ស្លាប់​ដល់​ជិត​150​នាក់ ដោយសារ​ការ​វាយប្រហារ​ភេរវកម្ម​នានា​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី

សារព័ត៌មាន និង​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH រាយការណ៍​ថា ការ​វាយប្រហារ​ភេរវកម្ម​ដោយ​ប្រើ​គ្រឿងផ្ទុះ​មួយ​ចំនួន​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជិត​១៥០​នាក់ និង​របួស​យ៉ាងតិច​២០០​នាក់ កាលពី​ថ្ងៃ​ទី​២៣ ឧសភា នៅ​ទីក្រុង TARTOUS និង​ទីក្រុង JABLEH ជាទី​ក្រុង​២ ស្ថិត​នៅ​ជាប់​ឆ្នេរសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​របស់​ស៊ី​រី ក្នុង​តំបន់​ត្រួតត្រា​ដោយ​រដ្ឋាភិបាល ដែល​មាន​មូលដ្ឋាន​យោធា​នានា​របស់​រុ​ស្ស៊ី​។

តាម​រយៈ​ទីភ្នាក់ងារ​ព័ត៌មាន AMAQ របស់​ខ្លួន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បញ្ជាក់​ថា ក្រុម​ខ្លួន​ចង់​វាយប្រហារ​សំដៅលើ​បណ្តា​សមាជិក​សហគមន៍​ភាគតិច​អា​ឡា​ហ្វី​ត ជា​សាខា​អ៊ិ​ស្លា​ម​ស៊ី​អុ​ី​តរបស់​ប្រធានាធិបតី​ស៊ី​រី លោក​បា​ចា អាល់​អាសា​ដ ។

OSDH រៀបរាប់​ពី​ការ​វាយប្រហារ​អត្តឃាត​យ៉ាងតិច​៥ និង​ការ​វាយប្រហារ​ដោយ​បំផ្ទុះ​រថយន្ត​២ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​សរុប​១៤៨​នាក់ ។ បណ្តាសារ​ព័ត៌មាន​ផ្លូវការ​ស៊ី​រី​លើក​ឡើង​ពី​តុល្យការ​អ្នក​ស្លាប់​៧៨​នាក់ ក្នុង​ទីក្រុង​ទាំង​២​នេះ ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ប្រមាណ​ជា​៧០​គីឡូម៉ែត្រ រួច​ស្ថិត​ក្នុង​តំបន់​មាន​ទីតាំង​របស់​គ្រួសារ​លោក​អាសា​ដ ។

ជា​លើក​ដំបូង​ដែល​ទីក្រុង​ទាំង​២​នោះ​រង​ការ​វាយប្រហារ​បែប​នេះ ។ ទីក្រុង TATOUS ទីរួមខេត្ត​មានឈ្មោះ​ដូច​គ្នា​នេះ មាន​មូលដ្ឋាន​នាវាចរណ៍​រុ​ស្ស៊ី ហើយ​ក្រុង JABLEH ខេត្ត LATTAQUIE មាន​មូលដ្ឋាន​អាកាសចរណ៍​រុ​ស្ស៊ី ។

វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា ការ​វាយប្រហារ​ទាំងនេះ​បញ្ជាក់​ពី​ភាព​ចាំបាច់​ជំរុញ​ការ​ចរចា​សន្តិភាព បន្ទាប់​ពី​ត្រូវ​បរាជ័យ​កាលពី​ខែមេសា ខណៈ​បទ​ឈប់​បាញ់​គ្នា​មួយ​ត្រូវ​បង្កើត​ឡើង​ពី​ថ្ងៃ​ទី​២៧ កុម្ភៈ មក ។

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក​ឌី​មី​ទ្រី ប៉េ​ស្កូវ ថ្លែង​ថា បែប​នេះ​បង្ហាញ​ជា​ថ្មី​ម្តងទៀត ពី​ភាព​ផុយ​ស្រួយ​នៃ​សភាពការណ៍​នៅ​ស៊ី​រី ហើយ​ក៏​បញ្ជាក់​ជា​ថ្មី​ដែរ ពី​ភាព​ចាំបាច់​ចាត់វិធានការ​បន្ទាន់​នានា ដើម្បី​បន្ត​ដំណើរការ​ចរចា ។

 

ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន បាន​សម្តែង​ពី​ការ​ចូលរួម​មរណទុក្ខ​ចំពោះ​លោក​បា​ចា អាល់​អាសា​ដ ហើយ​ធានា​ថា ក្រុង​មូ​ស្គូ​នៅ​តែ​ប្តេជ្ញា​ចិត្ត​ជួយ​ទ្រទ្រង់​ដល់​រដ្ឋាភិបាល​ស៊ី​រី​ប្រឆាំង​ការ​គំរាមកំហែង​ភេរវកម្ម ។

យោង​តាម​ទូរទស្សន៍​រដ្ឋ​ស៊ី​រី​ថា ក្រសួងការបរទេស​ស៊ី​រី​បាន​ផ្ញើ​សារលិខិត​មួយ​ច្បាប់​ជូន អ​.​ស​.​ប ដែល​សារលិខិត​នោះ​ចាត់​ទុក​ការ​វាយប្រហារ​ទាំងនេះ​ថា ជា​ការ​បង្កើន​ប្រកប​ដោយ​គ្រោះថ្នាក់​នូវ​អំពើ​ហិង្សា ពី​សំណាក់​បណ្តា​របប​ប្រទូស្ត​រ៉ា​យ និង​ជ្រុ​ុ​ល​និយម​នៅ​ទីក្រុង​រី​យ៉ា​ដ អង់កា​រ៉ា និង​ដូ​ហា ដែល​ចង់​សំដៅលើ​ការ​ជួយ​ទ្រទ្រង់​ពួក​ឧទ្ទាម​ពី​សំណាក់​​ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត តួ​ក​គី និង​កា​តា ។

អគ្គលេខាធិការ អ​.​ស​.​ប លោក​បាន គី​មូ​ន បាន​ថ្កោលទោស​ការ​វាយប្រហារ​ទាំងនេះ ។ រួច​ខាង​ក្រសួងការបរទេស​បារាំង​ចាត់​ទុក​ការ​វាយប្រហារ​ទាំងនេះ​ថា ជា​អំពើ​កំសាក រួច​អំពាវនាវ​ឱ្យ​គោរព​ជា​បន្ទាន់​នូវ​បទ​ឈប់​បាញ់​គ្នា ដើម្បី​ឱ្យ​ការ​ចរចា​អន្តរ​ស៊ី​រី​អាច​ធ្វើ​ឡើង​វិញ​សម្រាប់​បង្កើត​ការ​ឆ្លងកាត់​នយោបាយ​មួយ ។

OSDH និង​បណ្តាសារ​ព័ត៌មាន​ស៊ី​រី​បញ្ជាក់​ថា មានការ​បំផ្ទុះ​គ្រាប់បែក​៤​នៅ​ទីក្រុង JABLEH ។ ការ​ផ្ទុះ​មួយ​កើត​មាន​ក្នុង​ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​មួយ ដែល​បុរស​អត្តឃាត​ម្នាក់​បាន​ធ្វើ​ឱ្យ​គ្រឿងផ្ទុះ​ដាក់​ជាប់​ខ្លួន​គេ​ផ្ទុះ ក្រោយ​ចូល​ដល់ទី​នោះ ។ ការ​ផ្ទុះ​មួយទៀត កើត​មាននៅ​ចំណតរថយន្ត​បឺស​មួយ ។ ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ក្រុង TARTOUS ក៏​សំដៅលើ​ចំណតរថយន្ត​បឺស​មួយ​ដែរ ។

បន្ទាប់​ពី​ការ​ប្រកាស​លើក​ទី​មួយ​ពី​ការ​វាយប្រហារ​ទាំងនេះ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​លើក​ទី​២ របស់​ខ្លួន​ថា ការ​វាយប្រហារ​ទាំងនេះ សំដៅលើ​ផ្នែក​ត្រួតត្រា​របស់​​រដ្ឋាភិបាល ដើម្បី​ឱ្យ​មនុស្ស​នៅ​ទីនោះ​ភ្លក្ស​រសជាតិ​នៃ​ការ​ស្លាប់​ដូច​ការ​ស្លាប់​របស់​បណ្តាជន​អ៊ិ​ស្លា​ម ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី និង​របស់​រដ្ឋា​ភិបាល​​ស៊ី​រី​លើ​បណ្តា​មូលដ្ឋាន​អ៊ិ​ស្លា​ម ៕