បាក់​ដី​នៅ​ភូមា​ស្លាប់​យ៉ាងតិច​11​នាក់

យោង​តាម​អាជ្ញាធរ​មូលដ្ឋាន​ថា កម្មករ​រ៉ែ​ខុសច្បាប់​១១​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​យប់​ថ្ងៃ​ទី​២៣ ឧសភា ដោយសារ​ការ​បាក់​ដី​មួយ​នៅ​ក្បែរ​អណ្តូងរ៉ែ​ថ្លើមថ្ម​មួយ​នា​ភាគ​ខាងជើង​ភូមា រួច​មនុស្ស​ជា​ច្រើន​នាក់​ទៀត​អាច​កប់​នៅ​ក្រោម​ដី ។

ពលករ​ភូមា​ជា​ច្រើន​ពាន់​នាក់ ដោយសារ​ភាព​ក្រីក្រ​បាន​លើកគ្នា​ទៅ​កាន់​តំបន់​ក្បែរ​ព្រំដែន​ចិន​នោះ ប៉ុនប៉ង​ជីក​កកាយ​រក​ថ្លើមថ្ម​ជា​សកម្មភាព​មួយ​គ្មាន​ការ​ត្រួតពិនិត្យ ហើយ​ក្រុមហ៊ុន​ទាំងឡាយ​ចេះ​តែ​បិទ​ភ្នែក ។ ពួក​អ្នក​ជួយ​សង្គ្រោះ​ខិតខំ​ទាំង​យប់ ហើយ​កាយ​រក​ឃើញ​សាកសព​មនុស្ស​១១​នាក់ រហូត​មក​ទល់​ពេល​នេះ ។ អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ខេត្ត HPAKANT ជា​តំបន់​សំបូរ​ថ្លើមថ្ម​អះអាង​ថា ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​បន្ត ទោះបី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ។ យើង​គិត​ថា មាន​មនុស្ស​ប្រមាណ​ជា​២០០​នាក់​កំពុងធ្វើការ​នៅ​តំបន់​នេះ​ពេល​មានការ​បាក់​ដី ៕