រឿង ២០ យ៉ាង ដែល​ស្ត្រី​អាយុ ៣០ គួរ​ត្រៀម​សម្រេច​ឱ្យបាន​ដើម្បី​សោយសុខ​នៅ​អាយុ ៥០ ឆ្នាំ

តាមការស្រាវជ្រាវមួយចំនួនដែលឆ្លងកាត់ការសាកសួរស្ត្រីវ័យចំណាស់ខ្ទង់ ៥០ឆ្នាំ ដើម្បីឱ្យអនាគតទៅមុខអាចសោយសុខបានដោយមិនចាំបាច់បារម្ភពីជីវភាព និងសម្រស់ ស្ត្រីវ័យវ័យកណ្តាលគួរចាប់ផ្តើមរិះគិតរៀបចំផែនការអនាគតឱ្យបានហ្មត់ចត់ជាមុន។ ខាងក្រោមនេះជាដំបូន្មានពោរពេញដោយបទពិសោធជីវិតសម្រាប់ជាទុនគំនិតសម្រាប់ស្ត្រីក្នុងការពិចារណារៀបចំគ្រោងការជីវិតយូរអង្វែងសម្រាប់ខ្លួនឯងក៏ដូចជាក្រុមគ្រួសារ ៖

១. កុំ ឬឈប់ជក់បារី! ប្រសិនបើអ្នកមិនចង់ឱ្យចាស់ទៅមានជំងឺរោលរុករំខានរ៉ាំរ៉ៃទេនោះ។ ការឈប់ជក់បារីពុំមែនចោទតែបញ្ហាសុខភាពទេ គឺរួមទាំងថវិកាចំណាយ ក្លិនខ្លួន និងក្លិនមាត់មិនល្អដែលស្ត្រីគួរតែបោះបង់ចោលស្រលះពីខ្លួន។

២. ប្រើគ្រីមការពារកម្តៅថ្ងៃ ដើម្បីការពារសម្រស់ស្បែកពីការយារយីពីកម្តៅថ្ងៃពីព្រោះការវិវត្តវ័យទៅរកភាពចាស់គឺចាប់ផ្តើមពីវ័យ៣០ឆ្នាំឡើងសរីរាង្គនានារួមទាំងស្បែកក៏នឹងប្រែប្រួលងាយរងប្រតិកម្មពីបរិយាកាសខាងក្រៅដូចគ្នា។

៣. ចាប់ផ្តើមសន្សំលុយ ទោះជាតិចតួចក្តីពុំនោះអ្នកនឹងស្តាយក្រោយនៅពេលចាស់បន្តិច ដោយគ្មានប្រាក់សន្សំបម្រុងសល់សម្រាប់ពេលខ្វះខាតឬសម្រាប់សោយសុខពេលចាស់ទៅដោយមិនបាច់ប្រឹងប្រែងធ្វើការច្រើនទេនោះ។

៤. រក្សាចំណងគ្រួសារ និងញាតិមិត្តឱ្យរឹងមាំ ដូចពាក្យចាស់ថា “កាត់ទឹកមិនដាច់ កាត់សាច់មិនបាន” និង ”ចំណងប្រាំប្រការ” សាច់ញាតិទោះជាល្អ ឬមិនល្អ ពួកគាត់គឺជាមនុស្សដែលចៀសមិនរាប់មិនបាន។ អ្នកត្រូវដឹងថាគ្រួសារសំខាន់ណាស់សម្រាប់ជីវិត ទោះជាអ្នកមិនទាន់យល់ពីន័យគ្រួសារពេលនេះ អ្នកក៏គួរគោរព និងផ្តល់តម្លៃឱ្យគ្រួសារហើយមិនយូរទេនៅពេលចូលដល់វ័យជ្រេបន្តិច អ្នកនឹងបានដឹងថាគ្មានអ្វីល្អជាងញាតិមិត្តគ្រួសាររបស់យើងទេ។

