អគ្គី​ភ័យ​ឆាបឆេះ​រោង​ម៉ាស៊ីន​អគ្គី​ស​នី នៅ​ស្រុក​ត្រពាំង​ប្រាសាទ

ឧត្តរមានជ័យ ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ រោង​ម៉ាស៊ីន​អគ្គី​ស​នី​ឯកជន​មួយ​កន្លែង បាន​បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៦​។ ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុងភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ​ខេត្តឧត្តរមានជ័យ​។ ម្ចាស់​រោង​ម៉ាស៊ីន​អគ្គី​ស​នី ឈ្មោះ កង ឈី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​ឲ្យ​ដឹង​ថា ម៉ាស៊ីន​អគ្គី​ស​នី ដែល​ចែកចាយ​ភ្លើង​ឲ្យអ​ថិ​តិ​ជន​ប្រើប្រាស់​ក្នុងស្រុក​ត្រពាំង​ប្រាសាទ​នេះ ដោយ​មិន​បាន​ប្រើ​ប្រេងម៉ាស៊ូត​ទេ គឺ​ប្រើ​ឡដុត​អុស យក​ចំហេះ​សម្រាប់​បញ្ជា​ម៉ាស៊ីនភ្លើង​។

ម្ចាស់​រោង​ម៉ាស៊ីនភ្លើង​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ កម្មករ​របស់​គាត់​បាន​យក​អុស​ទៅ​បោះ​ចូល​ក្នុង​ឡ​ដូច​សព្វដង ដើម្បី​បញ្ឆេះ​ស្រាប់តែ​ឆ្លង​ចរន្ត បណ្ដាល​ឲ្យ ចេញ​ជា​អណ្តាតភ្លើង ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ឡើង ហើយ​បាន​បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​នាំ​គ្នា​រត់​មក​ជួយ រួម​ទាំង​កងកម្លាំង​នគរបាល កងរាជអាវុធហត្ថ​ស្រុក និង​រថយន្ត​អគ្គី​ភ័យ​ចំនួន​មួយ​គ្រឿង ជួយ​បាញ់​ពន្លត់
ផង​ដែរ ។ អស់​រយៈពេល​ជាង​១​ម៉ោង ទើប​ភ្លើង​រលត់​ទៅ​វិញ ទោះជា​បែប​ណា ម្ចាស់​រោងម៉ាស៊ីនភ្លើង​បាន​អះអាង​ថា ទំហំ​នៃ​ការ​ខូចខាត​អស់​ជាង​៨០%៕