សិស្ស​រស់​នៅ​លើ​ទឹក​នា​ខេត្ត​កំពង់ធំ​ខ្លះ​បោះបង់​ការ​សិក្សា​ដោយសារ​ជីវភាព​និង​គ្រូបង្រៀន

ក្មេងៗ​គ្រប់​អាយុ​ចូលរៀន និង​ក្មេង​ជំទង់​ជា​ច្រើន​រស់​នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ក្នុង​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ សម្រេច​ចិត្ត​បោះបង់​ការ​សិក្សា​ជា​បន្តបន្ទាប់។ ពួកគេ​បញ្ជាក់​ថា ដោយសារតែ​ក្រុម​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ម្យ៉ាង​ដោយសារតែ​គ្រូបង្រៀន​មិន​បាន​បង្រៀន​ដិតដល់​ផង ទើប​នាំ​ឱ្យ​ពួកគេ​សម្រេច​ចិត្ត​បោះបង់​ការ​សិក្សា​ចោល​តែម្ដង។

អាណាព្យាបាល និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ពាមបាង ស្នើ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​សិស្សានុសិស្ស ដែល​កំពុង​ត្រូវការ​សេវា​បង្រៀន​ពួកគេ។ ការ​លើក​ឡើង​នេះ ពីព្រោះ​គ្រូបង្រៀន​ដែល​មាន​នៅ​តាម​សាលា​ក្នុង​ភូមិ​ខ្លះ​មិន​បាន​បង្រៀន​ដិតដល់​ឡើយ រហូត​ធ្វើ​ឱ្យ​ក្មេង​គ្រប់​អាយុ​មិន​បាន​ចូល​រៀន និង​សិស្ស​ខ្លះ​សម្រេចចិត្ត​បោះបង់​ការ​សិក្សា​តែម្ដង។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ពាមបាង លោក នង សុខ មាន​ក្តី​បារម្ភ​ចំពោះ​វាសនា​កូន​ក្មេង​នៅ​ក្នុង​ភូមិ ពីព្រោះ​លោក​សង្កេត​ឃើញ​ថា ចំនួន​ក្មេង​បោះបង់​ការ​សិក្សា គឺ​ច្រើន​ជាង​ចំនួន​ក្មេង​ដែល​បាន​ចូលរៀន។ បន្ថែម​ពី​នេះ លោក​សម្រេចចិត្ត​បញ្ជូន​កូន​ទៅ​រៀន​នៅ​ឯ​ខេត្ត​សៀមរាប ពីព្រោះ​លោក​មិន​សូវ​សង្ឃឹម​ចំពោះ​ការ​បង្រៀន​នៅ​ក្នុង​ភូមិ​ទេ៖ «អ្នក​ដែល​រៀន​តិច​ណាស់​បង​អើយ! បើ​ថា​អត់​អី​ចេះ បើ​ថា មាន​បង​ប្អូន​ទៅ​ចេះ​តែ​បញ្ជូន​ទៅ​ណេះ​ទៅ​ណោះ»

ឃុំ​ពាមបាង មាន​ភូមិ​ចំនួន ៥ និង​មាន​ប្រជាជន​សរុប ៦៨៧​គ្រួសារ ហើយ​ពលរដ្ឋ​ប្រមាណ ៩០​ភាគរយ គឺ​រស់​ពឹង​ផ្អែក​ទៅ​លើ​មុខរបរ​នេសាទ។ បន្ថែម​ពី​នេះ នៅ​ទូទាំង​ឃុំ​មាន​សាលារៀន​បឋមសិក្សា​មួយ​ឈ្មោះ សាលាបឋមសិក្សា​ពាមបាង ក្រៅ​ពី​នោះ គឺ​ជា​សាលា​ឆ្លង​កាត់​តាម​ភូមិ​ចំនួន​២ សម្រាប់​សិស្ស​តូចៗ​នៅ​ក្នុង​ភូមិ​អាច​ចូលរៀន​បាន រួម​មាន​សាលារៀន​ក្នុង​ភូមិ​ដូន​ស្ដើង និង​ភូមិ​ពៅវើយ។

