កូនស្រី​ចាក់​ឪពុក​បង្កើត​មួយ​កាំបិត​លិច​ដល់​ដង

ខេត្តកំពត ៖ បុរស​ជា​ឪពុក​បង្កើត​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ត្រូវ​កូនស្រី​របស់​ខ្លួន​ដែល​មាន​សតិ​មិន​គ្រប់ និង​ជា​មនុស្ស​គ​ផង​នោះ​យក​កាំបិត​ចុង​ស្រួច​ចាក់​ចំ​ត្រង់​បោះដៃផុត​ខាងស្តាំ​លិច​ដល់​ដង ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​ប្រា​ល ឃុំ​តានី ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​កូន​ដែល​បាន​ចាក់​ឪពុក​បង្កើត​នេះ​មានឈ្មោះ ជ្រុ​ន ស៊ីនួន អាយុ​២៥​ឆ្នាំ នាង​ជា​មនុស្ស​គ ហើយ​មាន​សតិ​មិន​គ្រប់​ទៀត ។ នៅ​មុន​ពេល​កើតហេតុ ដោយសារ​តែ​ក្រុម​គ្រួសារ​នេះ​ឪពុក​ម្តាយ​បាន​បែកបាក់​គ្នា ម្តាយ​នៅផ្ទះ​ផ្សេង (​ផ្ទះ​របស់​ខ្លួន​) រីឯ​ឪពុក​មក​ស្នាក់​នៅផ្ទះ​ម្តាយបង្កើត​របស់​ខ្លួន ដែល​មាន​ចម្ងាយ​ពី​គ្នា​ជាង​១០០​ម៉ែត្រ​ប៉ុណ្ណោះ ហើយ​គ្រួសារ​នេះ​មុន​នឹង​បែកបាក់​គ្នា​មាន​ម៉ាស៊ីនកិនស្រូវ​១​គ្រឿង ក្រោយ​ពេល​បែកបាក់​គ្នា​ជន​រង​គ្រោះ​ចុះ​ចេញ ដោយ​បាន​យក​ម៉ាស៊ីនកិនស្រូវ​មក​រកស៊ី​នៅ​ខាង​ផ្ទះ​ម្តាយ រីឯ​កូនស្រី​ដែល​គ​ហើយ​មាន​សតិ​មិន​គ្រប់​នេះ ឪពុក​បាន​ផ្គត់ផ្គង់​លុយកាក់​ឲ្យ​រហូត ស្រាប់តែ​ថ្ងៃ​កើតហេតុ​មិនដឹង​ជា​មាន​មូលហេតុ​អ្វី ម្យ៉ាង​ដោយ​ឪពុក​មិន​ចាប់អារម្មណ៍​ថា​កូន​វា​មាន​កំហឹង​អ្វី​ជាមួយ​ខ្លួន​ផង​នោះ ទើប​កូនស្រី​ដើរមក​ពីក្រោយ​ខ្នង​ចាក់​ឪពុក​មួយ​កាំបិត​លិច​ដល់​ដង​បណ្តាលរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ដែរ ។ ចំណែក​កូនស្រី​ក៏​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​នាំ​ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរ​ជ័យ ដើម្បី​ធ្វើការ​សាកសួរ ។

លោក កែម មី នាយ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ឪពុក​ឈ្មោះ ជ្រុ​ន បេង អាយុ​៥៨​ឆ្នាំ មានមុខ​រប​រកស៊ី​កិនស្រូវ បាន​រង​របួស​ធ្ងន់ធ្ងរ​ត្រង់​បោះដៃផុត​ខាងស្តាំ ។ ចំណែក​ជនសង្ស័យ​ជា​កូន​ដោយសារ​តែ​សមត្ថកិច្ច​គ្មាន​ជំនាញ​ខាង​ភាសា គ ការ​សាកសួរ​ទៅ​ជនសង្ស័យ​ដោយ​ធ្វើ​កាយវិកា​ដៃ​សួរ រី​ជនសង្ស័យ​មិន​បាន​ធ្វើ​កាយវិការ​ប្រាប់​សមត្ថកិច្ច​ទេ គឺ​គ្រវី​តែ​ក្បាល​តែ​ប៉ុណ្ណោះ ។

សមត្ថកិច្ច​បន្ត​ថា ដោយ​ពិបាក​ក្នុង​ការ​សួរ​ចម្លើយ​ក៏​បញ្ជូន​ជនសង្ស័យ​ជា​កូន​រូប​នេះ​មក​ស្នងការ​ខេត្ត ដើម្បី​សាកសួរ​បន្ត ។ ចំណែក សមត្ថកិច្ច​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខេត្ត​បាន​ឲ្យ​ដឹង​ដែរ​ថា ជនសង្ស័យ​ទោះបី​សមត្ថកិច្ច​សួរ​តាម​កាយវិកា​មនុស្ស​គ ក៏​មិន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ពី​មូលហេតុ​យ៉ាងណា​នោះ​ដែរ គឺ​បាន​ត្រឹមតែ​គ្រវីក្បាល​តែ​ប៉ុណ្ណោះ ។ ហើយ​សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​២៤​ខែឧសភា​ឆ្នាំ​២០១៦​នេះ ។

គេ​ពុំ​ដឹង​ថា តើ​កូនស្រី​ដែល​ចាក់​ឪពុក​ឲ្យ​រង​របួសធ្ងន់​នេះ​មាន​កំហឹង​ជាមួយ​ឪពុក​រឿង​នោះ​អ្វី​នោះ​ទេ មាន​ប្រភព​ខ្លះ​បាន​និយាយ​ក្រៅផ្លូវការ​ថា ប្រហែល​មូលហេតុ​មក​ពី​ខឹង​ឪពុក​បែកបាក់​គ្នា​មក​រស់នៅ​ផ្ទះ​ផ្សេង​តែ​ម្នាក់ឯង មិន​គិត​ពី​ពួក​គេ​នៅ​ជាមួយ​ម្តាយ​ក្នុង​បន្ទុក​ដល់​ទៅ​៤​នាក់ ដោយ​ម្តាយ​រកស៊ី​ចិញ្ចឹម​ទាំង​វេទ​នានា​ពេល​កន្លង​មកនេះ ហើយ​ឮ​ថា​ឪពុក​តាំងពី​ចុះ​ចេញពីផ្ទះ​មាន​ស្រី​ទៀត​ផង​។ ប៉ុន្តែ នេះ​គ្រាន់តែ​ជា​ប្រភព​ខាងក្រៅ មិនមែន​ជា​ប្រភព​ជាក់លាក់​នោះ​ទេ ៕