៥. សន្សំអនុស្សាវរីយ៍ល្អៗ កុំឱ្យពេលវេលាកន្លងទៅដូចខ្យល់រសាត់ ហើយភ្ញាក់ខ្លួនយឺតពេល។

៦. តបស្នងអំពើល្អ និងធ្វើអំពើល្អ ដោយទឹកចិត្តស្មោះ មិនរំពឹងចង់បានអ្វីមកវិញ។

៧. ហាត់ប្រាណដើម្បីសុខភាពនិងសម្រស់នៅពេលអាយុក្បែរ ៥០ អ្នកនឹងមានសុខភាពនិងសម្រស់ក្មេងជាងវ័យ។

៨. ហាត់ពត់ចិត្តឱ្យរីករាយពេញចិត្តចំពោះអ្វីដែលខ្លួនមានជាជាងការងប់ងុលស្រវាចាប់យករបស់ដែលឈោងមិនដល់។ សុភមង្គលគឺជាជោគជ័យនៃជីវិត ដូចនេះប្រសិនបើអ្នកសប្បាយចិត្តនឹងអ្វីដែលមានស្រាប់ជីវិតនឹងបានសប្បាយច្រើនជាងទុក្ខ ទោះជាមិនក្លាយខ្លួនជាសេដ្ឋីប្រាក់លានក៏ដោយ។

៩. ត្រូវចាប់ផ្តើមធ្វើអ្វីដែលខ្លួនមានបំណងប៉ងជាងគេក្នុងឆាកជីវិត ដូចជា ទិញផ្ទះ មានបុត្រ សរសេរសៀវភៅ រៀនបន្ត ប្តូរការងារថ្មី រៀនតន្ត្រី រៀនធ្វើម្ហូប ទេសចរណ៍ បើកអាជីវកម្មផ្ទាល់ខ្លួន ជាដើម ដើម្បីជាការបោះជំហានកាន់តែជិតទៅរកគោលដៅជីវិតរបស់អ្នកពុំនោះអ្នកអាចនឹងមិនបានសាកល្បងរសជាតិនៃការសម្រេចក្តីស្រមៃឡើយ។

១០. គេងឱ្យគ្រប់គ្រាន់ កុំរវល់តែមើលទូរទស្សន៍ ឬធ្វើការដល់យប់ជ្រៅ រហូតដល់រូងភ្នែកធ្វើអ្វី។

១១. ថែរក្សាសុខភាពមាត់ធ្មេញជួបជាមួយទន្តពេទ្យជាទៀងទាត់ ដើម្បីកាត់បន្ថយចំណាយលើមាត់ធ្មេញក៏ដូចជា ការឈឺចាប់បានមួយកម្រិតធំមុនចូលដល់វ័យជរា។

១២. ស្វែងរកអ្វីដែលថ្មីហ៊ានផ្សងព្រេងធ្វើរឿងដែលខ្លួនចង់ធ្វើ កុំនៅតែក្នុងផ្ទះសម្ងំធ្វើការរកលុយរហូតភ្លេចគិតពីអ្វីទៅដែលហៅថារសជាតិជីវិត។ គួរធ្វើរឿងសប្បាយៗឱ្យបានច្រើន ថតរូបផ្តិតយកទិដ្ឋភាពល្អៗទុកពេលចាស់ទៅ។

១៣. ប្រយ័ត្នកុំទទួលទានអាហារមិនល្អ! អ្នកអាចទិញអាហារបានតែអ្នកមិនអាចទិញសុខភាពមកវិញទេ។

១៤. អានសៀវភៅឱ្យបានយ៉ាងតិច ១០ក្បាល ក្នុង១ឆ្នាំ ដើម្បីហ្វឹកហាត់ខួរក្បាលនិងជំរុញដល់ការគិតរបស់ខ្លួន។