កុមារា​រស់​នៅ​ភូមិ​ដូនស្តើង ឈ្មោះ ផល ម៉ាប់ មាន​អាយុ ១២​ឆ្នាំ រៀបរាប់​ថា ខ្លួន​ធ្លាប់​បាន​ចូល​រៀន​ម្ដង ក្រោយ​មក​ក៏​ឈប់​រៀន​រហូត។ កុមារា​រូប​នេះ​បន្ត​ថា មូលហេតុ​ខ្លួន​ផ្អាក​ការ​សិក្សា ដោយសារតែ​ជីវភាព​ខ្វះខាត និង​ត្រូវការ​ពេល​វេលា​ជួយ​ដាក់​មង​ម្ដាយ​ដើម្បី​បាន​ត្រី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ កុមារា​ដដែល​ចង់​ទៅ​រៀន​ដូច​គេ​ដូច​ឯង​ណាស់ ព្រោះ​គោល​បំណង​ថ្ងៃ​អា​នាគ​ត​ចង់​ធ្វើជា​គ្រូបង្រៀន ប៉ុន្តែ​ក្ដី​ប្រាថ្នា​នេះ ខ្លួន​មិន​សូវ​មាន​សង្ឃឹម​ឡើយ៖ «ចង់​ដែល​តា ប៉ុន្តែ​មិន​ដឹង​រៀន​បាន​ត្រឹម​ថ្នាក់​ទី​ប៉ុន្មាន»

ពលរដ្ឋ​ឃុំ​ពាមបាង ស្រុក​ស្ទោង ៨៥៥
ផ្ទះ​ពលរដ្ឋ​នៅ​ភូមិ​ដូនស្តើង ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ។ រូបថត​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Saut Sokprathna

ចំណែក​យុវជន​មួយ​រូប​ទៀត លោក រឿន គា អាយុ ១៩​ឆ្នាំ រៀន​ថ្នាក់​ទី​២ ឱ្យ​ដឹង​ថា មូលហេតុ​សំខាន់​ដែល​ធ្វើ​ឱ្យ​ក្មេងៗ មិន​បាន​រៀន​សូត្រ​ជាប់​លាប់ គឺ​ដោយសារ​តែ​គ្រូ​នៅ​ទី​នោះ​បង្រៀន​មិន​បាន​គ្រប់គ្រាន់ តែងតែ​ឈប់​សម្រាក​ច្រើន​ពេក ហើយ​ផ្លាស់ប្ដូរ​គ្រូ​ជា​ញឹកញាប់។  បញ្ហា​នេះ​ធ្វើ​ឱ្យ​សិស្ស​ជា​ច្រើន​សម្រេចចិត្ត​ឈប់​រៀន​តែម្ដង ដោយ​មិន​មាន​សង្ឃឹម​ចំពោះ​ការ​បង្រៀន​បែប​នេះ៖ «គ្រូ​ឡើង​ចុះៗ បើ​ថា បង្ហាត់​បួន​ដប់​ថ្ងៃ​អ៊ីចឹង​ទៅ ឡើង​ទៅ​លើ​ប្រហែល​ជា​កន្លះ​ខែ​អ៊ីចឹង​ទៅ»

នៅ​ក្នុង​ឃុំ​នេះ មានតែ​សាលា​បឋមសិក្សា​ទេ ហើយ​មិន​មាន​គ្រូបង្រៀន​គ្រប់គ្រាន់​ដែរ។ ចំណែក​សិស្ស​ដែល​មាន​លទ្ធភាព​រៀន​ចប់ សាលា​បឋមសិក្សា​ក្នុង​ឃុំ ពួកគេ​ត្រូវ​ឡើង​មក​រៀន​បន្ត​នៅ​វិទ្យាល័យ​ក្នុង​ទី​រួម​ស្រុក​ស្ទោង ដែល​មាន​ចម្ងាយ​ជាង ៥០​គីឡូម៉ែត្រ​ពី​ឃុំ​ពាមបាង។ គ្រូបង្រៀន​នៅ​តំបន់​នោះ ខ្លះ​ផ្លាស់ប្ដូរ​ជា​គ្រូ​ញឹកញាប់ គឺ​បណ្ដា​មក​ពី​កន្លែង​បង្រៀន​នៅ​ឆ្ងាយ​ដាច់​ស្រយាល​ពី​ទីប្រជុំជន។

