ក្រីក្រ​ពេក​ប្រពន្ធ​រត់​ចេញពីផ្ទះ ប្តី​យំ​ឱប​កូន​ ៣​ នាក់​

6 Videos


រស់នៅយ៉ាវេទនាដោយសារតែជីវភាពប្រចាំថ្ងៃធ្លាក់ដុនដាបទៅៗ បណ្ដាលឲ្យស្ត្រីជាប្រពន្ធដាច់ចិត្តចុះចេញពីផ្ទះទៅបាត់ ដោយនាំយកកូនស្រីម្នាក់ទៅជាមួយ បន្សល់ទុកបុរសជាប្ដីដែលមានជំងឺប្រចាំកាយ ស្គមស្គាំង និង កូនប្រុសតូចៗចំនួន ៣ នាក់ ឱ្យរស់នៅយ៉ាងវេទនា ។

នៅពេលកូនៗយំឃ្លានបៅ និង ឃ្លានអាហារម្តងៗ បុរសជាប្តីសែនខ្លាចចិត្តឥតឧបមា ហេតុនេះគាត់ក៏អំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធសប្បុរសជននានាក្នុង និង ក្រៅប្រទេស រួមទាំងអង្គការឲ្យជួយ ព្រោះគ្មានលទ្ធភាពចិញ្ចឹមកូន និង សម្រេចចិត្តបីកូនប្រុសពៅអាយុទើបតែ ៤ ខែប៉ុណ្ណោះ ទៅប្រគល់ឲ្យអ្នកភូមិជួយចិញ្ចឹម ប៉ុន្តែអ្នកភូមិមិនហ៊ានទទួលចិញ្ចឹមទេ ព្រោះខ្លាចស្ត្រីជាម្ដាយត្រឡប់មកវិញរករឿង ។

រឿងដ៏កម្សត់នេះបានកើតឡើងនៅក្នុងខ្ទមបន្ទប់ជួលលើប្រឡាយតាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសហគមន៍ ភូមិសែនសុខទី ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បុរសជាប្ដីដ៏កម្សត់នេះបានរៀបរាប់ទាំងទឹកភ្នែកថា ប្រពន្ធរបស់គាត់ឈ្មោះ គុយ នីម មានវ័យ ៣០ ឆ្នាំ និង មិនមានការងារធ្វើនោះទេ ដោយអត់ទ្រាំរស់នៅ ជាមួយជីវភាពតោកយ៉ាកនេះមិនបាន នាងក៏សម្រេចចិត្តនាំយកកូនស្រីទី ២ ចុះចេញពីផ្ទះបាត់តាំងពីព្រឹកថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៦ មកម្លេះ ព្រោះថា ១ ខែៗរកលុយបានតែ ៦ ម៉ឺនរៀលមកបង់ថ្លៃបន្ទប់ជួលស្ទើរតែមិនបាន ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺមានកូនតូចៗក្នុងបន្ទុកផង ។ បញ្ហាជីវភាពតោកយ៉ាងបែបបនេះ នាំឱ្យប្តីប្រពន្ធរបស់គាត់មានភាពរកាំរកូសបន្តិចម្តងៗ ធ្វើឱ្យការរស់នៅប្រចាំថ្ងៃមិនចុះសម្រុងគ្នា ទើបប្រពន្ធរបស់គាត់សម្រេចចិត្តចុះចេញពីផ្ទះបែបនេះ ។

ក្រីក្រ​ពេក​ប្រពន្ធ​រត់​ចេញពីផ្ទះ ប្តី​យំ​ឱប​កូន​ ៣​ នាក់​

បុរសជាប្ដីដ៍កម្សត់នេះបានរៀបរាប់ទាំងទឹកភ្នែកទៀតថា គាត់មានឈ្មោះ ស៊ិន ណារិទ្ធ មានវ័យ ៣៧ ឆ្នាំ មានមុខរបរជួសជុលកង្ហារកំប៉ិកកំប៉ុកនៅផ្ទះដែលញាត្តិជិតខាងយកមកឲ្យធ្វើគ្រាន់បានដូរបាយហូប និង ចិញ្ចឹមកូនក្នុងបន្ទុកទាំងអស់ចំនួន ៥ នាក់ ក្នុងនោះមានប្រុស ៣ នាក់ និង ស្រី ២ នាក់ ដោយសារជីវភាពក្នុងគ្រួសារកាន់តែយ៉ាប់ទៅៗ ទាំងពីរនាក់ប្ដីប្រពន្ធក៏សម្រេចចិត្តយកកូនស្រីច្បងជាកូនទី ១ ទៅផ្ញើរនៅម្ដាយមីងដើម្បីឲ្យជួយចិញ្ចឹម ។ ចំណែកកូនស្រីទី ២ ត្រូវបានប្រពន្ធរបស់គាត់នាំយកទៅជាមួយ រីឯកូនប្រុសតូចៗ ៣ នាក់ទៀត រស់នៅជាមួយគាត់ ក្នុងនោះមានម្នាក់ជាកូនប្រុសពៅអាយុទើបតែ ៤ ខែប៉ុណ្ណោះ ។

ក្រីក្រ​ពេក​ប្រពន្ធ​រត់​ចេញពីផ្ទះ ប្តី​យំ​ឱប​កូន​ ៣​ នាក់​

បន្ទាប់ពីប្រពន្ធរបស់គាត់បានចុះចេញពីផ្ទះបាត់ទៅ ដោយគ្មានលទ្ធភាពទិញទឹកដោះគោ បុរសជាប្តីក៏សម្រេចចិត្តបីកូនប្រុសពៅអាយុទើបតែ ៤ ខែទៅប្រគល់ឲ្យអ្នកភូមិជួយចិញ្ចឹម ប៉ុន្តែអ្នកភូមិមិនហ៊ានទទួលចិញ្ចឹមទេ ព្រោះខ្លាចស្ត្រីជាម្ដាយត្រឡប់មកវិញ កើតមានរឿងរ៉ាវ ទើបបុរសដ៏កម្សត់នោះសម្រេចយកកូនតូចនោះទៅជួបមេភូមិ ដើម្បីសុំឲ្យមេភូមិជួយដោះស្រាយ ៕

                                                                                 សុថាត់