មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​កំពង់ធំ​ប្ដេជ្ញា​ដើរ​ប្រមូល​ស្នាម​មេដៃ​​បើ​ទោះ​បី​មាន​ការ​រារាំង

សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ធំ នឹង​បន្ត​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​រហូត​គ្រប់​ចំនួន ដើម្បី​ដាក់ថ្វាយ​ព្រះមហាក្សត្រ​ឱ្យ​ជួយ​អន្តរាគមន៍​ដោះលែង​មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់​ឃុំ។

ពួកគេ​លើក​ឡើង​បែប​នេះ ក្រោយ​ពេល​ការ​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ពី​សំណាក់​មន្ត្រី​មូលដ្ឋាន និង​សកម្មជន​របស់​ខ្លួន​កន្លង​មក​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន ដូចជា​ការ​ឃាត់​ខ្លួន និង​កោះ​ហៅ​សាកសួរ​ពី​អាជ្ញាធរ​ជាដើម។

មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ធំ ឱ្យ​ដឹង​ថា មាន​សកម្មជន និង​មន្ត្រី​របស់​ខ្លួន​នៅ​តាម​មូលដ្ឋាន​ជិត ១០​នាក់ ហើយ​ដែល​អាជ្ញាធរ និង​សមត្ថកិច្ច​បញ្ជា​ឱ្យ​បញ្ឈប់​សកម្មភាព​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ដើម្បី​ដាក់​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ត​ទៅ​ទៀត។ ពួកគេ​ថា សកម្មភាព​រារាំង និង​ការ​បង្ខំ​​ឱ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​នោះ គឺ​ជា​ការ​បំភិតបំភ័យ និង​គំរាមកំហែង​ពួកគេ​ទៅ​វិញ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ធំ លោក ស៊ុន ចន្ធី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ថា មាន​សកម្មជន និង​មន្ត្រី​របស់​ខ្លួន ៦​នាក់​ហើយ ដែល​ត្រូវ​បាន​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ឃាត់​ខ្លួន​ដើម្បី​សួរនាំ​ជុំវិញ​ការ​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ។

លោក​បញ្ជាក់​ថា សកម្មភាព​ដើរ​ប្រមូល​ស្នាម​មេដៃ​ដើម្បី​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​ព្រះ​បរមនាថ នរោត្តម សីហមុនី ដើម្បី​ឱ្យ​ព្រះអង្គ​ជួយ​អន្តរាគមន៍​ជុំវិញ​បញ្ហា​ប្រទេស​ជាតិ​ពេល​បច្ចុប្បន្ន ពិសេស​ការ​ធ្វើ​ទុក្ខទោស​លើ​មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​ជាដើម គឺ​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់៖ «ពីព្រោះ​ក្នុង​ញត្តិ​នេះ មិន​មែន​ជា​ការ​ដាក់​បន្ទុក​ទៅ​លើ​បុគ្គល​ណា​មួយ ឬ​អ្នក​កាន់​អំណាច​ណា​មួយ​ទេ គឺ​ស្នើ​ទៅ​ព្រះមហាក្សត្រ​ក្នុង​នាម​ប្រជាពលរដ្ឋ»

សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​កំពង់ធំ បាន​ឃាត់​ខ្លួន​សកម្មជន និង​មន្ត្រី​គណបក្ស​ប្រឆាំង ៦​នាក់​ដើម្បី​សាកសួរ​ជុំវិញ​សកម្មភាព​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ និង​តម្រូវ​ឱ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​នោះ​ត​ទៅ​ទៀត។ ពួកគេ​ទាំង​នោះ រួម​មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​នាក់ នៅ​ឃុំ​សាលាវិស័យ ស្រុក​ប្រាសាទបល្ល័ង្គ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា។ ចំណែក​បួន​នាក់​ទៀត​រួម​មាន បី​នាក់​នៅ​ស្រុក​ស្ទោង និង​ម្នាក់​នៅ​ឃុំ​ឈូកខ្សាច់ ស្រុក​បារាយណ៍ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ហៅ​សួរ​នាំ និង​ព្រមាន​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ដោយ​មិន​ឱ្យ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ទៀត។

