រឿង​ចាស់​មិនទាន់​ចប់ ធ្លាយ​រឿងពុករលួយ ក្នុងការ​ប្រឡង​មន្ត្រី​ក្របខ័ណ្ឌ​មួយទៀត នៅខេត្ត​ព្រះសីហនុ​

រឿង​ចាស់​មិនទាន់​ចប់ ធ្លាយ​រឿងពុករលួយ ក្នុងការ​ប្រឡង​មន្ត្រី​ក្របខ័ណ្ឌ​មួយទៀត នៅខេត្ត​ព្រះសីហនុ​



ព្រះសីហនុ ​៖​ ចូល​មកដល់​ឆ្នាំ​២០១៦​នេះ លោក កង ​ឌី​ណាត ​ខេត្ត ព្រះសីហនុ ​យីអ៊ុន​ដាក់​បន្តិច​ហើយ​ គ្រា​ដែល​រឿង​ចាស់​មិនទាន់​បញ្ចប់​នៅឡើយ​ ក៏​ស្រាប់​តែ​លេ​ច​រឿង​​មិនសូវ​ជា​ល្អ​ថ្មី​មួយទៀត ចេញពី​មន្ទីរ​ធម្មការ​ខេត្ត​ព្រះសីហនុ ជុំវិញ​ការ​ប្រឡង​ចូល​ក្របខ័ណ្ឌ​មន្ត្រី​រាជការ ​ក្នុង​មន្ទីរ​នេះ។​

តាម​ប្រភព​ពី​មជ្ឈដ្ឋាន​សង្ឃ​ជាច្រើន​អង្គ និង​មន្ត្រី​នៅ​ខេត្ត​ព្រះសីហនុ​បាន​ខ្សឹប​ឲ្យ​ដឹង​ថា នៅក្នុង​ការ​ប្រឡង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ សម្រាប់​បម្រើ​ការ​នៅ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ឆ្នាំនេះ មាន​មន្ត្រីសង្ឃ​១២​នាក់ បាន​ប្រឡង​ជាប់​ជា​ផ្លូវការ ក្នុង​នោះ​មាន​ព្រះសង្ឃ​ចំនួន​៣​អង្គ និង​មន្ត្រី​ជា​គ្រហស្ថ​៩​រូប ដែល​តាម​ព័ត៌មាន​ផ្លូវការ​បាន​ឲ្យ​ដឹង​ថា ក្នុងចំណោម​គ្រហស្ថ​ចំនួន​៩​នាក់ នោះ​មាន ៣​នាក់​ជា​សាច់​ញាតិ របស់​លោក​ប្រធាន​មន្ទីរ កង ឌី​ណាត នេះ​តែម្តង​។​

ប្រភព​បាន​បង្ហើប​ទៀត​ថា ការ​ប្រឡង​ជាប់​នៃ​បេក្ខជន​ទាំង​១២​នាក់​ខាងលើ​នោះ​ មិនមែន​ដោយ​សមត្ថ​ភាព​សុទ្ធ​នោះ​ទេ ​គឺ​ជាប់​ដោយសារ​ការ​សូកប៉ាន់ ក្នុង​ម្នាក់​ចំនួន​២៥០០​ដុល្លារ​។ ចំណែក​អ្នក​ដែល​មាន​សមត្ថភាព ហើយ​ចូលរួម​ប្រឡង​ដោយ​មិន​មានការ​សូកប៉ាន់​នោះ គឺ​មិន​មាន​សំណាង​ឡើយ។​ ប្រភព​បាន​បន្ត​ទៀត​ថា ករណី​ដែល​ លោក កង ឌី​ណាត នៅតែ​អាច​ឈរជើង​នៅក្នុង​មន្ទីរ​ធម្មការ និង​សា​ស​នា​ខេត្ត ដោយសារ​មាន​លោកស្រី​ម្នាក់​ជា​មន្ត្រីជាន់ខ្ពស់ ក្រសួង​ធម្មការ និង​សាសនា​ជា​អ្នក​នៅ​ធ្វើជា​បង្អែក​ដ៏​មាំ​ពីក្រោយ ព្រោះ​លោក​ប្រធាន​រូប​នេះ ក៏​មិនធម្មតា​ដែរ។​

