មូលនិធិ Kofi Annan Foundation មិនទាន់សម្រេចចិត្តតាមរបាយការណ៍ របស់បក្សជំទាស់ទេ

មូលនិធិ Kofi Annan Foundation មិនទាន់សម្រេចចិត្តតាមរបាយការណ៍ របស់បក្សជំទាស់ទេ



ភ្នំពេញ ៖ គណៈប្រតិភូ​មូលនិធិ ខូ​ហ្វី អាណាន់ (Kofi Annan Foundation) របស់​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (អ.ស.ប) លោក ខូ​ហ្វី អាណាន់ ដែល​បានមក​ធ្វើ​ទស្សនកិច្ច​ស្វែងយល់​ពី​ការបោះឆ្នោត លទ្ធិប្រជាធិបតេយ្យ​និង​សន្តិសុខ​នៅ​កម្ពុជា បាន​ចូលជួប​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ កាលពី​រសៀល ថ្ងៃទី២៣ខែឧសភា ឆ្នាំ២០១៦ នៅ​ទីស្នាក់ការ​កណ្តាល សង្កាត់​ចាក់អង្រែលើ។

លោក​យឹម សុវណ្ណ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្រោយពី​ជំនួប​ថា ជំនួប​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ផ្តល់​ជំនឿ​ទុកចិត្ត​សំរាប់​ការបោះឆ្នោត​ទូទាំង​ពិភពលោក ជាពិសេស​ការបោះឆ្នោត​នៅ​ប្រទេស​កម្ពុជា ហើយ​ដំណើ​ទស្សនកិច្ច​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​យល់ឃើញថា ដំណើ​ទស្សនកិច្ច​នេះ​គឺធ្វើឡើង​ចំពេល​ល្អ ពីព្រោះ​ដើម្បី​ឲ្យ​មានការ​បោះឆ្នោត​មួយ​ប្រព្រឹត្ត​ទៅដោយ​ល្អ​មាន​កត្តា​ពីរ​គឺ​បរិយាកាស​នយោបាយ និង​ការបោះឆ្នោត​មួយ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។

តាម​លោក​យឹម សុវណ្ណ បាន​បញ្ជាក់ថា ពេលនេះ​បរិយាកាស​នយោបាយ​កំពុងតែ​លំបាក​ហើយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) យើង​ឃើញ​មាន​អគ្គលេខាធិការរង​ម្នាក់​ត្រូវបាន​ចោទប្រកាន់ ហើយ​សមាជិក​ម្នាក់ទៀត ក៏​កំពុង​ទទួលរង​ការចោទប្រកាន់​រង់ចាំ​ការកាត់ក្តី ដូច្នេះ​ក្នុង​ស្ថានការណ៍​នេះ ចេញពី​បរិយាកាស​នយោបាយ​ទៅ​ប៉ះពាល់​ដល់ គ.ជ.ប ហើយ​បញ្ហា​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បានស្នើ​ឲ្យ​តំណាង​គណៈប្រតិភូ​មូលនិធិ ខូ​ហ្វី អាណាន់ (Kofi Annan Foundation) ជួយ​ផងដែរ។

លោក យឹម សុវណ្ណ អះអាងថា គណបក្ស​បានស្នើ​បញ្ហា​ទី១, ស្នើ​ឲ្យ​ដោះស្រាយ​បញ្ហា​អគ្គលេខាធិការរង គ.ជ.ប ម្នាក់ ក៏ដូចជា​សមាជិក គ.ជ.ប ម្នាក់  ក៏ដូចជា​សង្គម​ស៊ីវិល និង​អ្នកនយោបាយ​ទាំងអស់ ហើយ​បញ្ហា​នេះ តំណាង​មូលនិធិ Kofi Annan Foundation បាន​អះអាងថា នឹង​ប្រមែប្រមូល​ព័ត៌មាន​សិន ពីព្រោះ​លោក​ទើប​ទទួល​ព័ត៌មាន ហើយ​មិនទាន់​ធ្វើ​សេចក្តីសំរេចចិត្ត​ណាមួយ​ទេ ទី២,ទាក់ទង​នឹង​ការរៀបចំ​ការបោះឆ្នោត​នាពេលខាងមុខ គឺ​ធ្វើយ៉ាងណា​ឲ្យ​ការបោះឆ្នោត​បាន​ប្រព្រឹត្ត ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

