មនុស្ស​ប្រុស​មាន​ស្រី​ក្រៅ​ផ្ទះ​ជា​រឿង​​ធម្មតា?

មនុស្ស​​​ភាគច្រើន​​​ទទួល​​ស្គាល់​​ថា​ បុរស​ៗ​សឹង​ទាំងអស់​​លួច​មាន​ស្រី​ញី​​ខាងក្រៅ​ផ្ទះ​ ។ ចំណែក​ស្ត្រី​ជា​ប្រ​ព​ន្ធ​​ខ្លះ​ទៀត ​ថែម​​ទាំង​ចិត្ត​ល្អ ​ដោយ​ពោល​ពាក្យ​ថា បើ​សិន​ត្រឹម​ស៊ី​នំ​ឱ្យ​​លុយ​ គឺ​មិន​អី​ទេ ​កុំ​ឱ្យ​​តែ​ព្រហើន​យក​ជា​​ប្រ​ព​ន្ធ​​ចុង​ ។

បុរស​ៗ​​ខ្មែរ​​មាន​សំណាង​ច្រើន​​​ជាង​​​នារី​ បើ​​គិត​​អំពី​​បញ្ហា​ផ្លូវភេទ​​នេះ​ ។ មនុស្ស​ប្រុស​មាន​ឱ​កាស​ដើរ​​ក្រៅ​ផ្ទះ ​ហើយ​ផឹកស៊ី​ស្រី​​ញី​អូន​បង​​តាម​ចិត្ត​ ដោយ​គ្មាន​ការ​រិះគន់​ខ្លាំងក្លា​​ឡើយ​ ។ ដោយ​បុរស​ខ្មែរ​ភាគច្រើន ​ជា​អ្នករក​លុយ​ផ្គត់​ផ្គង់​គ្រួសារ ពួក​គេ​ក៏​មាន​​ល​ទ្ធ​​ភាព​និងកឹ​ប​កេង​លុយ​ទុក​ចាយ​នៅ​ខាងក្រៅ​ផ្ទះ​ ។ ជាមួយ​គ្នា​​នោះ បុរស​ៗ​ក៏​មាន​សេរីភាព​ច្រើន​ជាង​ស្ត្រី​ នៅ​ក្នុង​ការ​ដើរហើរ​នៅ​ក្នុង​សង្គម​ខ្មែរ ​ដែល​មនុស្ស​ភាគច្រើន​គិត​ថា​ វា​នឹង​មិន​សម​ទំនង​ឡើយ​ បើសិនជា​មនុស្ស​ស្រី​ដើរហើរ​យប់​ និង​ផឹកស៊ី​ដូច​បុរស​ៗ​នោះ​ស្តង់ដារ​សីលធម៌​ពីរ​ផ្ទុយ​គ្នា ​បាន​កើត​មាននៅ​ក្នុង​សង្គម​ខ្មែរ​ដោយ​លម្អៀង​ទៅ​រក​ខាង​បុរស​។

សូ​ម្បី​តែ​បុរស​ៗ​​ផឹក​ស៊ី​ និង​លួច​មាន​ស្រី​ញី​ នៅ​ខាងក្រៅ​ផ្ទះ ​ក៏​គេ​នៅ​តែ​គិត​ថា ​ជា​រឿង​ធម្មតា​របស់​បុរស​ ។ ការ​មាន​និន្នាការ​គិត​ថា​ការ​លួច​មាន​ស្រី​ញី​ខាងក្រៅ​ផ្ទះ​ ជា​រឿង​ធម្មតា​នឹង​ជំរុញឱ្យ​​បុរស​ៗ​កាន់តែ​ខិល​ខូច ​និង​ក្បត់​ប្រ​ព​ន្ធ ។ ធ្ងន់ធ្ងរ​ជាង​នេះ​​ទៀត ពួក​គេ​អាច​នឹង​ជ្រុលជ្រួស​​រហូត​ដល់​មាន​ប្រ​ព​ន្ធ​ចុង បើសិនជា​ស្រី​កំណាន់​នោះ​ ដៃ​ស្អិត​ហើយ​មិន​លែងដៃ​ឱ្យ​​បុរស​នោះ​រួចខ្លួន​ ។ ពេល​នោះ ជម្លោះ​គ្រួសារ​នឹង​កើត​មាន​ឡើង ​ហើយ​អាច​ឈាន​ដល់​ការ​បែកបាក់​ ។ អ្នក​ដែល​រង​គ្រោះ​ជាងគេ​ គឺ​ភរិយា​ដ៏​ល្អ​និង​កូន​គួរ​ឱ្យ​​ស្រឡាញ់​ ដែល​នឹង​ខ្វះ​ភាព​កក់​ក្តៅ​ នៅ​ពេល​ដែល​ឪពុក​ម្តាយ​​លែងលះ​​គ្នា​ ។

ការ​​ផិតក្បត់​​នៅ​ខាងក្រៅ​ផ្ទះ​ គឺជា​រឿង​អ​សីលធម៌ ​ហើយ​មិន​ត្រូវ​ចាត់​ទុក​ថា ជា​រឿង​ធម្មតា​ សម្រាប់​មនុស្ស​ប្រុស​ ប៉ុន្តែ​ជា​រឿង​​គួរ​ផ្តន្ទា​ទោស ​សម្រាប់​មនុស្ស​ស្រី​នោះ​ឡើយ​ ។ សាក​ស្រមៃ​មើល​ថា​ តើ​នឹង​មាន​ព្យុះ​ភ្លៀង​ខ្លាំង​យ៉ាងណា​ បើសិនជា​ស្ត្រី​ម្នាក់​​ជា​ប្រ​ព​ន្ធ​​លួច​មាន​​ប្រុស​ឈ្មោល​ នៅ​ខាងក្រៅ​នោះ​ ។

មនុស្ស​ស្រី​ជា​ភរិយា​ខ្លះ​គិត​ថា ​បើសិនជា​ប្តី​មាន​ស្រី​ក្រៅ​ផ្ទះ ​តាម​របៀប​​ស៊ី​នំ​ឱ្យ​​លុយ​​នោះ ខ្លួន​មិន​រករឿង​​ឡើយ ​។ ប៉ុន្តែ​ស្ត្រី​ជា​ប្រ​ព​ន្ធ​​មិន​ត្រូវ​មានចិត្ត​ទន់ ​ដោយ​​ទទួលស្គាល់​ការ​ផិតក្បត់​ក្រៅ​ផ្ទះ​ ជា​រឿង​ធម្មតានោះទេ​ ។​ ការ​ទទួលស្គាល់​បែប​នេះ ​នឹង​ធ្វើ​ឱ្យ​​បុរស​ៗ​កាន់​តែ​​ខិលខូច​ ហើយ​អ្នក​រង​គ្រោះ​​នឹង​នៅ​តែ​​​ស្ត្រី​ជា​ប្រ​ព​ន្ធ និង​កូន​ៗ ​។