ក្រសួងសុខាភិបាល​​​ចេញបទបញ្ជា​ឲ្យបិទ​​គ្លីនិក​ឯកជន​​​ក្រោយ​បុរសម្នាក់ស្លាប់​

កាលពីម្សិលមិញ ក្រសួងសុខាភិបាលបានចេញបទបញ្ជាឲ្យបិទគ្លីនិកឯកជនដ៏ធំមួយក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ មួយថ្ងៃបន្ទាប់ ពីបុរសម្នាក់ដែលទទួលការព្យាបាលនៅទីនោះបានស្លាប់ភ្លាមៗ នេះបើយោងតាមប្រពន្ធរបស់បុរសរូបនេះ និងសេចក្តី សម្រេចមួយរបស់រដ្ឋាភិបាល។ យោងតាមសេចក្តីសម្រេចមួយចុះហត្ថលេខាកាលពីម្សិលមិញ ដោយលោក  ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល គ្លីនិកនេះដែលមានឈ្មោះ ឃឹម រ៉ានី ហើយមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកក់១ ត្រូវបានបញ្ជាឲ្យបិទ ដោយមូលហេតុថា គ្លីនិកនេះ ”បង្កឲ្យមានបញ្ហាជាច្រើនលើកច្រើនសានាពេលកន្លងមកដោយមិនគោរពទៅតាមកិច្ចសន្យារបស់ខ្លួនពេលដាក់ពាក្យសុំបើកមន្ទីរសម្រាកព្យាបាល និងមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល” ។ សេចក្តីសម្រេចនេះមិនបានរៀបរាប់ លម្អិតថា តើគ្លីនិកនេះធ្លាប់បានធ្វើអ្វីខុសពីមុនមក ឬក៏ថា តើហេតុអ្វីបានជាវាត្រូវបិទនោះឡើយ។ ទោះជាយ៉ាងណា ចំណត់ការនេះធ្វើឡើងស្របពេលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចុះផ្សាយព្រោងព្រាតអំពីការស្លាប់របស់អ្នកជំងឺអាយុ២៨ឆ្នាំម្នាក់ឈ្មោះ ឡាំ  តៅគង់ ដែលត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ពេលគាត់ដកដង្ហើមផុតៗ  បន្ទាប់គ្រូពេទ្យនៅក្នុងគ្លីនិកនេះបានចាក់ថ្នាំបំបាត់ការឈឺចុកចាប់ខ្នងឲ្យគាត់។ ប្រពន្ធរបស់បុរសរូបនេះឈ្មោះ សុខ រ័ត្នមុនី បានលើកឡើងថា ប្តីរបស់គាត់បានទៅកាន់គ្លីនិកនេះដោយសារមានការឈឺចុកចាប់ឆ្អឹងខ្នង និងឈឺក្បាលកាលពីថ្ងៃអាទិត្យហើយគ្រូពេទ្យម្នាក់នៅទីនោះបានចាក់ថ្នាំឲ្យគាត់។  ប្រហែល២០នាទីក្រោយមក គាត់បានចាប់ផ្តើមប្រកាច់បែកពពុះមាត់ ពិបាកដកដង្ហើម ហើយក្រោយមកត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដែលប្រាប់ថា គាត់បានផុតដង្ហើមបាត់ទៅហើយពេលទៅដល់។ អ្នកស្រី រ័ត្នមុនី បានលើកឡើងទៀតថា ប្តីរបស់គាត់មានសុខភាពល្អ ហើយទើបតែចាប់ផ្តើមឈឺចុកចាប់ឆ្អឹងខ្នងនៅយប់មុនពេលគាត់ស្លាប់។ អ្នកស្រីបានលើកឡើងបន្ថែមទៀតថា អ្នកស្រីបានដាក់ពាក្យប្តឹងទៅកាន់នគរបាលបន្ទាប់ពីប្តីរបស់គាត់ស្លាប់ ដោយនិយាយថា ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ គ្លីនិកមិនគួរចាក់ថ្នាំឲ្យប្តីរបស់គាត់ ដោយគ្មានការអនុញ្ញាតត្រឹមត្រូវពីគាត់ឬពីសមាជិកគ្រួសារនោះឡើយ ប៉ុន្តែផ្ទុយទៅវិញ គ្រូពេទ្យបានប្រាប់ឲ្យមិត្តភក្តិរបស់ប្តីគាត់ដែលដឹកគាត់ទៅកាន់គ្លីនិកផ្តិតមេដៃយល់ព្រមជំនួស។ អ្នកស្រី រ័ត្នមុនី បាននិយាយថា “ពួកគេបានប្រាប់ឲ្យបុរសនោះផ្តិតមេដៃដើម្បីអនុញ្ញាតឲ្យមន្ទីរពេទ្យចាក់ថ្នាំឲ្យគាត់។ វាគួរតែជាខ្ញុំ ឬសាច់ញាតិដែលជាអ្នកផ្តិតមេដៃ”។ វេជ្ជបណ្ឌិត ឃឹម រ៉ានី ម្ចាស់គ្លីនិកនេះបាននិយាយការពារការព្យាបាលរបស់ខ្លួនឲ្យលោក ឡាំ តៅគង់ ដោយលើកឡើងថា  