ប្រតិភូកូហ្វីអាណាន់ជួបអគ្គលេខាធិការ ​គ.ជ.ប និយាយពីដំណើរការ​រៀបចំការបោះឆ្នោត

ប្រតិភូនៃអង្គការមូលនិធិកូហ្វីអាណាន់និងអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជួបពិភាក្សាដោះដូរយោបល់លើដំណើរការរៀបចំការបោះឆ្នោតឆ្នាំ២០១៧និង២០១៨ ដោយថាដើម្បីឲ្យមានការបោះឆ្នោតមួយប្រកបដោយការជឿទុកចិត្ត។

ប្រតិភូកូហ្វីអាណាន់ជួបអគ្គលេខាធិការ ​គ.ជ.ប និយាយពីដំណើរការ​រៀបចំការបោះឆ្នោត

ភាគីទាំងពីរនៅព្រឹកថ្ងៃអង្គារនេះបានជួបពិភាក្សាគ្នានៅស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ក្រោយជំនួបអស់រយៈពេលប្រហែល១ម៉ោងនិង៣០នាទី នាយកប្រតិបត្តិកិច្ចការបោះឆ្នោតនៃអង្គការមូលនិធិកូហ្វីអាណាន់ លោក Alan Doss ថ្លែងទៅកាន់អ្នកសារព័ត៌មានថា លោកបានជជែកជាមួយអគ្គលេខាធិការ និងអគ្គលេខាធិការរង គ.ជ.ប ពីដំណើរការរៀបចំឲ្យមានការបោះឆ្នោតនៅឆ្នាំ២០១៧និង២០១៨ខាងមុខ។ លោកបន្តថាភាគីទាំងពីរបានជជែកច្រើនពីអ្វីដែលត្រូវធ្វើឲ្យបានចប់សព្វគ្រប់សម្រាប់ការបោះឆ្នោតនាពេលខាងមុខនិងលោកថាភាគីទាំងពីរក៏បានលើកពីបទពិសោធន៍នៃការរៀបចំបោះឆ្នោតពីបណ្តាប្រទេសដទៃមកពីភាក្សា ដោយថាដើម្បីធ្វើឲ្យមានការបោះឆ្នោតមួយប្រកបដោយភាពទុកចិត្តបាន។

លោកបន្ថែមថា៖ “យើងបានជជែកច្រើនពីអ្វីដែលត្រូវធ្វើដើម្បីជួយឲ្យដំណើរការបោះឆ្នោតមួយអាចឲ្យគេជឿជាក់បានជាពិសេសគឺការចែករំលែកបទពិសោធន៍ពីប្រទេសដទៃដែលពួកគេបានរៀបចំនាពេលកន្លងមក”

ទោះយ៉ាងណាលោក Alan Doss ថាភាគីទាំងពីរមិនបានជជែកពីអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ដែលកំពុងជាប់ឃុំបណ្តោះអាសន្នទាក់ទងនឹងបទចោទសមគំនិតសូកប៉ាន់សាក្សីនោះទេ។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ថ្លែងក្រោយជំនួបនេះដែរថាតំណាងមូលនិធិនេះមិនមានគម្រោងផ្តល់ជំនួយណាមួយដល់ គ.ជ.ប នោះទេ ដោយថាប្រតិភូមូលនិធិនេះផ្តល់តែជាគំនិតនិងគោលនយោបាយតែប៉ុណ្ណោះ។

លោកបន្ថែមថា៖ “តាមពិតទៅគាត់គ្រាន់តែសួរយើងថាយើងជួបបញ្ហាអ្វីខ្លះក្នុងការបោះឆ្នោតក្នុងប្រទេសកម្ពុជារបស់យើង និងយើងមានគំនិតអ្វីខ្លះ(ចង)ឲ្យគាត់ជួយ”

បើតាមលោក ទេព នីថា អ្នកមានអាយុ១៨ឆ្នាំឡើងសម្រាប់ទៅចុះឈ្មោះបោះឆ្នោតចំនួនប្រហែល៩,៦លាននាក់។ លោកឲ្យដឹងថា គ.ជ.ប អាចនឹងរៀបចំឲ្យមានការចុះឈ្មោះបោះឆ្នោតនៅក្នុងខែកញ្ញាឆ្នាំ២០១៦ ហើយ និងអាចបញ្ចប់នៅខែកុម្ភៈឆ្នាំ២០១៧។

គួរបញ្ជាក់ដែរថានៅថ្ងៃនេះដែរ រដ្ឋាភិបាលបានសម្រេចយកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ សម្រាប់បោះឆ្នោតឃុំ-សង្កាត់ លើកទី៤៕

ប្រភពៈ VOD