ប្រាក់ខែ​កើនឡើង​ជាង​៣​ដង តែ​ស្ថានភាព​កម្មករ​កាត់ដេរ​នៅ​មិនទាន់​ប្រសើរ​ និពន្ធដោយ : ញ៉ុង​ ហេង       24-05-2016, 10:39 pm         54

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377ប្រាក់ខែ​កើនឡើង​ជាង​៣​ដង តែ​ស្ថានភាព​កម្មករ​កាត់ដេរ​នៅ​មិនទាន់​ប្រសើរ​ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាលោក អាត់ ធន់​ភ្នំពេញ​៖ បើទោះជា​ប្រាក់ខែ​គោល​របស់​កម្មករ​រោងចក្រ​កាត់ដេរ​កើនឡើង​ជាង​ពេលមុន​ដល់​ទៅ​ជាង ៣​ដង ពោលគឺ​ពី​ប្រាក់ខែ​ចំនួន ៤៥ ដុល្លារ​កាលពី​ជាង​១០​ឆ្នាំមុន ឡើងដល់ ១៤០ ដុល្លារ​នាពេល​បច្ចុប្បន្ន តែ​ស្ថានភាព​កម្មករ​នៅតែ​រស់ក្នុង​ជីវភាព​មិនទាន់​ប្រសើរ​ដដែល​។ មេ​សហជីព​លោក អាត់ ធន់ អះអាងថា ប្រាក់ខែ​កម្មករ​កើនឡើង​ក៏ពិតមែន តែ​ថ្លៃទំនិញ​ក៏​ឡើង​យ៉ាង​ឆាប់រហ័ស បន្ថែម​ពីលើ​លក្ខខណ្ឌ​ការងារ​មួយចំនួន​ដែល​នៅតែ​មិនទាន់​វិវត្តន៍​បានល្អ នាំ​ឲ្យ​ស្ថានភាព​កម្មករ​នៅតែ​លំបាក​។​

​ស្ថានភាព​កម្មករ​រោងចក្រ​កាត់ដេរ នៅតែ​ជួប​បញ្ហាលំបាក​ដូច​ពីមុន បើទោះបីជា​ប្រាក់ខែ​របស់​ពួកគាត់​កើនឡើង​ដល់ ១៤០ ដុល្លារ​ហើយ​ក្តី​។ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​លោក អាត់ ធន់ បាន​មើលឃើញ​ជីវភាព​កម្មករ​កាត់ដេ​រ នាពេល​បច្ចុប្បន្ន ថា នៅតែមាន​ស្ថានភាព​លំបាក​ដូច​ពី​កាល​ជាង​១០​ឆ្នាំមុន​ដដែល​។ លោក ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​ពីមុន​ប្រាក់ខែ​កម្មករ​មាន​ចំនួន​តែ ៤៥​ដុល្លារ  បើ​ធ្វើការ​ថែម​ម៉ោង​អាច​បាន​ពី ៥០​ទៅ​៦០​ដុល្លារ​។ ទោះ​ប្រាក់ខែ​ប៉ុន​នេះ មើលទៅ​តិច តែ​ទំនិញ​លើ​ទីផ្សារ ក៏​នៅមាន​តម្លៃថោក​ដែរ​។ ត្រី សាច់ ១​គីឡូក្រាម​ថ្លៃ​តែ ៧ ពាន់​រៀល ឬ​យ៉ាងច្រើន​ថ្លៃ​១​ម៉ឺន​រៀល​ប៉ុណ្ណឹង​។ បន្ទប់​ជួល​តម្លៃ​តែ ១០ ដុល្លារ​ប៉ុណ្ណោះ​។ កម្មករ​ម្នាក់ៗ​អាច​ផ្ញើ​ប្រាក់​ទៅផ្ទះ ៥​ទៅ​១០​ដុល្លារ​ក្នុង​១​ខែៗ​»​។

​លោក អាត់ ធន់ អះអាង​ទៀតថា តម្លៃ​ទំនិញ​លើ​ទីផ្សារ​នាពេល​សព្វថ្ងៃនេះ ឡើងថ្លៃ​ពី​២​ទៅ​៣​ដង ដែល​មិនអាច​ឲ្យ​កម្មករ​មាន​ជីវភាព​សមរម្យ​នោះទេ​។ លោក​បញ្ជាក់ថា ប្រាក់ខែ​កម្មករ​កាត់ដេរ​នាពេល​បច្ចុប្បន្ន បើ​ធ្វើការ​ថែម​ម៉ោង អាច​ទទួលបាន​ពី ១៨០​ទៅ​២០០​ដុល្លារ ហើយ​កម្មករ​អាច​នៅសល់​ប្រាក់ខែ​ប្រមាណ​២០​ទៅ​៣០​ដុល្លារ ដើម្បី​ផ្ញើ​ទៅ​គ្រួសារ បើ​ពួកគេ​ចាយវាយ​ដោយ​រឹតត្បិត​នោះ​។ លោក​បន្ថែមថា ថវិកា​២០​ទៅ​៣០​ដុល្លារ​នេះ មិន​ច្រើនជាង​៥​ទៅ​១០​ដុល្លារ​នៅពេល​មុន​ឡើយ​។

​បើទោះបី​ប្រាក់ខែ​កើនឡើង តែ​មេ​សហជីព​រូបនេះ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ថា ការផ្តល់​ប្រាក់ខែ ១៤០ ដុល្លារ​នេះ​នៅតែ​តិច ដែល​បង្ខំចិត្ត​កម្មករ​ត្រូវ​បរិភោគ​អាហារ​ថោកៗ ខ្វះ​ជីវជាតិ និង​គ្មាន​អនាម័យ ព្រមទាំង​ត្រូវ​ទ្រាំ​រស់នៅក្នុង​បន្ទប់​ជួល​តូចចង្អៀត​ទៀតផង​។​

​ក្រៅពី​បញ្ហា​ជីវភាព លោក អាត់ ធន់ សង្កត់ធ្ងន់​លើ​លក្ខខណ្ឌ​ការងារ​មួយចំនួន​ផ្សេងទៀត ដែល​នៅតែ​បន្ត​បង្កក្តី​លំបាក់​ដល់​កម្មករ​កាត់​ដេរ​។ លោក​លើកឡើង​ពី ការបង្ខំ​ឲ្យ​ធ្វើការ​ថែម​ម៉ោង​តាម​រូបភាព​ផ្សេងៗ​, ទីកន្លែង​ធ្វើការ​ដែល​ផ្ទុក​ដោយសា​ធាតុគីមី​ជាដើម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កម្មករ​។​

​បើទោះជា​ស្ថានភាព​មួយចំនួនធំ​របស់​កម្ម​ករ​បន្ត​ជួប​ផល​លំបាក តែ​លោក អាត់ ធន់ បាន​មើលឃើញ​ពី​ភាពប្រសើរឡើង​ខ្លះ ដែល​ភាគី​និយោជក​កំពុងតែ​អនុវត្ត ដូចជា ការអនុញ្ញាត​ឲ្យ​ឈប់សម្រាក និង​ការបើក​ប្រាក់ខែ​បាន​ទៀងទាត់​។​

 គួរ​បញ្ជាក់ថា វិស័យ​វាយ​ន​ភ័ណ្ណ គឺជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់​របស់​កម្ពុជា ដែល​ផ្តល់​ការងារ​ជាង​៧០​ម៉ឺន​នាក់​។ ហើយ​វិស័យនេះ អា​ចរក​ចំណូល​ពី​ការនាំចេញ​ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង ៦ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥ កន្លងទៅនេះ​៕