្រភេទ​គ្រញូង​និង​ធ្នង់​ចេញ​តាម​ច្រករបៀង​តា​ដោក ត្រូវគេ​ស្គាល់​ថា​ឈ្មោះ សាយ ម៉េង​ឡាយ ដែលមាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​គយ និង​សមត្ថកិច្ច​ច្រើន​ស្ថាប័ន​ទៀត រួមទាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ផងដែរ​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម និង​មន្ត្រី​គយ​ច្រក​ទន្លេ​ចាម កំពុង​សប្បាយ​ក្នុងការ​ប្រមូល​លុយ​ពីបទ​ល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន បន្ទាប់ពី​បទល្មើស​ត្រូវ​បាន​ស្ងប់ស្ងាត់​អស់​មួយរយៈ​។​

មន្ត្រី​អាជ្ញាធរ​នៅក្នុង​ស្រុក​មេមត់ បាន​ឲ្យ​ដឹងថា​ឥឡូវនេះ​ឈើ​ប្រណីត​និង​ឈើ​ជន្លង់ម្រេច​ត្រូវបាន​ឈ្មួញ​ដឹក​ចេញ​តាម​ច្រករបៀង​តា​ដោក ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​លោក នឹម ផល្លី ប្រធាន​ស្នាក់ការ​គយ​ទន្លេ​ចាម ដែល​គិតតែ​រឿង​ផលប្រយោជន៍​។ បញ្ហា​នេះ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក នឹម ផល្លី ដែល​កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ក្លា​នោះ​ផង​។ នៅ​ច្រក​ទន្លេ​ចាម​នេះដែរ​មាន​សេចក្ដីរាយការណ៍​ថា សមត្ថកិច្ច​គយ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ស្រេច​តែ​អំពើ​ចិត្ត​ដើម្បី​ផលប្រយោជន៍​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​៕

custom-kun-nhim1-500x333លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