មេ​ឃុំ​ពាមបាង លោក ផាន់ ផាន មាន​ប្រសាសន៍​ថា ផល​ប៉ះពាល់​គឺ​ពិត​ជា​មាន​ចំពោះ​ក្មេងៗ​ដែល​មិន​បាន​ចូល​រៀន និង​បោះបង់​ចោល​ការ​សិក្សា​ទាំង​នោះ ប៉ុន្តែ​បញ្ហា​នេះ មិន​មែន​ជា​ចំណែក​គ្រូ​ទាំង​ស្រុង​ទេ ពីព្រោះ​មាន​ក្រុម​គ្រួសារ​ខ្លះ​មិន​បាន​ជំរុញ​កូនៗ ឱ្យ​ទៅ​រៀន​ឡើយ បែរ​ជា​អូសទាញ​ឱ្យ​កូន​ឈប់​រៀន​ទៅ​វិញ។ លោក​សង្ឃឹម​ថា ក្មេង​ទាំង​អស់​នឹង​បាន​ចូល​រៀន​គ្រប់គ្នា ប្រសិនបើ​រាជរដ្ឋាភិបាល​សម្រេច​ប្រគល់​ដី ឱ្យ​ពួកគាត់​បាន​រស់​នៅ​លើ​ដី​គោក ជា​ផ្លូវការ ព្រម​ទាំង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ​នោះ។

របាយការណ៍​ឃុំ ឆ្នាំ​២០១៦ បង្ហាញ​ថា ចំនួន​ប្រជាពលរដ្ឋ​សរុប​នៅ​ក្នុង​ឃុំ​ពាមបាង គឺ​មាន ៣.៣៩៧​នាក់ ហើយ​មនុស្ស​មាន​អាយុ​ក្រោម ១៨ មាន​ចំនួន ២.៤០១​នាក់។

នាយក​សាលាបឋមសិក្សា​ពាមបាង លោក ប៉ែន សុផុន ឱ្យ​ដឹង​ថា មិនមែន​បញ្ហា​គ្រូបង្រៀន​នោះ​ទេ​ដែល​ធ្វើ​ឱ្យ​សិស្ស​បោះបង់​ការ​សិក្សា ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ពុំ​សូវ​មាន​ការ​យល់​ដឹង ហើយ​ចេះ​តែ​អូសទាញ​កូន​ឱ្យ​ឈប់​រៀន ដើម្បី​យក​ពេល​មក​នេសាទ​ត្រី​ជាមួយ​ឪពុក​ម្ដាយ។ លោក​ថា គ្រូបង្រៀន​នៅ​តំបន់​នោះ ជួប​បញ្ហា​ប្រឈម​ជា​ច្រើន ពីព្រោះ​ជា​តំបន់​ដាច់​ស្រយាល ហើយ​អាណាព្យាបាល​សិស្ស​មិន​សូវ​សហការ​ជាមួយ​គ្រូ​ថែមទៀត៖ «បើ​និយាយ​ឱ្យ​ចំ​ទៅ​ថ្នាក់​ទី​មួយ​ទី​ពីរ​មិន​សូវ​ជា​មាន​ការ​បោះបង់​ទេ ប៉ុន្តែ​បើ​ថ្នាក់​ទី​បី ឬ​ទី​បួន ទី​ប្រាំ អី​គឺ​ដាច់ខាត​ឪពុក​ម្ដាយ​ដក​កូន​តែម្ដង»

លោក​បញ្ជាក់​ថា សាលា​នៅ​ទូទាំង​ឃុំ​មាន​សិស្ស​សរុប​ជាង ២០០​នាក់ ហើយ​សិស្ស​រៀន​ចប់​ថ្នាក់​ទី​៦ មាន​មិន​ដល់ ១០​នាក់​ផង។ បញ្ហា​នេះ លោក​បារម្ភ​ចំពោះ​វាសនា​របស់​ពួកគេ​នៅ​ពេល​អនាគត។

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក រស់ សាលីន មាន​ប្រសាសន៍​ថា ជា​គោលការណ៍​ក្រសួង​តែង​លើក​ទឹក​ចិត្ត​ដល់​គ្រូបង្រៀន​នៅ​តាម​តំបន់​ដាច់​ស្រយាល ដោយ​មាន​ទាំង​ប្រាក់​លើក​ទឹក​ចិត្ត​ផ្ដល់​ជូន​ពួកគាត់​ធ្វើ​យ៉ាង​ណា​ជំរុញ​ការ​ចូល​រៀន​របស់​ក្មេងៗ ឱ្យ​បាន​កាន់​តែ​ច្រើន​នៅ​ថ្នាក់​បឋមសិក្សា និង​បន្ត​ទៅ​អនុវិទ្យាល័យ​ទៀត​ផង។

