បុរស​ម្នាក់​លោត​ចូល​ទ្រុង​តោ​ប៉ុនប៉ង​ធ្វើ​អត្តឃាត

វិទ្យុ​ស៊ី​លី BIOBIO រាយការណ៍​ថា យុវជន​ម្នាក់​អាយុ​២០​ឆ្នាំ ប៉ុនប៉ង​ធ្វើ​អត្តឃាត​ដោយ​លោត​ទាំង​ស្រាត​ចូល​ក្នុង​ទ្រុង​តោ​នៅ​ឯ​សួនសត្វ METROPOLITAN ZOO ក្រុង​សាន់​ទី​យ៉ា​ហ្គោ ប្រទេស​ស៊ី​លី ។ បុរស​នេះ​ត្រូវ​ពួក​តោ​ខាំ​របួស​ធ្ងន់ធ្ងរ ក៏​ប៉ុន្តែ​អាច​គេច​ផុត​ពី​ការ​ស្លាប់ ។

ពេល​ដើរ​លេង​ក្នុង​សួនសត្វ យុវជន FRANCO LUIS FERRADA ធ្វើខ្លួន​ដូច​ជា​អ្នក​ដើរ​មើល​ដោយ​ទិញ​សំបុត្រ​ចូល ។ បន្ទាប់​មក​រូបគេ​គេចខ្លួន​ពី​ប្រព័ន្ធ​សន្តិសុខ ហើយ​ឡើង​លើដំបូល​ទ្រង់​ដាក់​ពពួកសត្វ​សាហាវ ។ យុវជន​នេះ​ដោះ​សម្លៀក​បំពាក់​ចេញ រួច​ក៏​លោត​ចូល​ក្នុង​ទ្រុងមាន​តោ​ឈ្មោល​អាហ្វ្រិក​មួយ​ក្បាល និង​តោ​ញី​មួយ​ក្បាល ។ ពេល​នោះ​តោ​ទាំងនេះ​ចាប់​ប្រឡែង​យុវជន​នេះ ហើយ​ក៏​វាយប្រហារ​។ បុរស​នេះ​ភ័យ​ខ្លាំង​ណាស់ ស្រែក​រក​អ្វី​ជួយ ពិសេស​ព្រះ​យេស៊ូ ។ តាម​វី​ដេ​អូ​ជា​ច្រើន​ផ្សាយ​តាម YOUTUBE គេ​ឃើញ​យុវជន​នេះ​ដេក​ដួល​លើ​ដី លាដៃ ហើយ​ពួក​តោ​គ្រញេច​លើ​ក្បាល​គេ ។

មានការ​ប្រកាស​អាសន្ន​បុគ្គលិក​សន្តិសុខ​សួនសត្វ​ដំបូង​ប៉ុនប៉ង​បំបែក​សត្វ​តោ​ទាំងនេះ ឱ្យ​ដើរ​ចេញ​តែ​មិន​សម្រេច ។ បុគ្គលិក​ម្នាក់​ជះ​ទឹក​ចូល​ទ្រង់ បន្ទាប់​មក​ក៏​ជម្លៀស​មនុស្ស​ចេញ ហើយ​បាញ់ប្រហារ ។ តោ​ទាំង​២​ក្បាលមាន​អាយុប្រមាណ​ជា​២២​ឆ្នាំ​ត្រូវ​ងាប់​នៅ​នឹង​កន្លែង​ញ៉ាំង​ឱ្យ​មានការ​រិះគន់​នានា ។ នាយិកា​សួនសត្វ​នេះ លោកស្រី ALEJANDRA MONTALVA មាន​ប្រសាសន៍​ថា ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ពួក​តោ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ក៏​ប៉ុន្តែ​ត្រូវ​លះបង់​សមាជិក​២​នៃ​គ្រួសារ​របស់​យើង ៕