១៥. រៀនសមាធិ : ការសមាធិផ្តល់អត្ថប្រយោជន៍ច្រើនលើសពីការគិតហើយអ្នកគ្រាន់តែចំណាយពេលខ្លួ នោះអ្នកនឹងចាប់ផ្តើមមើលឃើញថាជីវិតរបស់អ្នកមានការផ្លាស់ប្តូរអាចសំឡឹងមើលជីវិតនិងពិភពជុំវិញខ្លួនបានទូលំទូលាយជាងមុន។

១៦. ធ្វើដំណើរទេសចរណ៍ឱ្យបានច្រើនដូចពាក្យគេពោលថា “អានសៀវភៅ១០ក្បាល មិនស្មើធ្វើដំណើរកម្សាន្តម្តង” ដើម្បីសិក្សា ក៏ដូចជាពង្រីកការគិត និងចំណេះដឹងឱ្យកាន់តែទូលំទូលាយ ជាពិសេសនោះ អ្នកអាចផ្លាស់ប្តូរការគិតពីបញ្ហាមកជាការដោះស្រាយ សម្រាកចិត្ត លំហែកាយ ដកឃ្លាពីភាពស្មុគស្មាញមួយរយៈនិងជ្រួតជ្រាបពីអត្ថន័យជីវិតបានមួយកម្រិតទៀត។

១៧. កុំប្រៀបធៀបជាមួយអ្នកដទៃហើយបែរមកយកចិត្តទុកដាក់នឹងជីវិតរបស់ខ្លួនឱ្យល្អប្រសើរឡើង ពីព្រោះផ្លូវដើរនៃជីវិតមនុស្សម្នាក់ៗមិនដូចគ្នាទេ។

១៨. សរសេរកំណត់ហេតុប្រចាំថ្ងៃ ប្រសិនបើអាចដើម្បីកត់ត្រានូវរឿងរ៉ាវល្អៗ អនុស្សាវរីយ៍ដែលអ្នកមិនចង់ភ្លេច តែខួរក្បាលនឹងអាចភ្លេចនៅថ្ងៃណាមួយ។ ម្យាងទៀតការសរសេរក៏ជាទម្លាប់ល្អអាចជួយឱ្យផ្លូវចិត្តរីករាយ និងកែកម្សាន្តបានមួយពេល។

១៩. យកចិត្តទុកដាក់ចំពោះមិត្តភក្តិ : គួរសេពគប់មនុស្សដែលយល់ពីអ្នកយល់ពីតម្លៃរបស់អ្នកនិងជួយឱ្យអ្នកក្លាយជាមនុស្សកាន់តែល្អ ហើយរីករាយនឹងមិត្តភាពរវាងគ្នានឹងគ្នា។ ខ្សែជីវិតវែងឆ្ងាយមិត្តយល់ចិត្តដែលអាចសើចយំ និងចែករំលែកគ្នាពិតជាពិបាករកណាស់ ដូចនេះ បើអ្នកមានម្នាក់ ឬច្រើន មិនត្រូវបណ្តែតបណ្តោយឱ្យចំណងមិត្តភាពនេះសាបរលាបឡើយ។

២០. ទិញផ្ទះសម្រាប់ខ្លួនឯង : “គ្មានកន្លែងណាដូចជាផ្ទះយើងទេ” មួយឃ្លានេះ កាន់តែមានន័យនៅពេលអ្នកចាស់ទៅ ហើយក្តីបារម្ភពីបញ្ហាជីវភាពក្នុងវ័យ ៥០ នឹងត្រូវបានធូរស្រាលច្រើន ៕

ប្រភព៖ pmhotnews

អ្នកនឹងចូលចិត្ត

  • រឿង ២០ យ៉ាង ដែល​ស្ត្រី​អាយុ ៣០ គួរ​ត្រៀម​សម្រេច​ឱ្យបាន​ដើម្បី​សោយសុខ​នៅ​អាយុ ៥០ ឆ្នាំ已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ចំនេះដឹង
Tags: