១០ ចំណុច ដើម្បីភ្ញាក់ពីគេង ឲ្យបានលឿន នៅពេលព្រឹកព្រលឹម

ការភ្ញាក់ពីព្រលឹម អាចផ្តល់ពេលវេលាឲ្យអ្នក សម្រាប់ផ្តោតអារម្មណ៍ និងបង្កើនការច្នៃប្រឌិត។ ពេលព្រឹកព្រលឹម ពោរពេញទៅដោយភាពស្ងប់ស្ងាត់ នៅពេលដែលពិភពលោកមិនទាន់ចាប់ផ្តើមដំណើរការ  ជាពេលវេលាដ៏ល្អឥតខ្ចោះសម្រាប់ធ្វើការសមាធិ  ការសរសេរ  ការធ្វើលំហាត់ប្រាណ និងការអានយ៉ាងស្ងប់ស្ងាត់។

ប៉ុន្តែបញ្ហាគឺថា អ្នកមិនអាចក្រោកពីគេងបានលឿនឡើយ  អ្នកគ្រាន់តែមានគំនិតចង់ធ្វើ តែធ្វើជាក់ស្តែងមិនទាន់បាន។ ការបង្កើតនូវទម្លាប់ភ្ញាក់ពីព្រលឹមអាចជារឿងមួយដែលពិបាក ប៉ុន្តែខាងក្រោមនេះជាវិធីទាំង ១០ ដែលនឹងជួយអ្នកបាន៖

#១. ចូលគេងពីព្រលប់

នេះជាចំណុចសំខាន់ណាស់ ដើម្បីសម្រេចការភ្ញាក់ពីគេង ពេលព្រលឹមបាន។ ប្រសិនបើអ្នកមិនទទួលបាន ការគេងអោយច្រើនគ្រប់គ្រាន់ តាមដែលអ្នកត្រូវការទេនោះ អ្នកនឹងមិនអាចក្រោកចេញពីគ្រែបានទេ ហើយក្បាលរបស់អ្នកនៅតែរងីរងើនៅឡើយ។

#២. ដាក់ម៉ោងរោទិ៍មុន ១នាទីរៀងរាល់ថ្ងៃ

ប្រសិនបើអ្នកធ្លាប់តែភ្ញាក់នៅម៉ោង ៧ព្រឹក ហើយអ្នកចង់ព្យាយាមក្រោកនៅម៉ោង ៥ កន្លះព្រឹកវិញនោះ អ្នកអាចចាប់ផ្តើមដោយការដាក់នាឡិការោទិ៍ថយក្រោយម្តង ១នាទីជារៀងរាល់ថ្ងៃ។ ភាពផ្លាស់ប្តូរនឹងចាប់ផ្តើមបន្តិចម្តងៗ ដែលអ្នកអាចនឹងមិនដឹងខ្លូន។ ឧទាហរណ៍៖ ៧:០០ - ៦:៥៩ - ៦:៥៨.. -ល- ។

#៣. ពាក់របាំងភ្នែកគេង

ទោះបីជាអ្នកគេង បិទភ្លើងក៏ដោយ, ក៏អាចនៅមានពន្លឺនៅខាងក្រៅ និងពន្លឺពីគ្រឿងអេឡិចត្រូនិច ដែលអាចរារាំងការគេងរបស់អ្នកបានដែរ។ ដូច្នេះដើម្បីគេងអោយបានពេញលេញ និងជំរុញ Metalonin (អរម៉ូនដែលជួយឲ្យគេងបានលក់ស្រួល) បានល្អ, អ្នកគួរទប់ស្កាត់ពន្លឺទាំងនោះ ដោយពាក់របាំងភ្នែកនៅពេលគេង ដែលនឹងធ្វើឲ្យអ្នកសំរាកបានលក់ស្រួល យ៉ាងមានប្រសិទ្ធិភាព។

#៤. កុំគេងថ្ងៃ

វានឹងក្លាយជាភាពងាយស្រួលក្នុងការចូលគេង ប្រសិនបើអ្នកកំពុងតែងងុយគេងស្រាប់។ អ្នកគួរលះបង់ការសម្រាកថ្ងៃត្រង់ ប្រសិនបើអ្នកអស់កម្លាំងក៏ដោយ។ ជាក់ស្តែង អ្នកអាចញ៉ាំផ្លែប៉ោមមួយផ្លែ ឬដើរទៅដើរមក ដើម្បីជំនួសវិញ។ ការគេងថ្ងៃរយៈពេលខ្លី ត្រឹម ២០នាទី ឬតិចជាងនេះ គឺអាចជាការល្អ។ តែប្រសិនបើគេងយូរជាងនេះ, អ្នកនឹងមានអារម្មណ៍ថាធីងធោងជាមិនខាន, ហើយបន្ទាប់មកគឺធ្វើឲ្យយើងចូលគេងយឺត។

