​ដំបៅ​មាត់ ជា​ជំងឺ​បែបណា​?

​ដំបៅ​មាត់ ជា​ជំងឺ​បែបណា​?

​ដំបៅ​មាត់ ជា​ការឡើង​ពងបែក​តូចៗ ដែល​មាន​ជាតិ​ទឹក​ក្នុងនោះ និង​ស្ថិតនៅ​ជុំវិញ​បបូរមាត់ ហើយ​មាន​ក្តៅខ្លួន​ទៀត​។ ពងបែក​ទាំងនេះ ច្រើន​តែ​អាច​បែក និង​បង្ក​ទៅ​ជា​ឈឺចាប់​ខ្លាំង​ក្នុង​បបូរមាត់​។ ជំងឺ​នេះ ច្រើនតែ​ជា​ទៅវិញ ក្នុង​រយៈពេល​ពីរ​សប្តាហ៍​។

​ដំបៅ​ក្នុង​មាត់ អាច​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់​ទៀត​បាន តាមរយៈ​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​ជា​ពិសេស ការ​ថើប​តែម្តង​។ ដំបៅ​មាត់​បង្កឡើង​ដោយ​វីរុស Herpes Simplex Virus (HSV-1) និង​ប្រភេទ HSV-2 បង្ក​ដំបៅ​នៅ​ប្រដាប់ភេទ​។

​ការបង្ក​រោគ​ដោយ​វីរុស HSV មិន​ត្រូវការ​ការព្យាបាល​អ្វី​ឡើយ ចំណែកឯ​ពងបែក​របស់​វា ប្រហែល​ជា​កើត​ឡើង​វិញ នៅពេល​ដែល​អ្នកជំងឺ​ឧស្សាហ៍​ជួប​បញ្ហា​ស្ត្រេ​ស ឬ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​។ ការប្រើ​ថ្នាំ​សម្លាប់​វីរុស ក៏​អាច​ជួយ​ឲ្យ​ដំបៅ​កាន់តែ​ឆាប់​ជា និង​បន្ថយ​ភាព​ញឹកញាប់ នៃ​ការកើត​ជំងឺ​នេះ​ឡើងវិញ​ដែរ​។

​រោគសញ្ញា​
​មនុស្ស​ភាគច្រើន ដែល​ឆ្លង​វីរុស​បង្ក​ពងបែក​ក្នុង​មាត់ មិន​ដែល​មាន​រោគសញ្ញា​អ្វី​ឡើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​នៅតែ​ជា​ស្ថានភាព ដែល​អាច​ចម្លង​ទៅ​អ្នកដទៃ​ដដែល ទោះបីជា​គ្មាន​ពងបែក​ក្នុង​មាត់​ក៏ដោយ​។

​រោគសញ្ញា​នៃ​ការ​ដំបៅ​មាត់ មានដូចជា ៖
•​    ​ឈឺ​ឈៀបៗ និង​ឈឺ​បែប​រមាស់ ៖ មនុស្ស​ភាគច្រើន​មាន​អារម្មណ៍​រមាស់ ក្រហាយ ឬ​ឈឺ​ឈៀបៗ នៅ​ជុំវិញ​បបូរមាត់ រយៈពេល​មួយ​ថ្ងៃ​ពីរ មុនពេល​ចេញ​ពងបែក​។
•​    ​ពង​បែក ៖ ពងបែក​តូចៗ ដែល​មាន​ទឹក​ក្នុងនោះ ច្រើន​តែ​បែកចេញ​វិញ ហើយ​វា​ច្រើន​តែ​កើតមាន នៅ​ជាយ​បបូរមាត់ ឬ​ស្បែក​មុខ​។ ពងបែក​នេះ ក៏​គេ​ឃើញ​មាន​នៅ​ជុំវិញ​ច្រមុះ ឬ​ថ្ពាល់​ផងដែរ​។
•​    ​ហូរ​ទឹក​ចេញពី​ពងបែក ៖ ពងបែក​ក្នុង​មាត់ អាច​នឹង​ហូរ​ទឹក​របស់​វា ចេញ​នៅ​ពេល​វា​បែក​។

​រោគសញ្ញា​ផ្សេងៗ​ទៀត មានដូចជា ៖
•​    ​ក្តៅខ្លួន​
•​    ​ឈឺ​បំពង់ក​
•​    ​ឈឺក្បាល​
•​    ​ឈឺ​សាច់ដុំ​
•​    ​ហើម​កូនកណ្តុរ​។

​ចំពោះ​ក្មេង​អាយុ​ក្រោម ៥ ឆ្នាំ ប្រហែលជា​អាច​មាន បញ្ហា​ពងបែក​ក្នុង​មាត់ និង​ដំបៅ ដែល​ច្រឡំ​នឹង​ដំបៅ​ក្នុង​មាត់​។ ក្មេង​តូចៗ​ក៏​ទំនង​ជា ចម្លង​វីរុស​នេះ ទៅ​កន្លែង​ផ្សេងៗ​នៃ​រាងកាយ​របស់​ពួកគេ​ដែរ ដូចជា ម្រាមដៃ ឬ​ភ្នែក​។

​ជាទូទៅ ពងបែក​ក្នុង​មាត់​នឹង ជា​ទៅ​វិញ​ដោយ​មិនបាច់​ព្យាបាល​អ្វី​ទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ បើសិនជា ៖
•​    ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​
•​    ​ពងបែក​ក្នុង​មាត់​មិន​ជា​វិញ ក្នុង​រយៈពេល​ពីរ​សប្តាហ៍​
•​    ​រោគសញ្ញា​កាន់តែ​ធ្ងន់ធ្ងរ​
•​    ​ឧស្សាហ៍​កើត​ជំងឺ​ពងបែក​ក្នុង​មាត់​
•​    ​ធ្លាប់​មាន​អាការៈរលាក​ភ្នែក​ដែរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។