កូន​កំលោះ ​បកស្រាយ​ការ​ពិត ​ចំពោះ​រឿង​ចោទប្រកាន់​ បោក​ព្រហ្មចារី ​មាន​កូន​៣ខែ ​មិន​ទទួល​ខុសត្រូវ​​

ភ្នំពេញ​ ​៖ ​ក្រោយ​មាន​ការ ​ចុះផ្សាយ​ជា​បន្តបន្ទាប់​ ករណី​ម្តាយ​និង​កូន​ស្រី​ ដាក់​ពាក្យ​បណ្ដឹង​ប្តឹង ​បុរស​ម្នាក់​ថា​ បាន​លួងលោម​សន្យា​​រៀបការ ​រហូត​រួមរស់​ជាមួយ​គ្នា​មាន​ផ្ទៃពោះ​៣ខែ ​មិន​ទទួល​ខុសត្រូវ នោះ​ ពេល​នេះ​កូន​កំលោះ​ដែល​ជា​តួឯក​ប្រុស​ បាន​ចេញ​មក​បកស្រាយ​ និងបដិសេធ​ចោល​រាល់​ការ​ចោទប្រកាន់​ទាំងអស់​នេះ​ ដោយបញ្ជាក់​ថា​ រឿង​ទាំងអស់​នេះ​ សុទ្ធតែ​ជា​ការ​ប្រឌិត​ ក្នុង​គោលបំណង​​បង្ខូច​កេរ្តិ៍ឈ្មោះ​។ 

ស្ត្រី​ឈ្មោះ​ យឿន លីណា អាយុ៣៩ឆ្នាំ និង​ កូន​ស្រី​ឈ្មោះ​ សាន​ ដាណែត​ អាយុ​២៣ឆ្នាំ​ កាលពី​ថ្ងៃទី​១៩​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ កន្លង​ទៅ​ បាន​ដាក់​ពាក្យ​បណ្ដឹង ​ទៅ​សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថ​៥៦៨​ ក្រុង​ប៉ោយប៉ែត​ ប្តឹង​ឈ្មោះ​ យាំ​​ ធូឈីង​ អាយុ​២៧ឆ្នាំ​ ជា បុគ្គលិកក្រុមហ៊ុន លក់គ្រឿងសំណង់នៅ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ ថា​បាន​​បោក យកព្រហ្មចារី រហូតនាងមានផ្ទៃ៣ខែ ដោយ​សន្យារៀបការជាមួយនាង​ ក្នុង​ពាក្យ​បណ្ដឹង​ ពួកគេ​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​២ម៉ឺន​ដុល្លារ​។

ពាក់ព័ន្ធ​ករណី​នេះ​ លោក​ យាំ​ ធូឈីង​ បាន​បញ្ជាក់​កាល​ពី​ថ្ងៃទី​២៤​ ខែ​ឧសភា​ ថា​ លោក​សុំ​បដិសេធ​ចោល​ទាំង​ស្រុង ​ចំពោះ​ការ​ចោទប្រកាន់​ទាំងអស់​នេះ​ ដោយបានបញ្ជាក់​ថា​ ពុំ​ដែល​បាន​សន្យា​ថា ​យក​នារី​ ឈ្មោះ​ សាន​ ដាណែត​ មក​ធ្វើ​ជា​ប្រពន្ធ​ម្តង​ណា​ទេ​ ព្រោះ​​មាន​ប្រពន្ធ​ស្រប​ច្បាប់​ម្នាក់​រួច​​ទៅ​ហើយ​។

លោក​ ធូឈីង បញ្ជាក់​បន្ថែម​ថា​ ចំពោះ​រឿង​កក់​សម្ភារៈ​សម្រាប់​រៀបចំ​អាពាហ៍ពិពាហ៍​ ក៏​លោក​ពុំ​បាន​ដឹង​ដែរ​ គឺសុទ្ធតែ​ជា​ការ​ប្រឌិត ​របស់​ភាគី​ខាង​ស្រី​ទាំង​អស់​ តែលោក​ទទួល​ស្គាល់​ថា​ ពិត​ជា​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​នារី​ឈ្មោះ​ សាន​ ដាណែត​ ប្រាកដ​មែន​ តាំង​ពី​នាង​បម្រើ​ការងារ​ជា​នារី​ខារ៉ាអូខេ​មក​ម្ល៉េះ​ ចំពោះ​រឿង​មាន​ផ្ទៃពោះ​៣ខែ​ នោះ​ លោក​សុំ​បដិសេធ​ ហើយ​សម្តែង​ការ​ងឿង​ឆ្ងល់​ថា​ ពុំ​ដឹង​​ជា​កូន​របស់​នរណា​នោះ​ទេ​ ព្រោះ​កន្លង​មក​ នាង​ក៏​ធ្លាប់​មាន​ដៃគូ​ស្នេហា​ច្រើន​ណាស់​ដែរ​ ។

ចំពោះ​ការ​លើកឡើង​របស់​ម្តាយ​នារី​ឈ្មោះ​ សាន​ ដាណែត​ ថា​ គាត់​ពុំ​ចង់​បាន​កូន​ប្រសា​ហេងស៊យ​ ដូច​លោក​ យាំ​ ធូឈីង​ នេះ​ ត្រូវបាន​លោក​ យាំ​ ធូឈីង​ បញ្ជាក់​ឆ្លើយតប​យ៉ាង​ដាច់​ណាត់​ វិញ​ថា​ លោក​ ក៏​គ្មាន​បំណង​សូម្បី​គិត​ថា ​ចង់​បាន​អ្នក​ស្រី​ យឿន លីណា​ ជា​ម្តាយ​ក្មេក​ដែរ​ ជាមួយគ្នានេះ លោក​ សំណូមពរ​ឲ្យ​សមត្ថកិច្ច​ និង​ មហាជន​ ផ្តល់​ភាព​ស្អាត​ស្អំ​ដល់​រូប​លោក​ កុំ​ជឿ​តែ​ភាគី​ម្ខាង​ ហើយ​មក​បង្ខូច​កេរ្តិ៍ឈ្មោះ​លោក​ ដែល​ជា​មនុស្ស​ស្អាត​ស្អំ​៕​

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កូន​កំលោះ ​បកស្រាយ​ការ​ពិត ​ចំពោះ​រឿង​ចោទប្រកាន់​ បោក​ព្រហ្មចារី ​មាន​កូន​៣ខែ ​មិន​ទទួល​ខុសត្រូវ​​