រដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​ទី​៤​មិថុនា​ឆ្នាំ​២០១៧ គឺ​ជា​ថ្ងៃ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤

នៅទីបំផុតទៅ រដ្ឋាភិបាលកម្ពុជា បានសម្រេចយកថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ គឺជាថ្ងៃបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤។ នេះគឺជាកាលបរិច្ឆេទថ្មីនៃការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជា ហើយក៏ទំនងជាកាលបរិច្ឆេទនៃការបោះឆ្នោតជាតិផងដែរ បន្ទាប់ពីមានកិច្ចព្រមព្រៀងនយោបាយកាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤។ ភ្លាមៗនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅក្រៅប្រទេស បានអំពាវនាវឲ្យយុវជន និងប្រជាពលរដ្ឋ ត្រៀមខ្លួនចូលរួមការបោះឆ្នោតនេះ។

រដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​ទី​៤​មិថុនា​ឆ្នាំ​២០១៧ គឺ​ជា​ថ្ងៃ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោតកាលពីអាណត្តិមុនៗ

បន្ទាប់ពីទន្ទឹងរងចាំអស់រយៈពេលជាច្រើនខែមក នៅទីបំផុតទៅ រដ្ឋាភិបាលកម្ពុជា បានសម្រេចយកថ្ងៃអាទិត្យ ទី៤ មិថុនា ឆ្នាំ២០១៧ខាងមុខ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤។

យោងតាមសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន ចុះថ្ងៃទី២៤ ឧសភាបានកំណត់ថា រាល់បទបញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

គួរជម្រាបជូនថា នេះគឺជាកាលបរិច្ឆេទថ្មីនៃការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជា ដែលជាទូទៅ គេតែងតែធ្វើឡើងនៅថ្ងៃអាទិត្យ សប្តាហ៍ទី៤ នៃខែកក្កដា ពោលគឺ បន្ទាប់ពីមានកិច្ចព្រមព្រងបញ្ចប់ជម្លោះនយោបាយរវាងគណបក្សធំៗពីរនៅកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ ជាកិច្ចព្រមព្រៀង ដែលបានឈានទៅបញ្ចប់ជម្លោះនយោបាយរយៈពេល១ឆ្នាំនៅកម្ពុជា រួមទាំងការឈានទៅបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី និងការកំណត់កាលបរិច្ឆេទថ្មីនៃការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតជាតិផងដែរ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានស្វាគមន៍ចំពោះការកំណត់កាលបរិច្ឆេទថ្មីនេះ តែលោកមិនចង់រំលឹកឡើងវិញ ពីការទាមទាររបស់គណបក្សដែលចង់បានការបោះឆ្នោតមួយ ដែលធ្វើឡើងនៅខែកុម្ភៈដូចមុនទៀតនោះទេ តែលោក យឹម សុវណ្ណ បានបញ្ជាក់ថា ពេលនេះ គណបក្សចង់បានការធានាបរិយាកាសនយោបាយល្អមួយ នៅមុនការបោះឆ្នោតនេះមកដល់។ តែនៅភ្លាមៗនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងរស់នៅក្រៅប្រទេស ក៏បានអំពាវនាវតាមរយៈបណ្តាញសង្គមហ្វេសបុក ដោយសុំឲ្យយុវជន និងប្រជាពលរដ្ឋទាំងអស់ត្រៀមខ្លួនចូលរួមការបោះឆ្នោតនេះ។

លោក ហង់ ពុទ្ធា អ្នកនាំពាក្យ និងជាសមាជិកទី៩ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានចាត់ទុកកាលបរិច្ឆេទនៃការបោះឆ្នោតឃុំសង្កាត់ថ្មីនេះថា គឺជាមូលដ្ឋានសម្រាប់ គ.ជ.ប ថ្មីក្នុងការរៀបចំប្រតិទិនការងាររបស់ខ្លួន។ បើតាមលោក ហង់ ពុទ្ធា គ.ជ.ប នឹងចាប់ផ្តើមរៀបចំការចុះឈ្មោះបោះឆ្នោតថ្មីនៅខែកញ្ញា រហូតដល់ខែវិច្ឆិកាខាងមុខនេះ ដើម្បីប្រើប្រាស់សម្រាប់ការបោះឆ្នោតឃុំសង្កាត់នេះ។ ការចុះឈ្មោះដែលមានរយៈពេល៣ខែនេះ នឹងចំណាយថវិកាជាង២៣លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃអាទិត្យ ទី៤ មិថុនា ឆ្នាំ២០១៧ ខាងមុខនេះ គឺជាការបោះឆ្នោតឃុំលើកទី៤ នៅក្នុងប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា។ ហើយបើតាមអ្នកវិភាគ ការបោះឆ្នោតឃុំសង្កាត់លើកនេះ នឹងក្លាយជាវិញ្ញាសាដ៏សំខាន់មួយ ដើម្បីកំណត់ជ័យជំនះរបស់គណបក្សនយោបាយធំៗពីរនៅកម្ពុជា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នៅឆ្នាំ២០១៨ខាងមុខ៕

ប្រភពៈ RFI