ប្រធាន​ក្រុម​ភ្នំពេញ​ក្រោន កុក បុរិស ប្រកាស​ដក​ខ្លួន​ពី​ជម្រើស​ជាតិ​

កាល​ពី​ព្រឹក​មិញ​នេះ​ខ្សែ​ការពារ​ និង​ជា​ប្រធាន​ក្រុម​ភ្នំពេញ​ក្រោន កុក បុរិស​ ​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដោយ​លើក​​ឡើង​ពី​​​បញ្ហា​ផ្ទាល់​ខ្លួន។

 

ប្រធាន​​ភ្នំពេញ​ក្រោន​ កុក បុរិស​ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជម្រើស​ជាតិ​កម្ពុជា​ដែរ​​នោះ​មិន​បាន​បង្ហាញ​ខ្លួន​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ឡើយ និង​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ជម្រើស​ជាតិ។ កីឡាករ​កូន​កាត់​ខ្មែរ-បារាំង​បាន​សរសេរ​លើ​ Facebook របស់​ខ្លួន​ថា អ្នក​រាល់​គ្នា​នឹង​ពិបាក​ចិត្ត​ដែល​រូប​គេ​សម្រេច​មិន​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដោយ​សារ​បញ្ហា​ផ្ទាល់​ខ្លួន។

 

ប្រធាន​ក្រុម​ភ្នំពេញ​ក្រោន កុក បុរិស ប្រកាស​ដក​ខ្លួន​ពី​ជម្រើស​ជាតិ​ កុក បុរិស

 

កុក បុរិស​បាន​និយាយ​ថា ៖«ខ្ញុំ​​អាច​និយាយ​បាន​​ថា ​​នេះ​ដោយ​សារ​តែ​ខ្ញុំ​ស្រលាញ់​កម្ពុជា​ និង​ប្រជា​ជន​នៅ​​ប្រទេស​របស់​ខ្លាំង​ដែល​ខ្ញុំ​ធ្វើ​ការ​សម្រេច​បែប​នេះ»។ កីឡាករ​រូប​នេះ​បញ្ជាក់​ថា ក្តី​សុបិន​របស់​គេ​បាន​រលត់​បាត់​ហើយ​ ហើយ​សង្ឃឹម​ថា អ្នក​រាល់​គ្នា​យល់​​ដែល​រូប​គេ​ជា​មនុស្ស​ពិបាក​ចិត្ត​បំផុត​ចំពោះ​ការ​សម្រេច​នេះ​ ពី​ព្រោះ​រូប​គេ​អាច​លះ​បង់​ជីវិត​ដើម្បី​ប្រទេស​មួយ​នេះ​បាន។ រូប​គេ​សង្ឃឹម​ថា​ នា​ពេល​អនាគត​មាន​រឿង​ជា​ច្រើន​នឹង​ផ្លាស់​ប្តូរ​ដើម្បី​ជោគជ័យ​សម្រាប់​ប្រទេស​កម្ពុជា។

 

ការ​ប្រកាស​ដក​ខ្លួន​នេះ​​កើត​ឡើង​ បន្ទាប់​ពី​​រូប​គេ​ទើប​តែ​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​ថា​ ភ្នំពេញ​ក្រោន​ទទួល​រង​បរាជ័យ​២-០ ដោយ​ថ្វី​ជើង​ក្រុម​អាស៊ី​អឺរ៉ុប​បណ្តាល​មក​ពី​កំហុស​របស់​គេ។ ការ​ប្រកាស​ដក​ខ្លួន​នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​សោក​ស្តាយ​សម្រាប់​អ្នក​គាំទ្រ​ដែល​ចង់​ឃើញ​រូប​គេ​បង្ហាញ​ខ្លួន​នៅ​ក្រុម​ជម្រើស​ជាតិ។

 

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ទើប​ចាប់​ផ្តើម​ហ្វឹកហាត់​កាល​ពី​​ម្សិល​មិញ​ ថ្ងៃ​ទី​២៣​ ខែ​ឧសភា ឆ្នាំ​២០១៦​ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​នឹង​ក្រុម​ទីម័រខាង​កើត​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​កោះ​តៃវ៉ាន់​សម្រាប់​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ទ្វីប​អាស៊ី AFC Cup។

 

អត្ថបទ៖ ជាន ចាន់រ៉ា