ពេជ្រ សោភា ត្រូវ​នារី​ម្នាក់ ​រិះ​គន់​ធ្ងន់ៗ​ថា គ្មាន​ចេះ​ស្អី​ទាំង​​អស់ មិន​ស័ក្តិ​សម​ជា Coach ក្នុង​​កម្ម​​វិធី «Th​e Voice Cam​bo​dia» ឡើយ

(ភ្នំពេញ)៖ តារាចម្រៀងស្រីចាស់វស្សា របស់ផលិតកម្មហង្សមាស ហើយបច្ចុប្បន្ន គឺជាគ្រូបង្វឹក ​(Coach) ក្នុងកម្មវិធី «Th​e Voice Cambodia» រដូវកាលទី២ អ្នកនាង ពេជ្រ សោភា ថ្មីៗនេះ ត្រូវបាននារី​ម្នាក់​ សរសេររិះគន់យ៉ាងចាស់ដៃ នៅលើបណ្តាញ​សង្គមហ្វេសប៊ុក ជុំវិញការជ្រើស​រើសយក​បេ​ក្ខជន-បេក្ខនារី គ្មានសមត្ថភាព មកធ្វើកូនក្រុមរបស់ខ្លួន ខណៈដែល​អ្នក​មានសមត្ថភាព មិនត្រូវបានមើលឃើញ និងលើកសរសេរពីនាងនោះ។

ម្ចាស់ Acount Facebook ឈ្មោះថា Alix Rona មុននេះបន្តិច​ បានសរសេរបង្ហោះ ភ្ជាប់ជាមួយរូប​ថត​ បេក្ខជន-បេក្ខនារី​ពីររូប ធ្វើការរិះគន់ លើសមត្ថភាពរបស់ អ្នកនាង ពេជ្រ សោភា ថា «ស្រុកខ្មែរចឹងមែន មិនចោលក្បួន អ្នកមានសមត្ថភាពពិត បើគ្មានបក្សពួកគ្មានលុយទេ គឺត្រូវតែធ្លាក់ទាំងអយុ​ត្តិ​ធម៌ ។ ពេជ្រ សោភា គ្មានជំនាញអីទេ ម៉ក់ ដារ៉ូ ច្រៀងគំហកស្រែបែក គ្មានកាយវិកា​ច្រៀង គ្មា​នអាម្មណ៍ ខូច (Coach )ទាំងបីរិះគន់!»។

ប្រភពដដែលនេះ បានបន្តថា «ឆេង ដានិច ច្រៀងពីរោះមានមនោសញ្ញចេតនា កាយវិកា​ល្អ គ្មានកន្លែងខុស ខូចទាំងបីសរសើរ។ តែចុងក្រោយ ពេជ្រ សោភា រើសយក ដារ៉ូ ទៅវិញ ធ្វើឲ្យមហាជន រាប់លានអ្នកភ្លឺភ្នែក កាន់តែច្បាស់ថា ពេជ្រ សោភា គ្មានចេះស្អីទាំងអស់ មិនស័ក្តិសម ជាខូច (Coach) ជាអ្នកចម្រៀង គ្មានមត្ថាភាព។ ការសម្រេចចិត្តរើសយក តែស្អាតបក្សពួក ដោយភាពល្ងង់ ធ្វើឲ្យអ្នកមានសមត្ថភាព ពិត​បាក់ទឹកចិត្ត ។ ហង្សមាស មិនគួរធ្វើបែបនេះទេ ចឹងបាន អាម មុន្នី និង ម៉ៅ ហាជី សុខចិត្តដើរចេញ..!!» ។

ទោះបីជាយ៉ាងណាក្តី បន្ទាប់ពីមានការរិះគន់ខាងលើនេះ គេពុំទាន់មានឃើញមាន ប្រតិកម្មណាមួយ ពីសំណាក់តារាចម្រៀង អ្នកនាង ពេជ្រ សោភា ដើម្បីបកស្រាយ ជុំវិញការរិះគន់នេះនៅឡើយ​ទេ​​ ខណៈ Khmertalking ក៏មិនទាន់អាចស្វែងរក ការសួរនាំបន្ថែមពីនាងបានដែរនោះ ព្រោះតែ ពេជ្រ សោភា កំពុងតែសម្រាកព្យាបាលជំងឺ នៅក្នុងប្រទេសថៃ។

សូមបញ្ជាក់ថា «The Voice Cambodia» រដូវកាលទី២ ជាកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ ពិភព​លោ​ក និង​មានការផ្សាយផ្ទាល់ នៅលើក​ញ្ចក់ទូរទស្សន៍​ហង្សមាស ​រៀងរាល់​ថ្ងៃ​អាទិត្យ។ កម្មវិ​ធីនេះ ទទួលបាន​ការចាប់​អា​រម្មណ៍ និងមានប្រជាប្រិយភាពខ្លាំ​ង គួរឲ្យកត់សម្គាល់ ព្រមទាំងទទួ​ល​បា​នការគាំទ្រច្រើន ពី​ទស្សនិកជនគ្រប់ស្រទាប់វណ្ណៈ ខណៈគ្រូបង្វឹក​ (Coach) ក្នុងកម្មវិធីនេះ ​ត្រូ​វបានជ្រើ​សយកតារាចម្រៀងល្បីៗ ប្រចាំផលិត​កម្ម​​ ហង្ស​មា​ស៤​រូប ធ្វើជាគណៈកម្មកា​រ​កាត់សេចក្តី ដើម្បីដាក់ពិន្ទុឲ្យបេក្ខជន-បេក្ខនារី ចូលប្រឡង​។

គ្រូបង្វឹក ​(Coach) និងជាគណៈកម្មការទាំង៤រូប ដែលកំពុងមានវត្តមានអង្គុយលើ​កៅអី ក្នុងកម្មវិ​ធី «Th​e Voice Cambodia» រដូវកាលទី២ មា​នដូចជា​ តារាចម្រៀងអ្នកនាង ពេជ្រ សោភា,កញ្ញា ឱក សុគន្ធកញ្ញា, លោ​ក ឆន សុវណ្ណរាជ និង លោក ណុ​ប បាយ៉ារិទ្ធ។ គ្រូបង្វឹក​(Coach)៤រូប​នេះ គឺមាន​តួនាទីក្នុងការតាមដា​ន ដាក់ពិន្ទុនិងបង្ហាត់បង្រៀន ណែនាំបន្ថែមដល់បេក្ខជន ដើម្បីបានឈា​នទៅការប្រឡង ​​ចម្រា​ញ់យកអ្នកខ្លាំងពិត ក្នុ​ងចំណោមបេក្ខជន ដែលបានប្រឡងនោះ តាមរយៈការបោះឆ្នោត ពីសំណាក់មហាជន​ ទូទាំងប្រទេស៕

ប្រភព ៖
Khmer Talking

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload