អាវុធហត្ថ​ខេត្ត ឃាត់​ខ្លួនមុខសញ្ញា​ជួញដូរ​គ្រឿងញៀន ​បានជា​បន្តបន្ទាប់ ចំនួន​៣​នាក់​

អាវុធហត្ថ​ខេត្ត ឃាត់​ខ្លួនមុខសញ្ញា​ជួញដូរ​គ្រឿងញៀន ​បានជា​បន្តបន្ទាប់ ចំនួន​៣​នាក់​



​បាត់ដំបង ៖ ជនសង្ស័យ​ចំនួន​ ៣​នាក់​ដែល​កន្លងមក​ គឺជា​មុខសញ្ញា​ចែ​ល​ចាយ​គ្រឿងញៀន ​​យ៉ាងសកម្មត្រូវបាន​កំលាំង​មន្ទីរ​យុ​ត្តិ​ធម៌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ខណៈដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ជាក់ស្តែង​នៅ​ទីកន្លែង​ខុសៗ​គ្នា។​

​នៅវេលា​ម៉ោង ២ និង​២០ នាទី រសៀល ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៦ បន្ទាប់ពី​ទទួលបាន​នូវ​ព័ត៌មាន ​ស្តី​ពី​ករណី​ចែកចាយ​គ្រឿងញៀន​រួចមក លោក​សូ ឌី បាន​ចាត់​កម្លាំង​មន្ទីរ​យុត្តិធម៌ ​ចុះ​ទៅដល់​ចំណុច​ភូមិ អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង ព្រមទាំង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ អោម ឫទ្ធី ហៅ​ខាន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ដោយ​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន ០១ កញ្ចប់​តូច មាន​ទម្ងន់ ០,៥៣ ក្រាម​, ទូរស័ព្ទដៃ ០១ គ្រឿង និង ម៉ូតូ ០១ គ្រឿង ម៉ា​ករី​ប៊ែ​ល ។​

​ក្រោយពី​ទទួលបាន​នូវ​ចម្លើយសារភាព និង​ក្រោយពី​បាន​សុំ​យោបល់​ពី​លោក​​ព្រះរាជអាជ្ញារង ហេង លុយ រួចមក នៅ​ម៉ោង​៥ ល្ងាច ថ្ងៃ​.​ខែ​.​ឆ្នាំ ដដែល កំលាំង​បានធ្វើការ​ឆែកឆេរ​ លំនៅ​ដ្ឋា​ន​ចំនួន​ពីរកន្លែង​ ដែលជា​របស់​ជនសង្ស័យ គឺ​លំនៅដ្ឋាន​ទី ០១ ស្ថិត​ក្នុងភូមិ រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ព្រមទាំង​បាន​ឃាត់ខ្លួន​មនុស្ស​ម្នាក់​ឈ្មោះ រ៉េត សុភា​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ដែល​កំពុង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ផ្ទះ ដោយ​កំលាំង​បានធ្វើ​ការដកហូត​វត្ថុតាង ​រួមមាន បំពង់​ទែ​រ​ម៉ូ​ម៉ែត្រ ចំនួន ០១ ដែលមាន​កំទេច​គ្រឿងញៀន​ក្នុង​បំពង់​ ដែកកេស​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន ចំនួន ០១ ទុយោ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ០២ ។​

​លំនៅដ្ឋាន​ទី​២ ស្ថិត​ក្នុងភូមិ ស្វាយ​ធំ ឃុំ អូរ​ដំបង​២ ស្រុក សង្កែ ខេត្ត បាត់ដំបង កំលាំង​បានធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ជុំ ខេមរិន្ទ ហៅ​ប៉ង់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ចាប់យក​វត្ថុតាង​រួមមាន គ្រឿងញៀន​ម៉ា​ទឹកកក ចំនួន ០៤ កញ្ចប់ មាន​ទម្ងន់ ៧,៧៩ ក្រាម​ ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ ១គ្រឿង និង ដាវ​សាំ​ម៉ា​រ៉ៃ​១​ដើម។​

​បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង ត្រូវបាន​កំលាំង​កងរាជអាវុធហត្ថ​ខេត្ត កំពុងធ្វើការ​សាកសួរ​នៅ​ការិយាល័យ​បទល្មើស​គ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង និង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី ៕