គិតថា បើក​​កិន​​​លើ​​មិន​អី​ តែ​លទ្ធផលហួស​ការ​​ស្មាន​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋ​ម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​ បន្ទាប់​ពី​រថយន្ត​ធំ​ដឹង​ប្រេង​មួយ​គ្រឿង ​បាន​បើក​​កិន​ខ្សែភ្លើង​មួយមួយដុំធំ​ធ្លាក់កាត់ទទឹង​ផ្លូវ ​ខណៈ​​បាក់​បង្គោល​ភ្លើង​ឈើ​​មួយ​​កាលពី​ម្សិលមិញ ​ដោយ​អាជ្ញាធរ​​ធ្វេស​ប្រហែស មិន​​​បាន​ចាត់​ចែង​រៀបចំ​ឱ្យបានស្រួលបួ​លវិញ​នោះ​ បណ្តាល​​ឱ្យ​ទុ​ស្សេ​​ឆេះ តែ​ត្រូវ​​ប្រជា​ពលរដ្ឋ​នាំ​គ្នា​រត់​ទៅ​យក​បំពង់​​បាញ់​ពន្លត់​ទាន់ ហើយ​​បាន​បន្ត​បាក់​​បង្គោល​រហូត​ដល់​៤​ថែម​​ទៀត ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ទី​២៤ ឧសភា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា អ្នក​បើកបរ​ខាងលើ ​មិន​​បាន​​ស្គាល់​អត្តសញ្ញាណ​​ទេ​​គេច​ខ្លួន​​បាត់ បន្សល់​ទុក​តែ​រថយន្ត​ម៉ាក​ហ៊ី​ណូ​ ប្រភេទ​ចំណុះ​ (២​ម៉ឺន​៨​ពាន់​លី​ត្រ​) ដឹក​ប្រេង​របស់​ក្រុមហ៊ុន «LHR» មាន​ស្លាក​លេខ​ផ្នែក​ខាង​មុខ​ភ្នំពេញ 3A-1885 និង​ផ្នែក​ក្រោយភ្នំពេញ 4A-0135 ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ​ទីតាំង​នោះ​ត្រូវ​បាន​​បាក់​បង្គោល​ឈើ​ ដោយ​ធ្លាក់​ខ្សែភ្លើង​មួយ​ដុំ​ធំកាត់ទទឹងថ្នល់ ។ អ្នកដំណើរ​ខ្លះ គាត់​មាន​ប្រុង​ប្រយ័ត្ន ពេល​មក​ដល់ ​ក៏​ចុះ​លើ​​ក​ខ្សែភ្លើង​នោះ​បញ្ឈរ ​ទើប​ធ្វើ​ដំណើរ​បន្ត​ទៀត ។ ស្រាប់តែ​មក​ដល់​រថយន្ត​ដឹក​​ប្រេង​ខាង​លើ​នេះ មិនដឹង​ថា គាត់​​មើល​​មិន​ឃើញ ឬ​យ៉ាងម៉េច​ទេ បាន​​បើក​​កិន​ពីលើ​ខ្សែភ្លើង​នោះ​តែ​ម្តង ទើប​បណ្តាល​ឱ្យ​មាន​ហេតុ​ការ​ភ្ញាក់​ផ្អើលនេះ​​កើតឡើង ។

សំណាង​ហើយ ការ​ទុ​ស្សេ​ខ្សែភ្លើង​នេះ​ត្រូវ​ពន្លត់​ទាន់ កុំ​អី​មិនដឹង​ថា ​មាន​ផ្ទះ​ពលរដ្ឋ​ប៉ុន្មាន​នាក់ ​នឹង​ត្រូវ​ភ្លើង​​ត្របាក់​នោះ​ទេ ។