មូលនិធិ កូហ្វី​ អាណាន់ ពុំ​មាន​គំរូ​នៃ​ការបោះឆ្នោត​នៅ​ប្រទេស​ណា​ល្អ​នោះ​ទេ ​សំខាន់​ការ​សម្រេច​របស់​ម្ចាស់ផ្ទះ​

មូលនិធិ កូហ្វី​ អាណាន់ ពុំ​មាន​គំរូ​នៃ​ការបោះឆ្នោត​នៅ​ប្រទេស​ណា​ល្អ​នោះ​ទេ ​សំខាន់​ការ​សម្រេច​របស់​ម្ចាស់ផ្ទះ​



ភ្នំពេញ ​៖ តំណាង​ប្រតិភូ​មូលនិធិ កូហ្វី​ អាណាន់ (Kofi Annan Foundation) លោក អា​ឡេ​ន ដូ​ស (Alan Doss) លើកឡើង​បែបនេះ នៅក្នុង​ជំនួប​ជាមួយ ​លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជា​តិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​ទីស្នាក់ការ គ​.​ជ​.​ប​។​

លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​ថា នេះ​ជា​ការ​ជួបគ្នា​​មាន​សារប្រយោជន៍ ដែល​គាត់​បាន​ស្វែងយល់​ពី​ការបោះឆ្នោត​នៅ​កម្ពុជា ហើយ​យើង​បាន​រំលឹក​ពី​បញ្ហា​មួយចំនួន​ទាក់ទង​នឹង​បច្ចេកទេស ហើយ​ខាង​មូលនិធិ​បាន​ផ្តល់​គំនិត​ឲ្យ គ​.​ជ​.​ប ខិតខំ​ធ្វើការ​ងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ និង​តស៊ូ​អត់ធ្មត់ ដើម្បី​រៀបចំ​ការបោះឆ្នោត ពីព្រោះ​ការ​បោះឆ្នោត​មួយ​ដែល​ល្អ គឺ​មិនមែន​ត្រឹម​ធ្វើ​នៅ​ថ្ងៃ​បោះឆ្នោត​នោះ​ទេ គឺ​ត្រូវ​រៀបចំ​ពី​ចម្ងាយ ហើយ​មាន​ការ​ជឿ​ទុក​ចិត្ត​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។​

លោក ទេព នីថា បញ្ជាក់​ថា “​តាមពិត​ទៅ​ខាង​មូលនិធិ​កូហ្វី​អាណាន់ ពុំ​បាន​ជួយ​ជា​ជំនួយ​បច្ចេកទេស​អ្វី​ទេ ប៉ុន្តែ​ស្ថាប័ន​របស់​គាត់​ គ្រាន់តែ​ជួយ​ជា​គោល​គំនិត ជា​គោលនយោបាយ ដើម្បី​រៀបចំ​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ល្អ​តែប៉ុណ្ណោះ ហើយ​សំខាន់​គាត់​បាន​លើក​ឡើង​ថា ពុំ​មាន​គំរូ​នៃ​ការបោះឆ្នោត​ណា​បាន​ល្អ​ទេ គ្រាន់តែ​ជា​បទពិសោធន៍​នៃ​បណ្ដា​ប្រទេស ដែល​គាត់​អាច​ផ្តល់​ឲ្យ​យើង ហើយ​ការសម្រេច​លើ​យើង​ជា​ម្ចាស់ផ្ទះ​”​។

ចំពោះ​ការ​បញ្ជូន​អ្នកសង្កេតការណ៍​សម្រាប់​ការបោះឆ្នោត​នោះ លោក ទេព នីថា អះ​អាង​ថា ខាង​មូលនិធិ​មិន​ទាន់​បាន​គិតដល់​ទេ ដោយសារតែ​គាត់​ទើប​ធ្វើការ​បាន​២​ថ្ងៃ ហើយ​គាត់​នឹង​ស្វែងយល់​បន្ថែម បន្ទាប់មក​គាត់​នឹង​ពិនិត្យ​ឡើង​វិញ​ពី​អ្វី ដែល​គាត់​អាច​ជួយ​បាន​សម្រាប់​ការបោះឆ្នោត​នៅ​កម្ពុ​ជា​។ ជាមួយគ្នា​នោះ តំណាង​គណៈប្រតិភូ​មូលនិធិ​កូហ្វី​អាណាន់​បាន​លើក​ជា​សំណួរ​ថា តើ​មាន​ប​ញ្ហា​ប្រឈម​អ្វីខ្លះ ក្នុង​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា ហើយ​មាន​អ្វីខ្លះ​ដែល​ត្រូវ​ឲ្យ​គាត់​ជួយ​។​

