អ្នក​ខ្លាំង​ដេក​គុក អ្នក​ចាញ់​ដេកពេទ្យ ព្រោះ​រឿង​ដីធ្លី

ឧត្តរមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​ជន​ដៃដល់​ប្រើ​អំពើ​ហិង្សា​ទាញ​កាំបិត​ខ្វែវ​ដង​វែង​ដេញ​កាប់​៣​កាំបិត​បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹកថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៦​។ ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​លំ​ទងស្រុក​អន្លង់​វែង  ខេត្តឧត្តរមានជ័យ​។ ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​បាន​ឲ្យ​ដឹង​ថា  មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ទាំង​២​នាក់​នេះ មាន​ជម្លោះ​ប្រកែក​គ្នា​ពី​រឿង​ដីចំការ យ៉ាង​តឹងសរសៃក​រៀង​ៗ​ខ្លួន បន្តិច​ក្រោយមក​គេ​បានឃើញ​ជន​ដៃដល់​ស្ទុះ​ទៅ​ទាញ​កាំបិត​ខ្វែវ​ដង​វែង​ដេញ​កាប់​ជន​រង​គ្រោះ​ចំនួន​៣​កាំបិត​បណ្តាល​ឲ្យ​ដេក​ដួល​ក្នុង​ថ្លុកឈាម កុំ​តែ​បាន​អ្នក​ភូមិរ​ត់ទៅ​ជួយ​កុំ​អី ជន​ដៃដល់​កាប់​រហូត​ដល់​ស្លាប់​បាត់​ទៅ​ហើយ​។

អ្នក​ភូមិ​បាន​អះអាង​ថា ជន​ដៃដល់​រូប​នេះ​តែងតែ​បង្កជម្លោះ​ជាមួយ​អ្នក​ភូមិ​ស្ទើរតែ​គ្រប់​គ្នា​ទៅ​ហើយ កន្លង​មក​ជន​ដៃដល់​រូប​នេះ​បាន​ដេញ​កាប់​គេឯង​ជា​ញឹកញាប់ នឹង​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​នគរបាល​ជា​ច្រើន​ដង​ដែរ តែ​គ្មាន​ចំណាត់ការ​ទាល់តែ​សោះ​បាន​ត្រឹម​នាំ​ខ្លួន​ធ្វើការ​សាកសួរ​រួច​ដោះ​លែង​វិញ​។ លោក​វរៈសេនីយ៍ទោ ងួ​ន ធី​រិ​ទ្ធ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អន្លង់​វែង​បាន​ឲ្យ​ដឹង​ថា មុន​ពេលធ្វើការ​ឃាត់ខ្លួន​ជន​ដៃដល់​រូប​នេះ ដោយ​មាន​ពលរដ្ឋ​រាយការណ៍​តាម​ទូ​សព្ទ​មក​ថា មាន​ជម្លោះ​គ្នា​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​កាប់​ចាក់​គ្នា ភ្លាម​ៗ​នោះ​លោក​បាន​បញ្ជា​លោក​អនុសេនីយ៍ឯក ហ៊ើ​ន សំបោ​ន ផ្នែក​ស្រាវជ្រាវ និង​ព្រហ្មទណ្ឌ​អាវុធហត្ថ​ស្រុក​អន្លង់​វែង បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ឃាត់ខ្លួន​នាំ​យក​មក​ទីបញ្ជាការ​ដើម្បី​ធ្វើការ​សាកសួរ​។

លោក​បាន​បញ្ចា​ក់ថា យោង​តាម​ចម្លើយ​ជន​ដៃដល់​ឈ្មោះ អុ​ន យ៉ា​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ឡាយ ធី​ម ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​ចំនួន​៣​ខ្វែវ ទី​១​ត្រូវ​ចំ​ថ្ងាស ទី​២​ត្រូវ​ចំ​ថ្ពាល់ ទី​៣​ត្រូវ​ចំ​ដៃ​ពិតប្រាកដ​មែន យោង​តាម​ចម្លើយ​សារភាព រួម​ទាំង​វត្ថុ​តាង​លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រូប​នេះ​ទៅ​តុលាការ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