សហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើលោក អូបាម៉ា ឲ្យប្រាប់វៀតណាម បញ្ឈប់ការជិះជាន់ និងរំលោភសិទ្ធិពលរដ្ឋខ្មែរកម្ពុជាក្រោម

(ភ្នំពេញ)៖ ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា បំពេញទស្សនកិច្ចផ្លូវការ ៣ថ្ងៃនៅប្រទេសវៀតណាម សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានទីស្នាក់នៅទីក្រុងញូវយ៉ក បានដាក់លិខិតស្នើឲ្យដល់ប្រធានាធិបតី នៃប្រទេសមហាអំណាច ដែលតែងតែទន្ទិញរត់មាត់នូវការគោរពសិទ្ធិសេរីភាពមនុស្សជាតិមួយនេះ ឲ្យបញ្ឈប់នូវសកម្មភាពជិះជាន់ និងរំលោភសិទ្ធិសេរីភាពព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលជាម្ចាស់ស្រុកពីដ្ឋាភិបាលកុម្មុយនិស្តវៀតណាម។

សហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើលោក អូបាម៉ា ឲ្យប្រាប់វៀតណាម បញ្ឈប់ការជិះជាន់ និងរំលោភសិទ្ធិពលរដ្ឋខ្មែរកម្ពុជាក្រោម

នៅក្នុងលិខិតផ្ញើទៅកាន់លោក បារ៉ាក់ អូបាម៉ា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានរៀបរាប់នូវសកម្មភាពមួយចំនួនអំពីការរំលោភសិទ្ធិមនុស្សពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលជាជនជាតិដើមពីសំ ណាក់រដ្ឋាភិបាលវៀតណាម។

ជាមួយការរៀបរាប់បង្ហាញពីការធ្វើទុក្ខបុកម្នេញផ្សេងៗហើយនោះ សហព័ន្ធខ្មែរកម្ពុជា ក៏បានលើកសំណើចំនួន៦ចំណុច ទៅកាន់ប្រធានាធិបតី អូបាម៉ា ឲ្យជួយបញ្ឈប់សកម្មភាពជិះជាន់ និងរំលោភសិទ្ធិរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម។ សំណើទាំង ៦ចំណុចនោះរួមមាន៖

១. ដោះលែងព្រះសង្ឃខ្មែរកម្ពុជាក្រោមទាំងឡាយ, ដូចជាព្រះតេជគុណ Thach Thuol (ប្រសូត្រឆ្នាំ ១៩៨៥, ត្រូវបានកាត់ទោសដាក់គុក ៦ឆ្នាំ) និង ព្រះតេជគុណ Lieu Ny (ប្រសូត្រឆ្នាំ១៩៨៦, ត្រូវបានកាត់ទោសដាក់គុក ៤ឆ្នាំ), តេជគុណទាំងពីរអង្គនេះត្រូវកាត់ទោសកាលពីឆ្នាំ២០១៣ ដោយគ្រាន់តែបានធ្វើការទាមទារសិទ្ធិក្នុងការបង្រៀនភាសាខ្មែរ ទៅកាន់ក្មេងៗខ្មែរក្រោម និងការប្រតិបត្តិសាសនាខ្មែរ ដោយសេរីតែប៉ុណ្ណោះ។

២. អនុញ្ញាតឲ្យព្រះសង្ឃខ្មែរក្រោម ក្នុងការបង្កើតអង្គការសាសនាឯករាជ្យ ដែលជួយលើកស្ទួយ ប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ខ្មែរ ព្រមទាំងសាសនា និងវប្បធម៌ ដែលមិនមែនជាអ្វីមួយ ដែលគ្រាន់តែលើកស្ទួយនយោបាយតែមួយ នៃរដ្ឋាភិបាលវៀតណាមនោះទេ។ សូមជួយរំលឹកពួកគេផងថា ការគោរពប្រតិបត្តិសាសនាដោយសេរី គឺជាសិទ្ធិ និងមិនមែនជាឯកសិទ្ធិ ដែលតម្រូវដោយរដ្ឋនោះឡើយ។

៣. គាំទ្រ និងប្រតិបត្តិសេចក្តីប្រកាសស្តីពីសិទ្ធិ នៃជនជាតិដើមភាគតិចរបស់អង្គការសហប្រជាជាតិ និង បោះជំហានទៅរកការទទួលស្គាល់សិទ្ធិ នៃការរស់នៅរបស់ជនជាតិដើមភាគតិចនៅក្នុងរបងរបស់ខ្លួន ក្នុងនោះមានទាំងខ្មែរក្រោមផងដែរ។

៤. អនុញ្ញាតឲ្យសិស្សនានានៅខ្មែរក្រោម អាចសិក្សាភាសារបស់ពួកគេពីសាលាបឋម ទៅសកលវិទ្យាល័យ។ រាល់ទម្រង់បែបបទហត្ថលេខា និងឯកសារផ្លូវច្បាប់ផ្សេងៗ គួរតែត្រូវសរសេរទាំងជាភាសាខ្មែរ និងវៀតណាម។

៥. ផ្តល់ឱកាសស្មើភាពគ្នាសម្រាប់ជនជាតិដើមភាគតិច ដើម្បីទទួលបានការអប់រំ ជាពិសេសការបន្ត ការសិក្សានៅបរទេស ក៏ដូចជាសហរដ្ឋអាមេរិកផងដែរ។

៦. អនុវត្តន៍ច្បាប់ប្រកបដោយយុត្តិធម៌ និងនយោបាយម៉ឺងម៉ាត់ក្នុងការជួយកសិករខ្មែរក្រោម ដែឡកំពុងប្រឈមមុខនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលវាពិតជាសំខាន់សម្រាប់ជីវិតរស់នៅ និងការរកស៊ីចិញ្ចឹមជីវិតរបស់ពួកគេ។

សូមបញ្ជាក់ថា ទឹកដីខ្មែរកម្ពុជាក្រោមប្រមាណ ២០ខេត្តត្រូវបានអាណានិគមវៀតណាម កាត់ឲ្យវៀតណាម គ្រប់គ្រងកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩។ មកដល់ត្រឹមថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ ទឹកដីខ្មែរកម្ពុជាក្រោម ស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម រយៈពេល៦៧ឆ្នាំហើយ។

ក្នុងរយៈពេល៦៧ឆ្នាំមកនេះ រដ្ឋាភិបាលវៀតណាម បានប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីលុបបំបាត់សាសនា វប្បធម៌ ប្រពៃណី និងទំនៀម ទម្លាប់របស់ខ្មែរកម្ពុជាក្រោម។ ទាំងព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមរាប់ម៉ឺននាក់ ត្រូវរងនូវការទ្វើទុក្ខបុកម្នេញ និងទារុណកម្មផ្សេងៗ ព្រោះតែការព្យាយាមថែរក្សាសាសនា ប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ៕

ប្រភពៈ freshnewsasia