កក្រើក​ដល់​ព្រះ​អង្គ រាជវាំង​ច្រានចោល​ព័ត៌មាន​ដែល​ថា ព្រះមហាក្សត្រ​មាន​ហ្វេ​ស​ប៊ុ​ក

កក្រើក​ដល់​ព្រះ​អង្គ រាជវាំង​ច្រានចោល​ព័ត៌មាន​ដែល​ថា ព្រះមហាក្សត្រ​មាន​ហ្វេ​ស​ប៊ុ​ក



រាជធានី​ភ្នំពេញ ៖ ទាក់ទិនទៅ​នឹង​ការ​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​សុំ​អន្តរាគមន៍​ដោះ​លែង​ មន្ត្រី​សិទ្ធិ​មនុស្ស​ទៅ​សាលា​រាជធានី​ភ្នំពេញ​នេះ ត្រូវ​បាន​មន្ត្រី​អ្នកនាំពាក្យ​សាលា​រា​ធានី​ភ្នំពេញ​និយាយ​ថា សាលា​រាជធានី​បាន​ទទួល​រួច​ហើយ តែ​មិន​ទាន់​អនុញ្ញាត​ឬ​មិន​អនុញ្ញាត​យ៉ាងណា​នោះ​ទេ ។

លោក ជិន ប៊ុ​ន​ធឿ​ន អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែឧសភា តាម​ទូរស័ព្ទ​ថា «​សាលា​រាជធានី​ភ្នំពេញ បាន​ទទួល​ហើយ​នូវ​លិខិត​របស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា ដែល​ស្នើ​សុំ​ហែ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​ជួយ​អន្តរាគមន៍​ដោះ​លែង​មន្ត្រី សិទ្ធិ​មនុស្ស និង​អគ្គលេខាធិការ​រង គ​.​ជ​.​ប ប៉ុន្តែ​រឿង​ហ្នឹង​ទុក​ពេល​ឲ្យ​សាលា​រាជធានី​គិត​សិន​។ ទុក​ពេល​ឲ្យ​ខ្ញុំ​គិត​សិន តែ​ខ្ញុំ​ថា​ប្រហែលជា​មិនយូរ​ទេ នឹង​មាន​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​គ្នា​។ ខ្ញុំ​នឹង​ផ្តល់​ព័ត៌មាន​វិញ ប្រហែលជា​ល្ងាច​នេះ ឬ​ពេល​ខាង​មុខ​ទៀត​» ។

ទោះជា ​យ៉ាងណា​ក្តីចំពោះ​សំណើ​នេះ​ត្រូវ​បាន​មន្ត្រី​អ្នកនាំពាក្យ​សាលា​រាជធានី​ ភ្នំពេញ​អះអាង​ថា នឹង​ឆ្លើយ​តប​នៅ​ពេល​ឆាប់​ៗ​នេះ​ថា​អនុញ្ញាត ឬ​មិន​អនុញ្ញាត​នោះ ។
ចំពោះ​ការ​អន្តរាគមន៍​ឲ្យ​មានការ​ដោះ​លែង​មន្ត្រី ​សិទ្ធិ​មនុស្ស​នេះ​ដែរ គេហទំព័រ​សារព័ត៌មានវី​អូ​ឌីបាន​ឲ្យ​ដឹង​ថា នៅ​ប៉ុន្មាន​ថ្ងៃនេះ បណ្តាញ​សង្គម​បាន​បង្ហោះ​ត​ៗ​គ្នា​ពី​ផេ​ក​(Page)​មួយ​ដែល​ដាក់​រូបភាព​ ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ដែល​ហ្វេ​ស​ប៊ុ​ក​នោះ​បាន​រិះគន់​រាជរដ្ឋាភិបាល​ថា រឹតត្បិត​សេរីភាព​បញ្ចេញមតិ​របស់​ប្រជារាស្ត្រ​។ ប៉ុន្តែ​សម្រាប់​ព័ត៌មាន​នេះ​ត្រូវ​បាន​មន្ត្រី​ព្រះ​បរមរាជវាំង​ច្រានចោល​ នូវ​ព័ត៌មាន​ដែល​ថា ព្រះមហាក្សត្រ​ព្រះ​អង្គ​មាន​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ព្រះ​អង្គ​សម្រាប់​បញ្ចេញ ​ទស្សនៈ ពី​បញ្ហា​សង្គម ដូចដែល​បណ្តាញ​សង្គម កំពុង​ចែករំលែក​ព័ត៌មាន​ត​គ្នា​ៗ​នោះ​ទេ ។