ទាក់ទង​ដល់​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី លោក ទេព នីថា បាន​បញ្ជាក់​ថា “​គ​.​ជ​.​ប បាន​ត្រៀម​រៀបចំ​តាំងពី​​ឆ្នាំ​២០១៥ ​មក​ម្ល៉េះ គឺ​នៅ​ពេល​ដែល គ​.​ជ​.​ប ថ្មី​បាន​ចូលកាន់​ដំណែង ហើយ​ការងារ​សំខា​ន់ គឺ​ការកែទម្រង់​ការបោះឆ្នោត ហើយ​មាន​ការងារ​២ ដែល​ត្រូវធ្វើ​ជាបន្ទាន់​នោះ គឺ​ទី​១, រៀបចំ គ​.​ជ​.​ប ឲ្យ​ទៅជា​ស្ថាប័ន​លក្ខន្តិកៈ​ដោយឡែក ហើយ​ឥឡូវនេះ​គ​.​ជ​.​ប បាន​រៀប​ចំ​ជា​ស្ថាប័នរដ្ឋ​ធម្មនុញ្ញ និង​តាមច្បាប់​ស្ដីពី​ការ​ប្រព្រឹត្តិ​ទៅ​នៃ គ​.​ជ​.​ប រួចហើយ ហើយ​ទី​២, ការរៀបចំ​ចុះឈ្មោះ​បោះឆ្នោត ជា​មូល​ដ្ឋាន​ច្បាប់ និង​ជា​មូលដ្ឋាន​បច្ចេកទេស គឺ​បាន​រៀបចំ​អស់ហើយ ចំពោះមុខ​យើង​រង់ចាំ​សំភារៈ​របស់​អី​យូ ដែល​នឹង​ផ្តល់​មកដល់ គ​.​ជ​.​ប ថ្ងៃទី​១៥ ខែកក្កដា ខាងមុខ ដូច្នេះ​តាម​លទ្ធភាព​ជាក់ស្តែង យើង​អា​ច​ចុះឈ្មោះ​បាន​នៅ​ខែ​៩ ឆ្នាំ​២០១៦”​។​

ចំណែក​យុវជន​ដែល​គ្រប់​អាយុ លោក ទេព នីថា អះ​អាង​ថា បើ​តាម​ការ​ធ្វើ​ស្ថិតិ​ប៉ាន់ស្មាន​ប្រជាពល​រដ្ឋ​គ្រប់​អាយុ​បោះឆ្នោត​មាន​ប្រមាណ​ជាង​៩ លាន ៦​សែន​នាក់ ដែល​ចំនួន​អ្នក​គ្រប់​អាយុ​១៨ ឆ្នាំនេះ យើង​បាន​ប៉ាន់ស្មាន​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៧​។ ចំពោះ​ថវិកា​ដែល​គ្រោង​ចំណាយ មាន​ប្រមាណ​ជា​២៣ លាន​ដុល្លារ គិត​ទាំង​​ជំនួយ​របស់​សហគមន៍​អឺរ៉ុប និង​ជប៉ុន​៕

មូលនិធិ កូហ្វី​ អាណាន់ ពុំ​មាន​គំរូ​នៃ​ការបោះឆ្នោត​នៅ​ប្រទេស​ណា​ល្អ​នោះ​ទេ ​សំខាន់​ការ​សម្រេច​របស់​ម្ចាស់ផ្ទះ​

មូលនិធិ កូហ្វី​ អាណាន់ ពុំ​មាន​គំរូ​នៃ​ការបោះឆ្នោត​នៅ​ប្រទេស​ណា​ល្អ​នោះ​ទេ ​សំខាន់​ការ​សម្រេច​របស់​ម្ចាស់ផ្ទះ​