ក្រុម​អ្នកជំនាញ​កំពុង​រៀបចំ​ប្រឡាយ​រំដោះ​ទឹក​នៅ​​ប្រាសាទបន្ទាយស្រី​

6 Videos


ក្រុមអ្នកជំនាញផ្នែកគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំប្រព័ន្ធទឹកដោយបង្កប់ទុយោតាមបណ្តោយផ្លូវចូលពីខ្លោងទ្វារចូលទៅកសិណនៃប្រាសាទបន្ទាយស្រី ។ ការរៀបចំប្រព័ន្ធទឹកនេះ គឺដើម្បីបញ្ជូនទឹកកុំឲ្យដក់នៅយូរពេលភ្លៀងធ្លាកម្តងៗ និង ដើម្បីលើកតម្លៃទេសភាពវប្បធម៌នៃប្រាសាទ ជាពិសេសគឺសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរក្នុងរដូវភ្លៀង ។

ក្រុម​អ្នកជំនាញ​កំពុង​រៀបចំ​ប្រឡាយ​រំដោះ​ទឹក​នៅ​​ប្រាសាទបន្ទាយស្រី​

កូនប្រឡាយតូចដែលត្រូវជីករៀបចំប្រព័ន្ធទឹកនេះ មានពីរសងខាងអមផ្លូវចូល ដោយម្ខាងៗមានប្រវែង ៧៥ ម៉ែត្រ ចេញពីចំណុចខ្លោងទ្វារទៅភ្ជាប់នឹងរន្ធទឹកចាស់ដែលបន្សល់ទុកពីសម័យបុរាណ បង្ហួសចូលទៅក្នុងកសិណ ។ កិច្ចការនេះធ្វើឡើងដោយកិច្ចសហការរវាងនាយកដ្ឋានគ្រប់គ្រងទឹក និង នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និង បុរាណវិទ្យាបង្ការក្នុងការធ្វើកំណាយបុរាណវិទ្យាមុននឹងឈានដល់ការជីកប្រឡាយបង្កប់ទុយោ ។

ក្រុម​អ្នកជំនាញ​កំពុង​រៀបចំ​ប្រឡាយ​រំដោះ​ទឹក​នៅ​​ប្រាសាទបន្ទាយស្រី​

លោក សារាយ គឹមហួល អ្នកជំនាញបុរាណវិទ្យាបានបញ្ជាក់ថា ក្រុមរបស់លោកបានមកសិក្សា និង ធ្វើកំណាយបុរាណវិទ្យា ដោយធ្វើការជីកសាកល្បងនៅតាមបណ្តោយផ្លូវដែលត្រូវរៀបចំប្រព័ន្ធទឹករយៈពេលពីរបីខែមកហើយ ។ ការធ្វើកំណាយបុរាណវិទ្យានេះ គឺដើម្បីធានាថា ការរៀបចំប្រព័ន្ធទឹកនឹងមិនប៉ះពាល់បេតិកភណ្ឌ ដែលកប់នៅក្នុងដីនិងដើម្បីឲ្យយោបល់ដល់ក្រុមអ្នកជំនាញគ្រប់គ្រងទឹកថា តើអាចជីកក្នុងជម្រៅណាបាន និង ត្រូវធ្វើឲ្យមានគម្លាតប៉ុន្មានពីគ្រឹះប្រាសាទជាដើម ។

ក្រុម​អ្នកជំនាញ​កំពុង​រៀបចំ​ប្រឡាយ​រំដោះ​ទឹក​នៅ​​ប្រាសាទបន្ទាយស្រី​

លោក ញ៉ែម រស្មី មន្ត្រីនៃនាយកដ្ឋានគ្រប់គ្រងទឹក ដែលកំពុងដឹកនាំការងារនេះបានពន្យល់ថា ឆ្នាំមុនៗពេលភ្លៀងធ្លាក់ម្តងៗ តែងតែមានទឹកដក់នៅយូរជាប់នឹងមាត់ផ្លូវ អាចធ្វើឲ្យមានបញ្ហាដល់ថ្មប្រាសាទ និង ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ជាពិសេសគឺធ្វើឲ្យបាត់បង់សម្រស់ប្រាសាទមួយផ្នែកដែរ ។ «យើងប្រើទុយោទំហំ ២ តឹក ហើយត្រង់អាងបណ្តោះទឹកយើងនឹងរៀបថ្មបាយក្រៀមដាក់ពីលើដើម្បីកុំឲ្យឃើញអាងច្បាស់ពេក ។ ការងារនេះនឹងត្រូវចំណាយពេលប្រហែលមួយខែទៀតទើបរួចរាល់» ។

ក្រុម​អ្នកជំនាញ​កំពុង​រៀបចំ​ប្រឡាយ​រំដោះ​ទឹក​នៅ​​ប្រាសាទបន្ទាយស្រី​

កាលពីឆ្នាំ ២០០៧ ក្នុងពេលដែលប្រទេសស្វីសកំពុងធ្វើការអភិរក្សប្រាសាទបន្ទាយស្រី ក្រុមអ្នកជំនាញក៏បានធ្វើប្រព័ន្ធទឹករួចម្តងហើយ តែការធ្វើនោះគឺធ្វើតែផ្នែកខាងក្នុងនៃប្រាសាទតែប៉ុណ្ណោះ ដើម្បីរំដោះទឹកចេញពីប្រាសាទចូលទៅកសិណ ដោយពុំបានធ្វើប្រព័ន្ធរំដោះទឹកតាមបណ្តោយផ្លូវចូលនោះឡើយ ៕

                                                                                                              សុថាត់

ក្រុម​អ្នកជំនាញ​កំពុង​រៀបចំ​ប្រឡាយ​រំដោះ​ទឹក​នៅ​​ប្រាសាទបន្ទាយស្រី​