នៅ​ក្នុង​ផេ​ក​(page)​ មានឈ្មោះ​ថា «​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​​ ដែល​គេ​បាន​បង្ហោះ​ត​ៗ​គ្នា​នោះ​មាន​ខ្លឹមសារ​ថា «​បើសិនជា​ថ្ងៃ​ណាមួយ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិរបស់​ប្រជារាស្ត្រ​ត្រូវ​ បាន​គេ​បិទ​សិទ្ធិ​រហូត​ដល់​ក្លាយជា​មនុស្ស​«​គ​» អស់​ទៅ​ហើយ​នោះ ប្រជារាស្ត្រ​ក៏​មិន​ខុស​គ្នា​អំពី​សត្វ​ចៀម​ឬ​ពពែ ដែល​ត្រូវ​បាន​គេ​យក​ទៅ​ចូល​កន្លែង​សត្តឃាត​នោះ​ឡើយ​» ។

មន្ត្រី​ ព្រះ​បរមរាជវាំង និង​ជាទី​ប្រឹក្សា​ព្រះរាជ​លេខាធិការដ្ឋាន​របស់​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ លោក អ៊ុំ ដា​រ៉ា​វុ​ធ ត្រូវ​បាន វី​អូ​ឌី​ស្រង់​សំដី​ផ្សាយ​ថា ព្រះមហាក្សត្រ​មិន​មាន​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ព្រះ​អង្គ​ទេ ។ លោក​ថា ករណី​នេះ​ព្រះ​បរមរាជវាំង​នឹង​ធ្វើ​សេចក្តី​ប្រកាស​ព័ត៌មាន​ច្រានចោល​ជា​ សាធារណៈ​នៅ​ពេល​ឆាប់​ៗ​នេះ ។

ចំណែក​ទាក់ទង​នឹង​រឿង​អន្តរាគមន៍​នេះ ត្រូវ​បាន​លោក​អះអាង​ថា ព្រះមហាក្សត្រ​អព្យាក្រឹត ទំនងជា​ទុក​ឲ្យ​រាជរដ្ឋាភិបាល​ជា​អ្នក​ដោះស្រាយ​ជំនួស ។

ការ​ បង្ហោះ​ពី​ព័ត៌មាន​ដ៏​កម្រ​ថា ព្រះមហាក្សត្រ​មាន​ហ្វេ​ស​ប៊ុ​ក ហើយ​បាន​រិះគន់​ពី​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នេះ ធ្វើ​ឡើង​ចំ​ពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ឈាន​ទៅ​ចាប់ខ្លួន​សកម្មជន​គណបក្សប្រឆាំង ចាប់​តំណាងរាស្ត្រ​ទាំង​មាន​អភ័យឯកសិទ្ធិ និងចាប់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ដាក់​ពន្ធនាគារ ព្រមទាំង​សេរីភាព​បញ្ចេញមតិ ត្រូវ​គេ​មើលឃើញ​ថា បាន​រឹត​បន្តឹង ។

ទោះ ​យ៉ាងណា​ក្តី ប្រភព​ដដែល​បាន​លើក​ឡើង​ទៀត​ថា អ្នក​បង្កើត (page) មានឈ្មោះ​ថា «​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» នេះ មាននៅ​ប្រទេស​បារាំង និង​អា​មេ​រិ​ក ប៉ុន្តែ​លោក​ថា មិន​ទាន់​ដឹង​ថា ​បុគ្គល​ណាមួយ​ពិតប្រាកដ​នៅឡើយ​ទេ ៕