លោក​ថា ការ​លើក​ទឹក​ចិត្ត​គ្រូបង្រៀន រួម​មាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​លើ​ប្រាក់ខែ ព្រម​ទាំង​ចុះ​ធ្វើ​អធិការកិច្ច​តាម​សាលា​ដាច់​ស្រយាល​ទាំង​នោះ។ ជាមួយ​គ្នា​នេះ ក្រសួង​លើក​ទឹក​ចិត្ត​សិស្សានុសិស្ស​តាម​រយៈ​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ និង​សិស្ស​ឆ្នើម​ជាដើម។ លោក​បន្ត​ថា ប្រសិនបើ​មាន​ករណី​សិស្ស​បោះ​បង់​ចោល​ការ​សិក្សា និង​បញ្ហា​គ្រូបង្រៀន​ដូច​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នៅ​ឃុំ​ពាមបាង ខាង​ក្រសួង​អប់រំ នឹង​ចាត់​វិធានការ​តាម​នីតិវិធី​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ៖ «ចំពោះ​ករណី​នេះ​វា​គ្រាន់តែ​ជា​ពណ៌​មាន​នៅ​ឡើយ ដូច្នេះ​ស្នើ​ទៅ​នាយក​សាលា​នោះ ដើម្បី​បញ្ជាក់​ពី​ហេតុការណ៍​ជាក់ស្ដែង​តែម្ដង​ដើម្បី​ស្នើ​សុំ​នាយក​សាលា​យ៉ាង​ណា?»

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​ចំនួន​សិស្ស​ចូល​រៀន​នៅ​កម្រិត​បឋមសិក្សា គឺ​មាន ៩៧​ភាគរយ និង​មាន​តែ ៣​ភាគរយ​ប៉ុណ្ណោះ មិន​បាន​ចូលរៀន ហើយ​ក្រសួង​នឹង​ខិតខំ​ប្រមែប្រមូល​សិស្ស​ដែល​មិន​បាន​ចូល​រៀន​ឱ្យ​ពួកគេ​បាន​សិក្សា​រៀន​សូង​អស់​គ្នា។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា កង្វះ​គ្រូបង្រៀន និង​ការ​ប្រើប្រាស់​គ្រូ​កិច្ចសន្យា​នៅ​តាម​តំបន់​ដាច់ស្រយាល​នៅ​តែ​ចោទ​ជា​បញ្ហា​ដដែល ទាំង​សមត្ថកិច្ច និង​ការ​បំពេញ​ការងារ​របស់​ពួកគេ។ លោក​បន្ថែម​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ក្មេងៗ​ដែល​មិន​បាន​ចូល​រៀន និង​សិស្ស​បោះបង់​ការ​សិក្សា​ដោយសារ​គ្រូបង្រៀន​មិន​បាន​ដិត​ដល់​នោះ ក្រសួង​គប្បី​ជ្រើសរើស​គ្រូ​ចូល​និវត្តន៍​នៅ​មូលដ្ឋាន​ផ្ទាល់​តែម្ដង និង​ធានា​ដល់​ជីវភាព​រស់​នៅ​ប្រសើរ​មួយ ចំពោះ​ក្រុម​គ្រូបង្រៀន​ទាំងនោះ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​ពួកគាត់៖ «អ៊ីចឹង​ការ​ត្រៀម​បម្រុង ឬ​ការ​ស្នើ​សុំ​ផ្នែក​ណា​មួយ​ដល់​គ្រូបង្រៀន​ដែល​ចូលនិវត្តន៍​ហ្នឹង​ឱ្យ​ជួយ​បំពេញ​បន្ថែម​នៅ​ចំណុច​ខ្វះខាត​ហ្នឹង ខ្ញុំ​គិត​ថា គឺ​ជា​ផ្នែក​មួយ​ដែរ»

លោក​មើល​ឃើញ​ថា របាយការណ៍​អត្រា​ចូលរៀន​របស់​សិស្ស​នៅ​បឋមសិក្សា​ពី​សំណាក់​ក្រសួង​អប់រំ កើន​ឡើង ប៉ុន្តែ​ទិន្នន័យ​ចំនួន​សិស្ស​បោះបង់​ការ​សិក្សា​វិញ គឺ​ខុស​គ្នា​ទៅ​នឹង​ទិដ្ឋភាព​ជាក់ស្ដែង។ បញ្ហា​នេះ អាច​ដោយសារ​របាយការណ៍​ថ្នាក់ក្រោម​មាន​ភាព​មិន​ច្បាស់លាស់ ដែល​ទាមទារ​ឱ្យ​ក្រសួង​អប់រំ ចុះ​ពិនិត្យ​ផ្ទាល់​តាម​ភាព​ជាក់ស្ដែង ជៀសវាង​ធ្វើ​ឱ្យ​បាត់​ទិន្នន័យ​ចំនួន​សិស្ស​ដែល​បោះបង់ចោល​ការ​សិក្សា​ពិតប្រាកដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។