អ្នកនាំពាក្យ​សាលា​ខេត្ត​កំពង់ធំ លោក គង់ វិមាន មិន​បាន​ពន្យល់​លំអិត​ពី​ករណី​នេះ​ទេ ដោយ​បញ្ជាក់​ថា លោក​ក្ដាប់​ព័ត៌មាន​មិន​បាន ហើយ​លោក​រុញ​ឱ្យ​សួរ​ទៅ​អភិបាល​ខេត្ត។ តែ​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត និង​ស្នងការ​នគរបាល​ខេត្ត​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​សាលាវិស័យ មួយ​រូប​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន និង​តម្រូវ​ឱ្យ​ធ្វើ​កិច្ចសន្យា​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា លោក ឡាញ់ លាង មាន​ប្រសាសន៍​ថា លោក​នឹង​បន្ត​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​បន្ត​ទៀត ពីព្រោះ​លោក​អះអាង​ថា ការងារ​លោក​ធ្វើ​មិន​បាន​ខុស​ច្បាប់​ឡើយ។ លើស​ពី​នេះ ស្នាម​មេដៃ​ដែល​លោក​ទទួល​យក ពុំ​មែន​ជា​ការ​បង្ខិតបង្ខំ ប៉ុន្តែ​ជា​ការ​ពេញចិត្ត​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ ដែល​បាន​ផ្តល់​ជូន​តែប៉ុណ្ណោះ ហើយ​ការងារ​នេះ នឹង​បន្ត​ធ្វើ​រហូត បើ​ទោះ​បី​ជា​លោក​ត្រូវ​ចាប់​ខ្លួន​ក៏ដោយ៖ «បើ​គេ​ចាប់​ក៏​ចាប់​ទៅ មិន​ដឹង​ធ្វើ​ម៉េច ឱ្យ​តែ​មាន​ការ​គាំទ្រ​ពី​មេ»

អត្ថន័យ​ក្នុង​ញត្តិ​ដើម្បី​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​នោះ គឺ​ស្នើ​សុំ​ឱ្យ​ព្រះអង្គ​ជួយ​អន្តរាគមន៍​ដោះលែង​អ្នក​នយោបាយ និង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស។ បន្ថែម​ពី​នេះ ស្នើ​ឱ្យ​ព្រះអង្គ​ជួយ​បញ្ឈប់​ការ​ប្រើប្រាស់​ស្ថាប័នរដ្ឋ​ដើម្បី​គំរាមកំហែង និង​ដាក់​សម្ពាធ​មន្ត្រី​គណបក្ស​ប្រឆាំង ព្រមទាំង​សង្គម​ស៊ីវិល។ លើស​ពី​នេះ បញ្ឈប់​ការ​ប្រើប្រាស់​អំណាច​ដោយ​មាន​ស្តង់ដារ​ពីរ និង​បញ្ឈប់​ការ​ប្រើប្រាស់​អំណាច​តុលាការ​រំលោភ​បំពាន​លើ​អំណាច​នីតិប្បញ្ញត្តិ ពិសេស​រំលោភ​លើ​អភ័យឯកសិទ្ធិសភា​ជាដើម។

តាម​គម្រោង គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ធំ នឹង​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ឱ្យ​បាន​ចំនួន ៣០​ម៉ឺន​ស្នាម​មេដៃ នៅ​ទូទាំង​ខេត្ត។

មន្ត្រី​អង្កេត​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ឈួម រុណ បញ្ជាក់​ថា ការ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ស្នើ​ឱ្យ​ព្រះមហាក្សត្រ​ជួយ​ដោះស្រាយ​បញ្ហា​អ្វី​មួយ​នោះ ពុំ​មែន​ជា​រឿង​ខុស​ច្បាប់​ទេ ពីព្រោះ​វា​ជា​ការ​បញ្ចេញ​មតិ​របស់​ពួកគាត់។ លោក​បន្ត​ថា ប្រសិនបើ​អាជ្ញាធរ​នៅ​តែ​បន្ត​រារាំង ឬ​គំរាមកំហែង​អ្នក​ប្រមូល​ស្នាម​មេដៃ​តាម​រូបភាព​ផ្សេងៗ​ទៀត​នោះ គឺ​បង្ហាញ​ថា អាជ្ញាធរ​កំពុង​រំលោភ​លើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ ហើយ​កាន់តែ​ធ្វើ​ឱ្យ​ប្រជាជន​បាត់បង់​ជំនឿ​ទុក​ចិត្ត​ចំពោះ​អាជ្ញាធរ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។