លោកស្រីចាក់ថ្នាំដោយផ្ទាល់ទៅឲ្យគាត់ដោយប្រើថ្នាំបំបាត់ការឈឺចុកចាប់ចំណុះ៣០០មីលី្លក្រាម និងថ្នាំ dexamethasone ចំណុះ៥មីល្លីក្រាម។ យោងតាមវេជ្ជបណ្ឌិតរូបនេះ បានឲ្យដឹងថា លោក ឡាំ តៅគង់ ស្លាប់ដោយសារគាំងបេះដូងហើយមិនបានដឹងថា គាត់មានជំងឺបេះដូង នោះទេ។ លោកស្រីបានបដិសេធលទ្ធភាពដែលថា គាត់ប្រតិកម្មថ្នាំ ដែលលោកស្រីចាក់ឲ្យ ហើយថា លោកស្រីធ្វើតាមលក្ខណៈត្រឹមត្រូវ បន្ទាប់ពីគាត់ជួបបញ្ហាពិបាកដកដង្ហើម។ លោកស្រីបានមានប្រសាសន៍ថា “អ្នកជំងឺរត់មកហៅឲ្យខ្ញុំឲ្យជួយ ខ្ញុំចាក់ថ្នាំឲ្យគាត់ដើម្បីកាត់បន្ថយការឈឺចុកចាប់ មុនពេលបញ្ជូនគាត់បន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែត”។ លោកស្រីបានលើកឡើងទៀតថា  លោកស្រីមិនដឹងទេថា ហេតុអ្វីបានជាក្រសួងសុខាភិបាលបិទគ្លីនិករបស់គាត់ ហើយអះអាងថា លោកស្រីមិនដែលត្រូវបានរដ្ឋាភិបាលបន្ទោសនោះទេនាពេលកន្លងមក។ ទោះជាយ៉ាងណា នគរបាលបានលើកឡើងកាលពីខែកញ្ញាថា ពួកគេបានសាកសួរលោកស្រីជុំវិញហេតុការណ៍គ្រោះថ្នាក់បុកហើយរត់បណ្តាលឲ្យមនុស្សស្លាប់ពាក់ព័ន្ធនឹងរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងក្នុងចំណោមរថយន្តសង្គ្រោះបន្ទាន់ផ្សេងៗទៀតរបស់គ្លីនិកនេះ។ លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងថា លោកមិនដឹងអំពីបទបញ្ជារបស់ក្រសួងឲ្យបិទគ្លីនិកនេះឡើយ ដោយបង្វែរសំណួរទៅមន្ត្រីសុខាភិបាលមូលដ្ឋាន។ លោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញមិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេ។ លោក Chris Grundmann នាយកប្រចាំប្រទេសនៃក្រុមហ៊ុនសិក្សាស្រាវជ្រាវ University Research Co. ដែលអនុវត្តកម្មវិធីផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកដើម្បីពង្រឹងសេវាថែទាំសុខភាពបានលើកឡើងថា  លោកសង្ឃឹមថា ការបិទគ្លីនិក ឃឹម រ៉ានី ភ្លាមៗនេះនឹងផ្ញើសារដ៏មានឥទ្ធិពលទៅកាន់គ្លីនិកឯកជនផ្សេងៗទៀតដែលជារឿយៗរដ្ឋាភិ បាលគ្រប់គ្រងមិនបានល្អ ដើម្បីពង្រឹងបទដ្ឋានសេវាថែទាំសុខាភាពរបស់ពួកគេ។ លោកបានមានប្រសាសន៍ថា ”វាគឺជាសារដ៏ល្អ ព្រោះប្រសិនបើមានមនុស្សដែលឈឺពិតប្រាកដទៅរកគ្លីនិករបស់លោកអ្នក  ហើយអស់លោកអ្នកមិនមានជំនាញព្យាបាល ទេនោះ សូមនាំពួកគេទៅកាន់មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។ កុំចំណាយពេលពីរម៉ោងដើម្បីព្យាយាមយកលុយ១០០ដុល្លារ ឬ២៥០ ដុល្លារចេញពី ហោប៉ៅរបស់ពួកគេ មុនពេលអស់លោកអ្នកធ្វើដូច្នោះ”។ លោកបានបន្ថែមថា ”ភាពកម្សោយខ្លាំងបំផុតរបស់គ្លីនិកឯកជន ជាពិសេសនៅក្នុងរាជធានីភ្នំពេញ គឺនៅត្រង់ថា ពួកគេតាមពិតទៅមិនបានផ្តល់សេវាថែទាំដ៏មានតម្លៃនោះឡើយ ហើយនៅពេលកើតមានបញ្ហា ពួកគេដឹកអ្នកជំងឺទៅចាក់ចោលនៅមន្ទីរពេទ្យរដ្ឋ អ៊ីចឹងតើមានអ្វីកើតឡើងឲ្យពិតប្រាកដ នៅទីនេះ”៕ស៊ុយឈាង       © 2016, ខេមបូឌា ដេលី. All […]

The post ក្រសួងសុខាភិបាល​​​ចេញបទបញ្ជា​ឲ្យបិទ​​គ្លីនិក​ឯកជន​​​ក្រោយ​បុរសម្នាក់ស្លាប់​ appeared first on The Cambodia Daily.