គោ​ឧសភរាជ​បង្ហាញ​ប្រផ្នូល​ថា​ស្រូវ​ពោត​និង​សណ្ដែក​នឹង​ទទួល​បាន​ផល​ល្អ​នៅ​ឆ្នាំ​នេះ

ពិធី​ច្រត់ព្រះនង្គ័ល ដែល​ព្រះមហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះរាជទាន​ឱ្យ​អភិបាល​ខេត្ត​សៀមរាប លោក ឃឹម ប៊ុនសុង ធ្វើ​ជា​ស្ដេច​មាឃ និង​អ្នកស្រី គួយ ណាលីន ធ្វើ​ជា​មេហួរ បាន​ប្រារព្ធ​ឡើង​នៅ​ឯ​ទី​លាន​ជល់ដំរី នៃ​បរិវេណ​ប្រាសាទ​អង្គរធំ រយៈពេល​ជាង ២​ម៉ោង ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៤ ខែ​ឧសភា។

ព្រះ​រាជពិធី​ផ្លូវការ​ដែល​មាន​ព្រះមហាក្សត្រ យាង​ចូល​រួម​ជា​អធិបតី​ផង​នោះ គឺ​ជា​សញ្ញា​ប្រាប់​ឱ្យ​កសិករ​គ្រប់ៗ​រូប​នៅ​ទូទាំង​ប្រទេស​ដឹង​ថា រដូវ​ធ្វើស្រែ​ចម្ការ​បាន​ចូល​មក​ដល់​ហើយ។

ការ​ផ្សង​ប្រផ្នូល​តាម​ជំនឿ​ប្រពៃណី​និង​សាសនា ក្នុង​ពិធី​ច្រត់ព្រះនង្គ័ល​ដែល​ធ្វើ​ឡើង​នៅ​បរិវេណ​នៃ​ប្រាសាទ​អង្គរធំ ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៤ ខែ​ឧសភា គឺ​គោ​ឧសភរាជ​បាន​បរិភោគ​ស្រូវ​ដែល​ដាក់​នៅ​លើ​ជើងពាន គ្រាប់​ពោត រួម​ទាំង​សណ្ដែកបាយ។

តាម​លំអាន​ប្រពៃណី​នៃ​ព្រះ​រាជពិធី​ដែល​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ ដោយ​មាន​ការ​បួងសួង​ដល់​វត្ថុ​សក្ដិសិទ្ធិ​ជា​មុន​ផង​នោះ ប្រផ្នូល​ដែល​កើត​ឡើង​តាម​រយៈ​សកម្មភាព​គោ​ឧសភរាជ​ត្រូវ​គេ​ជឿជាក់​យ៉ាង​ខ្លាំង​ដោយ​ភ្ជាប់​ទៅ​នឹង​ភោគផល​កសិកម្ម​សម្រាប់​ចុង​ឆ្នាំ៖ «សំឡេង​បួងសួង»

​ព្រាហ្មណ៍​ព្រះរាជ​គ្រូ​​គឺ​ជា​មនុស្ស​ម្នាក់​យ៉ាង​សំខាន់​ក្នុង​ការ​យល់​ដឹង​អំពី​ប្រផ្នូល​នៃ​ការ​ផ្សង​ក្នុង​ពិធី​ច្រត់ព្រះនង្គ័ល។ លោក​បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ និង​មន្ត្រី​អ្នក​មុខ​អ្នក​ការ រួម​ទាំង​ប្រជារាស្ត្រ​នៅ​ខាង​ក្រោយ​ការ​បញ្ចប់​នៃ​ពិធី​ច្រត់ព្រះនង្គ័ល​ថា លទ្ធផល​ប្រផ្នូល​នៃ​ការ​ផ្សង​តាម​រយៈ​គោ​ឧសភរាជ​ទៅ​លើ​ជំនឿ​ប្រពៃណី​គឺ​វិស័យ​កសិកម្ម​ឆ្នាំ​នេះ ស្រូវ​នឹង​ទទួល​បាន​ផល​ល្អ​ស្មើ​នឹង ៩០% ពោត ទទួល​បាន​ផល​ល្អ​ស្មើ​នឹង ៩០% រី​ឯ​សណ្ដែក​នឹង​ទទួល​ផល​កាន់​តែ​ល្អ​ប្រមាណ ៩៥%៖ «ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​សូម​ឧទ្ទិស​សំបូងសង្រូង ប្រកាស​បួងសួង​ដល់​គុណបុណ្យ​ព្រះ​ទេវរាជ​ទាំង​អស់ និង​វត្ថុ​សក្ដិសិទ្ធិ​លើ​លោក សូម​ព្រះ​មេត្តា​ជួយ​បណ្ដាល​ឱ្យ​មាន​ទឹក​ភ្លៀង​គ្រប់គ្រាន់»