#៥. ជៀសវាងការសន្ទនាដែលមានភាពតានតឹង មុនពេលគេង

មនុស្សជាច្រើនតែងតែនិយាយថា “កុំចូលគេងទាំងអារម្មណ៍ខឹង”។ អ្នកជំនាញជាច្រើន ក៏បានផ្តល់អនុសាសន៍ទៅលើការគេងបែបនេះដែរ, ដើម្បីអោយអ្នកក្រោកពីដំណេកមកមានភាពស្រស់ស្រាយ នៅពេលព្រឹក។ សូម្បីតែមើលរឿង ឬខ្សែភាពយន្តដែលអាចនាំអោយប៉ះពាល់អារម្មណ៍ ក៏ធ្វើឲ្យអ្នកភ្ញាក់ដែរ។ 

#៦. កុំបរិភោគអាហារក្រោយម៉ោង ៨យប់

ការទទួលទានអាហារនៅពេលយប់ អាចនឹងធ្វើអោយអ្នកមិនសូវងងុយគេងទេ។ ប្រសិនបើអ្នកបរិភោគពេលដែលអ្នកជិតចូលគេង, ក្រពះរបស់អ្នកនឹងប្រមូលកម្លាំងក្នុងការកិនបំបែក អាហារ, ខណៈពេលដែលរាងកាយរបស់អ្នកគួរតែសម្រាក។ ការដែលធ្វើបែបនេះ អាចបណ្តាលអោយមានបញ្ហារំលាយអាហារ និងក្រហាយក្នុងដើមទ្រូង ជាដើម។

#៧. កុំពិសាគ្រឿងស្រវឹង មុនចូលគេង

អ្នកប្រហែលជាគិតថា ការសេពគ្រឿងស្រវឹង អាចធ្វើអោយអារម្មណ៍របស់អ្នកធូរស្រាល និងឆាប់គេងលក់។ ប៉ុន្តែការផឹកគ្រឿងស្រវឹង មុនពេលចូលគេងអាចនឹងរំខានដល់ វដ្តរបស់ដំណេក, វាធ្វើអោយមានការលំបាកកាន់តែខ្លាំង ដើម្បីក្រោកឡើងនៅព្រឹកបន្ទាប់នោះ ហើយវានឹងទុកអោយអ្នកមានអារម្មណ៍ធីងធោង។

#៨. បង្កើនអារម្មណ៍ធូរស្រាល

ធ្វើអោយផ្ទះរបស់អ្នក ទៅជាឋានសួគ៌ មួយម៉ោងមុនពេលអ្នកចូលគេង ដែលមានដូចជា  ងូតទឹកឲ្យត្រជាក់ស្រួល រៀបចំគ្រែនិងពូក និងស្លៀកសម្លៀកបំពាក់ដែលផ្តល់ផាសុកភាព ជាដើម -ល-។

#៩. ស្ទុះចេញពីគ្រែ

ស្តាប់ទៅដូចជាឆ្កួតបន្តិច តែវាដូចជាការប្តេជ្ញាចិត្តដ៏ខ្លាំងក្លាមួយចឹង។ វានឹងធ្វើអោយអ្នកភ្ញាក់ពីគេង ដោយមិនទ្រេតទ្រោត អូសបន្លាយពេលទេ។ ចូរអ្នកស្ទុះចេញពីគ្រែ ហើយលាតសន្ធឹងដៃអោយត្រង់ ដើម្បីភាពស្រស់ថ្លា។

#១០. រក្សាគោលដៅអោយនៅក្នុងចិត្ត

រំលឹកខ្លួនឯងថា ហេតុអ្វីបានជាអ្នកចង់ភ្ញាក់ពីព្រលឹម។ ជាមួយនឹងការកំនត់គោលដៅយ៉ាងច្បាស់ ដើម្បីគិតមុនពេលទៅគេង, វានឹងផ្តល់ភាពងាយស្រួល ដើម្បីអោយមានអារម្មណ៍ជំរុញចិត្តរបស់យើង អោយភ្ញាក់បានលឿន៕

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

១០ ចំណុច ដើម្បីភ្ញាក់ពីគេង ឲ្យបានលឿន នៅពេលព្រឹកព្រលឹម

១០ ចំណុច ដើម្បីភ្ញាក់ពីគេង ឲ្យបានលឿន នៅពេលព្រឹកព្រលឹម