ក្រុម​ចោរ​ AK ​ប្លន់​ផ្ទះ​អ្នកលក់​ត្រី​នៅ​ស្រុក​ក្រឡាញ់​ អស់​ទ្រព្យសម្បត្តិ​ជិត​ ១​ម៉ឺន​ដុល្លារ

ក្រុម​ចោរ​ AK ​ប្លន់​ផ្ទះ​អ្នកលក់​ត្រី​នៅ​ស្រុក​ក្រឡាញ់​ អស់​ទ្រព្យសម្បត្តិ​ជិត​ ១​ម៉ឺន​ដុល្លារ



សៀមរាប៖ ក្រុម​ចោរ​ប្រដាប់​ដោយ​កាំភ្លើង ​AK​ បាន​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​អ្នកលក់​ត្រី​នៅ​ស្រុក​ក្រឡាញ់ ​យក​អស់​លុយ​និង​គ្រឿង​អលង្ការ ​សរុប​ជិត ​១​ម៉ឺន​ដុល្លារ រួច​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​។

ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ​២០៖០០​នាទី​ ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ២០១៦​ នៅ​ក្នុង​ភូមិ​ត្រពាំង​ច្រាំង​ ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប។

លោក​វរសេនីយ៍ទោ ចាន់ សា​រ៉េ​ន អធិការ​នគរបាល​ស្រុក​ក្រឡាញ់​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៤​នេះ​ថា ក្រុម​ចោរ​មាន​គ្នា ៣​នាក់ ​ស្លៀកពាក់​ឯកសណ្ឋាន​កងទ័ព ​២​នាក់ ​និង​ម្នាក់ទៀត​ស្លៀកពាក់​ស៊ីវិល​ប្រដាប់​ ដោយ​អាវុធ ​AK ចំនួន​ ០២​ដើម​ និង​ដំបង​ឈើ​មួយ​ ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ​ពោ រិ​ទ្ធ ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​ នៅ​ភូមិ​ត្រពាំង​ច្រាំង​ ឃុំ​ក្រឡា​ញ់ ស្រុក​ក្រឡាញ់​ មានមុខ​របរ​លក់​ត្រី​។ លោក​បន្ត​ថា ការបាត់បង់​នោះ​អស់​ចំនួន​ដូចជា ១.​ ខ្សែដៃ​មាស​០១​ខ្សែ​ទម្ងន់​០៥​ជី ​២. ​ខ្សែ​ក​មាស​០១​ខ្សែ​ទម្ងន់​០១​តម្លឹង​ ៣.​ ប្រាក់​បាត​ថៃ​ចំនួន​៥​ម៉ឺន​បាត​ ៤. ​ប្រាក់​ដុល្លារ​ចំនួន​៥០០​ដុល្លារ ​៥. ​ប្រាក់​រៀល​ចំនួន​៦​លាន​រៀល​ ពេល​ដែល​ចោរ​កំពុង​ធ្វើ​សកម្មភាព​ប្លន់​ ភ្ជង់​ប្រពន្ធ​យក​ទ្រព្យសម្បត្តិ​ ប្តី​រត់​ចេញមកខាងក្រៅ​មុខ​ផ្ទះ​ ក្រុម​ចោរ​បាញ់​គាត់​មួយ​គ្រាប់​ តែ​ពុំ​មាន​គ្រោះថ្នាក់​អ្វី​ទេ ពេល​នោះ​ក្រុម​ចោរ​ បាន​រត់​ចេញ​ទៅ​ទិស​ខាង​ត្បូង​ឆៀង​ខាង​កើត​ ឡើង​ថ្នល់ជាតិ​ មាន​រថយន្ត​មួយ​គ្រឿង​ចាំ​ទទួល​យក​ក្រុម​ចោរ​ រួច​បើក​ចេញ​មក​ទិសខាងកើត​បាត់ ដោយឡែក​កម្លាំង​នគរបាល កងរាជអាវុធហត្ថ ផ្នែក​សឹក​រង និង​កម្លាំង​ប្រជា​ការពារ​ជួយ​អន្តរាគមន៍​ មកដល់​កន្លែង​កើតហេតុ​ភ្លាមៗ​ដែរ​ តែ​ចោរ​គេច​ខ្លួន​បាត់។

ករណី​ប្លន់​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​​តាម​ប្រ​ម៉ាញ់​អស់​មួយ​យប់​ តែ​នៅ​មិនទាន់​មាន​ពន្លឺ​នៅឡើយ​។ ទោះជា​យ៉ាងណា​សមត្ថកិច្ច​នៃ​ខេត្ត​សៀមរាប ​នៅតែ​បន្ត​ស្រាវជ្រាវ​រក​បន្ថែម​ទៀត៕

ក្រុម​ចោរ​ AK ​ប្លន់​ផ្ទះ​អ្នកលក់​ត្រី​នៅ​ស្រុក​ក្រឡាញ់​ អស់​ទ្រព្យសម្បត្តិ​ជិត​ ១​ម៉ឺន​ដុល្លារ

ក្រុម​ចោរ​ AK ​ប្លន់​ផ្ទះ​អ្នកលក់​ត្រី​នៅ​ស្រុក​ក្រឡាញ់​ អស់​ទ្រព្យសម្បត្តិ​ជិត​ ១​ម៉ឺន​ដុល្លារ