ច្រន់​ព្រះ​នង្គ័ល ៨៥៥ ២០១៦
ក្រុម​បារគូ​របស់​ព្រះ​បរម​រាជវាំង នាំ​​មុខ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​នៅ​វាល​ព្រះ​ស្រែ​នៅ​បរិវេណ​ប្រាសាទ​អង្គរធំ ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Hang Savyouth

ប្រជាកសិករ​ដែល​ខំ​ស្កាត់​មក​ពី​តាម​បណ្ដា​ស្រុក​ជា​ច្រើន​ក្នុង​ខេត្ត​សៀមរាប បាន​សំដែង​ចិត្ត​ត្រេកអរ​នៅ​ពេល​ដែល​ឃើញ​ប្រផ្នូល​គោ​ឧសភរាជ​បរិភោគ ស្រូវ ពោត និង​សណ្ដែក​ដូច្នេះ។

បុរស​វ័យ​ចំណាស់​មក​ពី​ស្រុក​ពួក លោក ធាម ង៉ិ មាន​ប្រសាសន៍​ថា លោក​ជឿជាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ផ្សង​ប្រមូល​ផ្នូល​តាម​រយៈ​គោ​ឧសភរាជ​នេះ ហើយ​រំពឹង​ថា កសិករ​ដូច​លោក​នឹង​ប្រមូល​បាន​ផល​ច្រើន​នៅ​ចុង​ឆ្នាំ៖ «ត្រេកអរ សប្បាយ បាន​កើត​ស្រូវ​អង្ករ សំបូរ​ដំណាំ។ ខ្ញុំ​ជឿ​ថា ភោគផល​ប្រាកដ​ជា​បាន ខ្ញុំ​ត្រេកអរ»

ចំណែក​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ល្វែងឫស្សី ស្រុក​ជីក្រែង អ្នកស្រី មាឃ អ៊ាម បាន​បង្ហាញ​ទឹក​ចិត្ត​ត្រេកអរ​ប្រហាក់​ប្រហែល​គ្នា​នេះ៖ «ខ្ញុំ​សូម​បួង​សួង​ឱ្យ​ប្រផ្នូល​នេះ ក្លាយ​ជា​ការពិត ខ្ញុំ​រំភើប​ដោយ​ឃើញ​គោ​ឧសភរាជ​បរិភោគ​ស្រូវ​ពេល​នេះ»

ព្រះ​រាជពិធី​ច្រត់​ព្រះនង្គ័ល ដែល​ធ្វើ​ឡើង​នៅ​ទី​លាន​ជល់​ដំរី​នៃ​បរិវេណ​ប្រាសាទ​អង្គរធំ​ខេត្ត​សៀមរាប ឆ្នាំ​នេះ មាន​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ណៅ ធួក ជា​អ្នក​កាន់​នង្គ័ល​ទី​១។ អភិបាល​ខេត្ត​សៀមរាប លោក ឃឹម ប៊ុនសុង ជា​ស្ដេច​មាឃ និង​ភរិយា​របស់​លោក​គឺ​អ្នកស្រី គួយ ណាលីន ជា​មេហួរ ដើរ​បាច​គ្រាប់​ស្រូវ ព្រម​ទាំង​លោក អ៊ិន សេរីរដ្ឋា ជា​ជំនួយការ​របស់​សម្ដេច​ចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង ជា​អ្នក​កាន់​នង្គ័ល​ទី​៣។

កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ ពិធី​ច្រត់ព្រះនង្គ័ល​ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ឯ​ខេត្ត​បាត់ដំបង គឺ​គោ​ឧសភរាជ បាន​បរិភោគ​តែ​គ្រាប់​ពោត ១​មុខ​គត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។