ភ្ជួរ​ដី​ ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ ​១២​កេះ យកទៅប្រគល់​ជូន​សមត្ថកិច្ច

ភ្ជួរ​ដី​ ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ ​១២​កេះ យកទៅប្រគល់​ជូន​សមត្ថកិច្ច



ពោធិ៍សាត់ ៖ ពលរដ្ឋ​ម្នាក់​បាន​យក​គ្រាប់កាំភ្លើង​អា​វុធ​ជាតិ​ផ្ទុះ ចំនួន​១២​កេះ​យក​ទៅ​ប្រគល់​ជូន ​នគរបាល​មូលដ្ឋាន​របស់​ខ្លួន​បន្ទាប់​ពី​រូបគេ​បាន​ប្រទះឃើញ ពេលភ្ជួរ​ដីចំការ​ស្រែ។

ហេតុការណ៍​ប្រទះ​ឃើញ​នេះ​ គឺ​នៅ​ថ្ងៃ​ទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅ​ភូមិ​សាយ ឃុំព្រងឹ​ង​ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ និងយក​ទៅប្រគល់​ជូន​សមត្ថកិច្ច នគរបាល​មូលដ្ឋាន​នៅ​វេលា​ម៉ោង​៩និង៣០នាទី​ព្រឹក។

មន្ត្រី​រដ្ឋបាល​ប៉ុស្តិ៍​ព្រ​ងឹល​បាន​ប្រាប់​ កម្ពុជាថ្មី​ ឲ្យ​ដឹង​ថា ពលរដ្ឋ​ដែល​យក​គ្រាប់​មក​ប្រគល់​ឲ្យ​នោះ​ឈ្មោះ អាំង សុខសាន្ត​ ភេទ​ប្រុស​ រស់នៅ​ឯ​ភូមិ​អូ​ថ្កូវ ​សង្កាត់​រលាប ក្រុង​ពោធិ៍សាត់។

មន្ត្រី​ដដែល​បន្ត​ថា ចំនួន​គ្រាប់​ដែល​យក​មក​ប្រគល់​ឲ្យ​នោះ ​ចំនួន​១២​កេះ​គ្រាប់ ​នៅ​មាន​គុណភាព​៥០% នៅ​ក្នុង​នោះ​មាន​ប្រភេទ​គ្រាប់​ ១២.៧ ចំនួន​១១​កេះ ស្មើ​នឹង ៩៣៥គ្រាប់​ នឹង​ប្រភេទ​គ្រាប់​អាកា​ចំនួន​មួយ​កេះ។

បើ​តាម​ការ​រៀបរាប់​របស់​ពលរដ្ឋ​ឈ្មោះ​សុខ សាន្ត​ ដែល​រើស​គ្រាប់​ទាំងនោះ ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ខ្លួន​បាន​យក​ត្រាក់ទ័រ​មក​ភ្ជួរ​ដីស្រែ​ចំការ ត្រង់​ភូមិ​សាយ​នេះ​ ដែល​ជា​តំបន់​អតីត​បន្ទាយ​សង្គ្រាម ​ជា​សមរភូមិ​ក្ដៅ តែ​ឥឡូវ​ត្រូវ​បាន​ពលរដ្ឋ​មក​រស់នៅ​ធ្វើ​ស្រែចំការ​យូ​រ​ឆ្នាំ​អស់ហើយ​។ គាត់​បាន​បន្ត​ទៀត​ថា ​ពេល​ដែល​គាត់​កំពុងតែ​ភ្ជួរ​នោះ​ ស្រាប់តែ​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​ មិនទាន់​ផ្ទុះ​អណ្ដែត​លើ​អាចម៍ដី​ត្រា​ទ័​រ ​កំពុង​ភ្ជួរ​ចំនួន​១២​កេះ ​ក៏​យក​ប្រគល់​ឲ្យ​នគរបាល​មូលដ្ឋាន​តែម្ដង។

ជាមួយគ្នា​នោះ​ដែរ លោក វង ​សា​វ៉េ​ត​ អធិការ​នគរបាល​ស្រុក​ភ្នំក្រវាញ ​បាន​បន្ថែម​ផង​ដែរ​ថា​ ប្រជាពលរដ្ឋ​បច្ចុប្បន្ន​មានការ​យល់ដឹង​ច្រើន​ជាង​មុន​ ទាក់ទង​នឹង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​សល់​ពី​សង្គ្រាម​ ព្រោះ​ពួក​គាត់​រើស​មក​ជូន​សមត្ថកិច្ច​ ហើយ​ពេលខ្លះ​ពួកគាត់​ប្រទះ​ឃើញ​ក៏បាន​រាយការណ៍​ជូន​អាជ្ញាធរ ឬ​សមត្ថកិច្ច​នៅ​ក្បែរ​ជា​មួយ​គ្នា។ លោក​ក៏​បាន​សូម​អគុណ​ដល់​ពលរដ្ឋ​ទាំងអស់ ដែល​សហការ​ជា​មួយ​សមត្ថកិច្ច ​ហើយ​សូម​បងប្អូន​បន្ត​សហការ​បែប​នេះ តទៅទៀត​ ព្រោះ​វា​កាត់បន្ថយ​ការ​គ្រោះថ្នាក់​បាន​ច្រើន​ចំពោះ​អាវុធ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ សល់​ពី​សម័យ​សង្គ្រាម ដែល​វា​ងាយ​នឹង​រង​គ្រោះ​ខ្លាំង​ណាស់​ ប្រសិន​យើង​មិន​ធ្វើការ​ប្រុងប្រយ័ត្ន៕

ភ្ជួរ​ដី​ ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ ​១២​កេះ យកទៅប្រគល់​ជូន​សមត្ថកិច្ច ភ្ជួរ​ដី​ ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ ​១២​កេះ យកទៅប្រគល់​ជូន​សមត្ថកិច្ច