​​ស្រុក​បាភ្នំ​ ត្រូវ​បាត់ភ្នំ ដោយសារ​​អ្នកណា?

ខេត្តព្រៃវែង ៖ មាន​ប្រជាពលរដ្ឋ​មួយចំ​នួន និង​ក្រុមហ៊ុន​ចំនួន​​៤ កំពុងតែ​​ធ្វើ​សកម្មភាព​ខួង​ថ្ម​ភ្នំ​ ដាក់រំសេវ​ ឬគ្រា ប់ដើម្បីចុច​ឱ្យផ្ទុះ​បំបែក​​ថ្ម​ភ្នំ​​ជាបំណែកៗ​រៀងរាល់ថ្ងៃ ដែលមាន​​រយៈ​ពេល​ជាង​៣០ឆ្នាំ​មក​​ហើយ​ ​ហើយ​​បច្ចុប្បន្ន​នេះ ភ្នំទាំងមូលនៅសល់​ប្រហែល​៣០% តែ​ប៉ុណ្ណោះ។

លោក​ឈុន ពុធគុណ មេឃុំ​ជើងភ្នំ​​បាន​ឱ្យ​ដឹងថា ភ្នំចំនួន៣ គឺ​មាន​ភ្នំថ្មបាញ់, ភ្នំ​ស្លឹកគ្រៃ និងភ្នំ​កំផ្លុត ដែលទាំង៣នេះ បានបែងចែក​ជា​​២​​ផ្នែក ។ ផ្នែកទី១​ ភាគ​ខាង​ជើង​ ហៅថា ភ្នំ​ថ្មបាញ់ បានចែកទៅជូន​ឱ្យប្រជាពលរដ្ឋ​ចំនួន១២០គ្រួសារ​ ដោយមួយគ្រួសារៗ​ទទួល​​បាន «ហាំថ្ម» ឬហៅថា «ម៉ាមុខ ឬ១ឡូត៍» ដែលមានទទឹង​ពី៤-៦ម៉ែត្រ ។

ក្នុង១២០គ្រួសារ​ «១២០ហាំថ្ម» ឬម៉ាមុខ៤ ទៅ៦ម៉ែត្រ គ្រួសារ​ខ្លះបានវាយថ្ម​ភ្នំលក់​រហូតធ្លាយ​ពីម្ខាងទៅម្ខាង​ទៀត​ មានន័យថា គាត់បាន​វាយ​ដាច់​១ហាំរបស់គាត់។ ដូច្នេះ ​គាត់​គ្មាន​ហាំវាយបន្ត​តទៅទៀតបានទេ គឺគ្មានថ្ម​វាយលក់​តទៅទៀត គឺគាត់​ងាក​មក​ជួយវាយឱ្យគេ ឬស៊ីឈ្នួល​វាយឱ្យគេ​ ដើម្បី​​យកកំរៃ​មកចិញ្ចឹម​ជីវិត ។