មានដឹងអត់ តារាហូលីវូដណាខ្លះ សុខចិត្តសម្រកទម្ងន់ រហូតស្គមស្គាំងខ្លាំង ដើម្បីថតរឿង?

បរទេស៖ កាលពីពេលថ្មីៗនេះ គេហទំព័របរទេសមួយ បានចងក្រងនូវបណ្តុំរូបភាព បង្ហាញឲ្យឃើញពី តារាសម្តែងហូលីវូដ ដែលមានឈ្មោះល្បីៗ សុខចិត្តឆ្លងកាត់ ការសម្រកទម្ងន់ រហូតដល់ស្គមស្គាំងខ្លាំង ដើម្បីត្រូវនឹងតម្រូវការ ក្នុងការថតខ្សែភាពយន្ត។

ក្នុងនោះដែរ តារាសម្តែងល្បីៗឈ្មោះ ដូចជា Chris Hemsworth , Christian Bale និង 50 Cent ក៏ធ្លាប់បានឆ្លងកាត់ បទពិសោធន៍ ដ៏គួរឲ្យខ្លាច នោះផងដែរ។

ចង់ដឹងថា តើតារាហូលីវូដណាខ្លះ ធ្លាប់ឆ្លងកាត់បទពិសោធន៍មួយនេះ ទៅតាមដាន ទាំងអស់គ្នា៖

១) តារាសម្តែងសញ្ជាតិអូស្ត្រាលី វ័យ៣២ឆ្នាំ លោក Chris Hemsworth បានឆ្លងកាត់ ការសម្រកទម្ងន់ នៅក្នុងខ្សែភាពយន្ត រឿង «In the Heart of the Sea» ក្នុងឆ្នាំ២០១៥ ដោយទទួលទានអាហារ ដែលមានជាតិកាឡូរី តិចជាង៥០០ ក្នុងមួយថ្ងៃ។

២) តារាសម្តែងសញ្ជាតិអង់គ្លេស វ័យ៤២ឆ្នាំ លោក Christian Bale បានឆ្លងកាត់ ការសម្រកទម្ងន់ នៅក្នុងខ្សែភាពយន្ត រឿង «The Machinist» ក្នុងឆ្នាំ២០០៤ ដោយតារាសម្តែង ដែលត្រូវបានគេស្គាល់ច្រើន តាមរយៈការដើរតួសម្តែង ជា Batman ក្នុងរឿង «The Dark Knight» រូបនេះ បានស្រកទម្ងន់ អស់ប្រមាណជា ២៨គីឡូក្រាម ក្រោមការមើលថែទាំពីគ្រូពេទ្យ។

៣) តារាចម្រៀងរ៉េប និងសម្តែង សញ្ជាតិអាមេរិក វ័យ៤០ឆ្នាំ លោក Curtis James Jackson III ឬគ្រប់គ្នាតែងហៅថា 50 Cent បានឆ្លងកាត់ ការសម្រកទម្ងន់ នៅក្នុងខ្សែភាពយន្ត រឿង «All Things Fall Apart» ក្នុងឆ្នាំ២០១១ ដោយស្រកទម្ងន់ អស់ប្រមាណជា ២២គីឡូក្រាម ដើម្បីដើរតួជា កីឡាករបាល់ទាត់ ដែលមានជំងឺមហារីក។

៤) តារាសម្តែងសញ្ជាតិអាមេរិក វ័យ៤៥ឆ្នាំ លោក Matt Damon បានឆ្លងកាត់ ការសម្រកទម្ងន់ នៅក្នុងខ្សែភាពយន្ត រឿង «Courage Under Fire» ក្នុងឆ្នាំ១៩៩៦ ដោយតារាសម្តែងរូបនេះ បានសារភាពថា ខ្លួនប្រឈមនឹងផលវិបាកជាច្រើន បន្ទាប់ពីសម្រកទម្ងន់រួច ហើយត្រូវប្រើថ្នាំពេទ្យ អស់រយៈពេលមួយឆ្នាំ ដើម្បីឲ្យក្រពេញនៃក្រលៀន វិលមកសភាពដូចដើមវិញ។

៥) តារាសម្តែងសញ្ជាតិអាមេរិក វ័យ៥៩ឆ្នាំ លោក Tom Hanks បានឆ្លងកាត់ ការសម្រកទម្ងន់ នៅក្នុងខ្សែភាពយន្ត រឿង «Cast Away» ក្នុងឆ្នាំ២០០០ ដោយស្រកទម្ងន់ អស់ប្រមាណជា ២៥គីឡូក្រាមឯណោះ។

៦) តារាសម្តែងសញ្ជាតិអាមេរិក វ័យ៤៦ឆ្នាំ លោក Matthew McConaughey បានឆ្លងកាត់ ការសម្រកទម្ងន់ នៅក្នុងខ្សែភាពយន្ត រឿង «Dallas Buyers Club» ក្នុងឆ្នាំ២០១៣ ដោយស្រកទម្ងន់ អស់ប្រមាណជា ២១គីឡូក្រាម ដើម្បីដើរតួជា អ្នកជំងឺអេដស៍ ក្នុងខ្សែភាពយន្តមួយនេះ។ ក្រោយមក គាត់បានឈ្នះ ពានរង្វាន់អូស្កា ក្នុងការដើរតួអង្គមួយនេះ។

៧) តារាសម្តែងកូនកាត់អាល្លឺម៉ង់-អៀរឡង់ វ័យ៣៩ឆ្នាំ លោក Michael Fassbender បានឆ្លងកាត់ ការសម្រកទម្ងន់ នៅក្នុងខ្សែភាពយន្ត រឿង «Hunger» ក្នុងឆ្នាំ២០០៨ ដោយស្រកទម្ងន់ អស់ប្រមាណជា ១៩គីឡូក្រាម។

៨) តារាសម្តែងសញ្ជាតិអាមេរិក វ័យ៤៤ឆ្នាំ លោក Jared Leto បានឆ្លងកាត់ ការសម្រកទម្ងន់ នៅក្នុងខ្សែភាពយន្ត រឿង «Requiem for a Dream» ក្នុងឆ្នាំ២០០០ និង រឿង «Dallas Buyer's Club» ក្នុងឆ្នាំ២០១៣ ដោយស្រកទម្ងន់ អស់ប្រមាណជា ១១គីឡូក្រាម ដើម្បីដើរតួជា អ្នកញៀនថ្នាំ ក្នុងរឿង «Requiem for a Dream» ហើយបានឡើងទម្ងន់ ប្រមាណជា ២៧គីឡូក្រាម ដើម្បីដើរតួជា ឃាតករ នៅក្នុងខ្សែភាពយន្ត រឿង «Chapter 27» ក្នុងឆ្នាំ២០០៧ និង ស្រកទម្ងន់វិញ អស់ប្រមាណជា ១៨គីឡូក្រាមវិញ ដើម្បីដើរតួជា មនុស្សខ្ទើយញៀនថ្នាំ ដែលកើតមានជំងឺអេដស៍ ក្នុងរឿង «Dallas Buyer's Club» ដូចតារាសម្តែង Matthew McConaughey ដែរ៕

ប្រភព ៖
បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload