វេស្ទើន និងស៊ីម៉ាក់ ត្រូវប្រកួតគ្នា ដើម្បីគេចពីការធ្លាក់ តែណាហ្គាវើល ឈ្នះយ៉ាងងាយ

​ការ​ប្រកួត​ដ៏​សំខាន់​រវាង​​ក្រុម​វេស្ទើនភ្នំពេញ និង​​ក្រុម​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​(ស៊ីម៉ាក់) នឹងត្រូវ​ធ្វើ​ឡើង​នៅ​ពុធ​នេះ ដើម្បីកំណត់​ជោគ​វាសនា ថា​តើ​ក្រុម​ណា​ត្រូវ​ធ្លាក់ ហើយ​​ក្រុម​ណាត្រូវ​ឡើង​ទៅ​វគ្គ​៨​ក្រុម​នៃ​ពាន​រង្វាន់​សម្តេច​ហ៊ុន​សែន លើក​ទី​១០ ឆ្នាំ​២០១៦ ប៉ុន្តែ​ក្រុម​ណាហ្គាវើល នឹង​ឈ្នះ​បាន​៣ពិន្ទុ​បន្ថែម ដោយ​មិន​ចាំ​បាច់​ប្រកួត​នោះ​ទេ រីឯ​ភ្នំពេញ​ក្រោន ​និង​អគ្គ​ស្នង​ការនគរ​បាល​ជាតិ(ប៉ូលិស) ក៏​អាច​នឹង​ឈ្នះ​នៅ​ថ្ងៃ​នេះ​ដែរ។
hunsencup
ការ​វិល​មក​ជួប​គ្នា​រវាង​ក្រុម​ស៊ីម៉ាក់ និង​វេស្ទើន បាន​ក្លាយ​ជា​ការ​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ នៅ​ថ្ងៃ​ពុធ​នេះ ខណៈ​គ្រូ​បង្វឹក​​របស់​ក្រុម​ទាំង​២ សុទ្ធ​តែ​មាន​បង្ហាញ​ភាព​ជឿ​ជាក់ ក្នុង​ការ​ឈ្នះ​រៀងៗ​ខ្លួន។

លោក  ស៊ុំ វណ្ណា គ្រូ​បង្វឹក​ក្រុមស៊ីម៉ាក់ បាន​និយាយ​ថា៖​«យើង​ត្រូវ​ខិតខំ​យ៉ាង​ណា​យក​ឈ្នះ​ក្រុម​វេស្ទើន​ឲ្យបាន គឺ​យើង​មិន​ទាម​ទារ​ត្រឹម​ស្មើ​គ្នា​នោះ​ទេ ព្រោះបើ​ស្មើ វា​នៅ​តែ​ធ្វើ​ឲ្យយើង​មិនទាន់​ប្រាកដ ក្នុង​ការ​​ទទួល​បាន​ឱកាស​​ឡើង​ទៅវគ្គបន្តដដែល​ហ្នឹង ដោយសារ​យើង​ត្រូវ​ជួប​ភ្នំពេញ​ក្រោន លើក​ចុងក្រោយ។ ហេតុ​នេះ​ទោះ​ស្ថិត​ក្នុងស្ថាន​ភាព​បែប​ណា​ក៏​យើង​ត្រូវ​យក​ឈ្នះ​ឲ្យ​បាន ហើយ​បើ​យើង​ឈ្នះ មាន​ន័យ​ថា​យើង​បាន​បង្កើត​កំណត់​ត្រា​ប្រវត្តិសាស្រ្ត​ថ្មី​មួយ គឺ​ការ​ទទួល​​បានឱកាស​​ឡើង​ទៅ​វគ្គ​៨​ក្រុមជា​លើក​ដំបូង»។

តាម​រយៈ​ការ​ប្រកួត​៣​លើក​កន្លង​មក​នេះ ក្រុម​ស៊ីម៉ាក់ កំពុង​មាន​ប្រៀប​លើ​ក្រុម​វេស្ទើន ព្រោះ​ពួកគេ​បាន​ឈ្នះ​ទាំង​៣​ប្រកួត​គឺ​ឈ្នះ​ក្រុមប៉ៃលិន ៦-១ ឈ្នះ​ខេត្ត​កំពង់ស្ពឺ ៨-៣ និង​ឈ្នះ​ខេត្តកំពត ១-០។ រីឯ​​វេស្ទើន បាន​បើក​ឆាក​ជាមួយការ​ចាញ់​ក្រុម​ភ្នំពេញ​ក្រោន ៥-០ មុន​ពេល​ពួក​គេ​ឈ្នះ​ក្រុម​​ខេត្តកំពត ៩-១ និង​ឈ្នះ​ក្រុម​ប៉ៃលិន ៦-១ ហេតុ​នេះ​វេស្ទើន ក៏ត្រូវ​ការ​ឈ្នះ​ជា​ដាច់​ខាត ដើម្បី​បង្កើត​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ដែរ។
hunsencup2
លោក អ៊ុក ចំរុង គ្រូ​បង្វឹក​ក្រុម​​វេស្ទើន បាន​​ប្រាប់​ពី​ម្សិល​មិញ​ថា៖​«​​យើង​​បាន​​ប្តេជ្ញា​ចិត្តហើយ​ថា ត្រូវ​​យក​ឈ្នះ​ក្រុម​ស៊ីម៉ាក់ឲ្យ​បាន ព្រោះ​បើយើង​​ចាញ់​ ​យើងនឹង​​ត្រូវ​ធ្លាក់​ហើយ ហេតុ​នេះ​ទាំង​ថ្នាក់​ដឹក​នាំ គ្រូ​បង្វឹក និង​កីឡាករ​ទាំង​អស់ ​បាន​ដាក់​គោល​ដៅ​ត្រូវ​យកឈ្នះ​ក្រុម​ស៊ីម៉ាក់ ជា​ដាច់​ខាត ហើយ​បើ​តាម​កម្រិតនៃ​ការ​លេង​គឺ​យើងមាន​សង្ឃឹម​ឈ្នះ​រហូត​ដល់​១០០​ភាគ​រយ»។

នៅ​ក្នុង​ពូលCនេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ភ្នំពេញ​ក្រោន នឹង​ឡើង​ទៅ​វគ្គ​បន្ត​ដោយ​គ្មាន​អ្វី​ត្រូវ​សង្ស័យ​នោះ​ឡើយ ឯបេក្ខភាព​១​ក្រុម​ទៀត​អាច​ជាង​ស៊ីម៉ាក់ ឬ​វេស្ទើន ព្រោះ​៣​ប្រកួត​កន្លង​មក​នេះ​ ភ្នំពេញ​ក្រោន ឈ្នះ​ទាំង​អស់ ហើយ​នៅ​ថ្ងៃ​ពុធ​នេះ ភ្នំពេញ​ក្រោន ក៏​នឹង​បន្ត​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​​ខេត្ត​កំពត ផង​ដែរ។

ចំណែកការ​ប្រកួត​រវាង​ក្រុម​ទាំង​៦​ឈរ​នៅ​ពូល​D គឺ​ក្រុមណាហ្គាវើល នឹង​ទទួល​បាន​៣ពិន្ទុ​ដោយ​ស្វ័យ​ប្រវត្តិ ដើម្បី​បន្ត​ឈរ​នៅ​លើ​កំពូល​តារាង ដោយ​មាន​១២ពិន្ទុ ព្រោះ​នៅ​ថ្ងៃ​នេះ​ណាហ្គាវើល ត្រូវ​ជួប​ក្រុម​ព្រះ​វិហារ ដែល​បាន​សុំដក​ខ្លួន​ចេញ។ រីឯ​​​ក្រុម​ប៉ូលិស ក៏​អាច​នឹង​ឈ្នះ​បាន​៣ពិន្ទុ​ផងដែរ ព្រោះ​ពួក​គេ​ប៉ះ​ក្រុម​សៀម​រាបអង្គរ៕

កម្មវិធីប្រកួតទាំង៥គូ នៅរសៀល និងល្ងាចថ្ងៃពុធនេះ