តំណាង​មូលនិធិ Kofi Annan Foundation លោក Alan Doss បាន​លើកឡើងថា នឹង​ខិតខំ​ធ្វើយ៉ាងណា ដើម្បី​ឲ្យ​មានការ​ជជែក​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ ដូចជា​គណបក្សនយោបាយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) សង្គម​ស៊ីវិល ហើយ​និង​ទាក់ទង​រក​បទពិសោធ​ន៍​បន្ថែម​ពី​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​មួយចំនួនទៀត ដែល​បានរៀបចំ​ដំណើការ​បោះឆ្នោត​បាន​ជោគជ័យ។

ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន ដែល​បាន​លើកឡើងថា តើ​គណបក្ស​សង្គ្រោះ​ជាតិ​មានសង្ឃឹម​យ៉ាងណា​ចំពោះ​អន្តរាគមន៍​របស់​អន្តរជាតិ សំរាប់​ការបោះឆ្នោត​នាពេលខាងមុខ ? លោក យឹម សុវណ្ណ អះអាងថា នៅ​ឆ្នាំ២០១៨ ខាងមុខ​លោក​សង្ឃឹមថា គណបក្ស​ណា​ឈ្នះឆ្នោត ឬ​ចាញ់ឆ្នោត​កុំ​ឲ្យ​មាន​បញ្ហា ដូច្នេះហើយ​បានជា​យើង​ខិតខំ​តាំងពី​ពេលនេះ​ទៅ គឺ​ដោះស្រាយ​បញ្ហា​ទាំងអស់​ឲ្យ​ចប់។ លោក​បន្តថា កាលពី​មុននេះ យើង​មើលទៅ​ហាក់ដូចជា​ដំណើការ​ទៅ​មាន​ភាព​វិជ្ជមាន ដោយសារ​បានរៀបចំ​វិសោធនកម្ម​ធម្មនុញ្ញ និង​ជ្រើសរើស​ក្បាលម៉ាស៊ីន គ.ជ.ប តែ​រយៈ​ប៉ុន្មាន​ខែ​នេះ​ស្ថានការណ៍​នយោបាយ​ហាក់ដូចជា​មានការ​លំបាក ដូចជា​មានការ​ចោទប្រកាន់​ទៅលើ​មន្ត្រី គ.ជ.ប ចំនួន២រូប​ជាដើម ដូច្នេះ​យើង​ខិតខំ​ដោះស្រាយ​ឲ្យ​បាន​ឆាប់។

លោក ហង្ស ពុទ្ធា មន្ត្រី​អ្នកនាំពាក្យ​គ.ជ.ប បានបញ្ជាក់​រួចហើយ​ថា បើទោះបីជា គ.ជ.ប អវត្តមាន​លោក នី ចរិយា និង​លោក រ៉ុង ឈុន ឬក៏​មន្ត្រី​ប្រតិបត្តិការ​ខ្លះ​ក៏ដោយ ក៏​គ.ជ.ប នៅតែ​ទទួលខុស​ត្រូវបាន សំរាប់​ការរៀប​ចំការ​បោះឆ្នោត​មួយ ដែល​អាច​ទទួលយកបាន ដោយ​អ្នកចូលរួម។លោក ហង្ស ពុទ្ធា អះអាងថា នៅក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​មូលនិធិ ខូ​ហ្វី អាណាន់ លោក ស៊ិ​ក ប៊ុន​ហុក បាន​បង្ហើប​អំពី​បញ្ហា​លោក រ៉ុង ឈុន និង​លោក នី ចរិយា ផងដែរ តែ​នៅក្នុង​កិច្ចពិភាក្សា​មិនបាន​លើក​យកមក​និយាយ​ទេ៕