ករណីនេះ​ជា​រឿងអាស្រូវ​ថ្មី មួយទៀត​នៅ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ព្រះសីហនុ ដែល​ព្រះសង្ឃ និង​ពុទ្ធ​បរិស័ទ​ក្នុង​ខេត្ត មានការ​ធុញទ្រាន់ និង​កំពុង​អស់ជំនឿ​លើ​ស្ថាប័ន​ដឹកនាំ​សាសនា​មួយនេះ ដោយ​ពួកគេបាន​សំណូមពរ​ដល់​ លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​ថ្មី សូម​មេត្តា​ពិនិត្យ​មើល​ករណី​នេះ​ឡើងវិញ តាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​ជំរុញ​ឲ្យ​មន្ត្រី​គ្រប់រូប មុជទឹក​ឆ្លុះកញ្ចក់ និង​ដុសក្អែល​ឲ្យ​បាន​ជ្រះ ដើម្បី​ធ្វើជា​គំរូ​ដល់​ប្រជាពលរដ្ឋ និង​ធ្វើជា​មន្ត្រី​ដែល​បម្រើ​ប្រជាពលរដ្ឋ មិន​មែន​ជា​មន្ត្រី​ជើង​ប្រាំបី​នោះ​ទេ។​ ព្រះសង្ឃ​ និង​ពុទ្ធបរិស័ទ​នៅក្នុង​ខេ​ត្ត​ព្រះសីហនុ បាន​និង​កំពុង​ទន្ទឹម​រង់ចាំ​មើល​ចំណាត់ការ​ របស់​លោក​អភិបាលខេត្ត​ព្រះសីហនុ និងលោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​ថា​ តើ​លោក​នឹង​ចាត់វិធានការ​ ចំពោះ​រឿង​អាស្រូវ​ក្នុង​ការ​ប្រឡង​មន្ត្រី​ក្របខ័ណ្ឌ​នេះ​បែប​ណា​?។​

ដោយឡែកលោក កង ឌី​ណាត ប្រធាន​មន្ទីរ​ធម្មការ និង​សាសនាបាន​បដិសេធ​​ថា អ្វី​ជា​ពាក្យ​ចចាម​អា​រ៉ាម ដែល​ចោទ​លោក​ថា ​បាន​ទទួល​ ២៥០០​ដុល្លារ​ ក្នុង​ម្នាក់​ជា​ថ្នូរ​ទៅ​នឹង​ការ​ប្រឡង​ជាប់​ ជា​មន្ត្រី​នៃ​មន្ទី​រ​ធម្មការ និង​សាសនា​នោះ វា​មិន​មែន​ជា​រឿង​ពិត​នោះ​ទេ គឺ​លោក​មាន​តួនាទី​ត្រឹមតែ​ដឹកនាំ​បេក្ខជន ទាំងនោះ​ទៅ​ប្រឡង​តែប៉ុណ្ណោះ ហើយ​បេក្ខជន​ទាំង​១២​រូប មុននឹង​មាន​សិទ្ធ​ចូល​ប្រឡង គឺ​ត្រូវ​ឆ្លង​កាត់​ការ​ត្រូត​ពិនិត្យ ពី​ក្រសួង​មុខងារ​សាធារណៈ និង​ពិនិត្យ​សុខភាព​ទើបអាច​មាន​សិទ្ធ​ប្រឡង​ជា​ក្រោយ ហើយ​នៅក្នុង​ចំណោម​បេក្ខជន​ទាំង​១២​នាក់​ខាងលើ គឺ​មាន​ព្រះ​សង្ឃ​ចំនួន​៣​អង្គ និង​សាច់​ញាតិ​លោក​ម្នាក់​ផង​ដែរ។ ​ប៉ុន្តែ​បើ​ទោះ​ជា​សាច់ញាតិ​របស់​លោក​ ក៏​ពុំ​មាន​អ្វី​ខុស​នោះ​ដែរ ពីព្រោះការ​ប្រឡង​គឺ​ពឹង​លើ​សមត្ថភាព ដូចនេះ​អ្វី​ដែល​ជា​ការពិត​នៅតែ​ជា​ពិត (​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​នោះ​ទេ​)៕